Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណជាង ៣០០លានដុល្លារ ដល់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) បានចុះហត្ថលេខានៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២  លើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (DOAG) រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារ សម្រាប់ ឆ្នាំទី១ នៃកិច្ចព្រមព្រៀង ៥ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៥  ដោយក្នុងនោះ ហិរញ្ញប្បទានប្រមាណ ៤១,៦លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និងហិរញ្ញប្បទាន ២០,៥លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៣៣៨លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈការអនុវត្តគម្រោងក្នុងវិស័យកសិកម្ម និងបរិស្ថាន ព្រមទាំងការពង្រឹងសេវាសុខភាព, អប់រំ និងគាំពារកុមារផងដែរ។

គិតចាប់តាំងពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណ ១,៧ពាន់លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាព ដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

គួរបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបន្តការគាំទ្រ និងប្តេជ្ញារួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាប័ន្ន និងចីរភាព ជាពិសេសសម្រាប់រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា៕

×