ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យម្ចាស់សិប្បកម្មនានាក្នុងខេត្ត បង្កើនការច្នៃប្រឌិតលើផលិតផលរបស់ខ្លួន ដើម្បីចាប់យកចំណែកទីផ្សារក្នុង និងក្រៅប្រទេស។
មន្រ្តីក្រសួងពាណិជ្ជកម្ម រូមជាមួយអាជ្ញាធរខេត្ត បានធ្វើការផ្សព្វផ្សាយដោយជំរុញឲ្យអ្នកផលិត និងកែច្នៃផលិតផល ក្នុងខេត្ត ខិតខំពង្រឹងគុណភាព និងកែលំអសោភ័ណភាពផលិតផលរបស់ខ្លួន ដោយអនុលោមតាមបទដ្ឋានស្តង់ដារ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
ការផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្មធ្វើឡើងតាមរយៈកម្មពិធីសិក្ខាសាលាស្តីពី «ការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផលក្នុងការស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស» នៅតាមខេត្ត ដូចជាខេត្តកំពត និងខេត្តកែប ដែលនៅជាប់មាត់សមុទ្រ។
មន្រ្តីអាជា្ញធរខេត្ត លើកឡើងថា ការជម្រុញនេះ ក្នុងគោលបំណងបង្កើនភាពជឿជាក់ក្នុងការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែច្បាស់ពីលិខិតបទដ្ឋានគតិយុត្តិនានា នីតិវិធីនាំចេញ និងតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យផលិតផលកាន់តែមានគុណភាព និងសោភ័ណភាពស្របតាមស្តង់ដារជាតិ-អន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេសឲ្យកាន់តែច្រើនថែមទៀត។
សូមជម្រាបថា បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កុមសល្យ មានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានខិតខំកសាងលិខិតបទដ្ឋានគតិយុត្តជាច្រើន ក្នុងគោលបំណងជំរុញ និងគាំពារ ការបង្កើនផលិតកម្ម ពង្រីកទីផ្សារនាំចេញ និងពង្រឹងទីផ្សារក្នុងស្រុក ដើម្បីបង្កើនល្បឿនសមាហរណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឲ្យកាន់តែធំទូលាយ ដូចនេះយើងត្រូវមានការជំរុញពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផលក្នុងស្រុក ឲ្យគិតគូរទៅលើគុណភាព និងសុវត្ថិភាព តម្លៃ ការវេចខ្ចប់ ស្តង់ដារ បរិមាណ ម៉ាក់/យីហោ កាលបរិច្ឆេទ លេខបាកូដ និងសេវាកម្ម ជាដើម។ល៕