ភ្នំពេញ៖ ឯកឩត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលនាពេលអនាគត ទៅកាន់លោក Jyri Jarviaho ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសហ្វាំងឡង់ប្រចាំកម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
ឯកឩត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានឱ្យដឹងថា កម្ពុជានឹងមិនបន្តផ្តល់គម្រោងអភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មទៀតនោះទេ ក្រៅពីគម្រោង ដែលរដ្ឋាភិបាលបានសម្រេចរួចកាលពីឆ្នាំ២០១៩ ហើយនឹងជំរុញឱ្យមានការកែប្រែរោងចក្រធ្យូងថ្មទាំងនេះ មកជារោងចក្រដើរដោយឧស្ម័ន LNG វិញ។ ក្រសួង ក៏នឹងមិនអនុញ្ញាតឱ្យមានការសិក្សាវារីអគ្គិសនីនៅតាមដងទន្លេមេគង្គផងដែរ។ នេះជាការបេ្តជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុ និងការបន្ថែមប្រភពផលិតថាមពលស្អាតទៅក្នុងថាមពលចម្រុះកម្ពុជា។
គួរបញ្ជាក់ថា បើតាមឯកឩត្តម ស៊ុយ សែម បច្ចុប្បន្ន ក្រសួងបានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលរយៈវែងរហូតដល់ឆ្នាំ២០៤០ ហើយបានគិតគូរយ៉ាងគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅផ្គត់ផ្គង់ថាមពល អគ្គិសនីនៅកម្ពុជា ឱ្យបានគ្រប់គ្រាន់ មានគុណភាព មានស្ថេរភាព និងតម្លៃសមរម្យ ជាមួយនឹងការអភិវឌ្ឍថាមពលស្អាត និងចូលរួមប្រយុទ្ធប្រឆាំងការបំរែបំរួលអាកាសធាតុជាមួយអង្គការសហប្រជាជាតិ ក្នុងនោះ ប្រទសកម្ពុជា ជាប្រទេសមួយ ដែលបញ្ចេញឧស្ម័នកាបូនតិចតួចបំផុត៕