ភ្នំពេញ៖ កម្ពុជានៅតែមានសុទិដ្ឋិនិយមថា ទីផ្សារចិន នឹងបើកឡើងវិញ សម្រាប់វិស័យទេសចរណ៍អន្តរជាតិ នៅពេលដែលស្ថានការណ៍ Covid-19 នៅប្រទេសត្រូវបានគ្រប់គ្រង។
ប្រតិភូចំនួនបួនរូបនៃក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឩត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួម និងរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការមកទស្សនាកម្ពុជា ជាតំបន់ទេសចរណ៍ដ៏កក់ក្តៅ សុវត្ថិភាព ស្អាត និង បៃតង នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
តាមរយៈកម្មវិធីនេះ ក្រសួងទេសចរណ៍រំពឹងថា ការផ្លាស់ប្តូរនិន្នាការទេសចរណ៍ថ្មីនៃការចាក់វ៉ាក់សំាង និងធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ដោយផ្តោតលើភ្ញៀវទេសចរ ក្នុងអាស៊ាន ក៏ដូចជាទេសចរណ៍ប្រទេសកូរ៉េ ជប៉ុន ឥណ្ឌា និងប្រទេសអូស្ត្រាលី។ ក្រៅពីនេះ ក៏សង្ឃឹមអ្នកទេសចរមកពីទីផ្សារនៅអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា បើតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២២នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួន ២២ ម៉ឺននាក់ និងទេសចរក្នុងស្រុកប្រមាណ ៩ ម៉ឺននាក់ ដែលបានបង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។ ប្រទេសកម្ពុជា ត្រូវបានគេព្យាករថា នឹងទទួលបានភ្ញៀវទេសចរ រហូតដល់ ៨០ ម៉ឺននាក់ នៅចុងឆ្នាំ ២០២២នេះ៕