Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តួចផ្តើមយុទ្ធនាការបរិច្ចាគឈាម សង្រ្គោះជីវិតខ្ញុំ

ភ្នំពេញ៖​ ខណៈតម្រូវការឈាម ដើម្បីសង្រ្គោះអាយុជីវិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យ​ធនាគារ  និងសមាគមធនាគារកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធ នាការ បរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ»។ កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ អគារខេមរានី វិថីវិចិត្រសិល្បៈ ខណ្ឌជ្រោយចង្វារ ដោយមានអ្នកចុះឈ្មោះចូលរួមសរុបប្រមាណជាង ៧០០នាក់។ បន្ថែមពីលើការបរិច្ចាគឈាម សមាគមីក្រូហិរញ្ញវត្ថុ​កម្ពុជានឹងបរិច្ចាគថវិកាចំនួន ៤ម៉ឺនរៀលបន្ថែម សម្រាប់ឈាមមួយប្លោកជូនដល់​មន្ទីរពេទ្យ​គន្ធបុប្ផាផងដែរ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាមនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាន៍ថា៖ « ក្រោមកិច្ចសហការពីស្ថានប័នទាំងបួន យុទ្ធនាការបរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ» មានគោលបំណងធំៗ ចំនួនបីគឺ៖ ទី១. កៀរគរការបរិច្ចាគឈាមពីបុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីជួយសង្គ្រោះជីវិត អ្នកដែលមានតម្រូវការឈាមបន្ទាន់ ទី២. បរិច្ចាគថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង ទី៣. លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។ »

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានប្រៀបធៀបសារៈសំខាន់របស់វិស័យធនាគារ ទៅនឹងឈាម ដោយបានបញ្ចាក់ថា៖ «វិស័យធនាគារ ត្រូវបានប្រៀបធៀបជាបេះដូងនៃសេដ្ឋកិច្ចជាតិ។ ហេតុដូចនេះ ការផ្តល់សេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រៀបដូចជាសសៃឈាម ដែលនាំឈាមទៅចិញ្ចឹមរូបកាយរបស់មនុស្ស។ វិស័យធនាគារ ក៏បាននិងកំពុងចូលរួមការងារមនុស្សធ៌មជាច្រើន ដូចជា ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ខារចនាសម័្ពន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស និងការងារមនុស្សធ៌មផ្សេងៗទៀតជាដើម។ ដោយពិនិត្យឃើញថា តម្រូវការឈាមនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ខណៈដែលអ្នកបរិច្ចាគឈាមមិនបានគ្រប់គ្រាន់តាមតម្រូវការ ទើបថ្ងៃនេះ យើងជួបជុំគ្នាចូលរួមយុទ្ធនាការស្តីពី “សង្គ្រោះជីវិតខ្ញុំ” និងបន្ថែមជាមួយការប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។»

លោកជំទាវ តិមា វិច្ឆិកាល សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាង  ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងថា៖«ការចូលរួមពីគ្រប់កោសិការបស់សង្គមកម្ពុជាក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ​ គឺជាចលនាសង្គ្រោះ អាយុជីវិតរបស់ប្រជាជន និងកុមារ ដែលកំពុងមានតម្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត។» លោកជំទាវ ក៏បានបន្ថែមផងដែរថា៖ «យុទ្ធនាការបរិច្ចាគឈាម និង ការបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ នឹងវិវត្តក្លាយទៅជាចលនាជាតិ ដែលមានភាពសកម្មរស់រវើក និងរីកសាយភាយទូទាំងផ្ទៃប្រទេស ដើម្បីជាចំណែកនៃការចូលរួមលើកកម្ពស់មនសិការខ្មែរជួយខ្មែរ និងស្មារតីនៃវប្បធម៌ចែករំលែក ព្រមទាំងធានាឱ្យបាននូវខឿនសុវត្ថិភាពនៃ​ វិស័យសុខភាពសាធារណៈ ក្នុងគោលដៅអភិវឌ្ឍន៍គុណភាពធនធានមនុស្សដែលមានភាពធន់ និងរឹងមាំសម្រាប់អនាគតកម្ពុជា។»

លោក ដុស ឌីន ប្រធានគណកម្មការទំនាក់ទំនងសាធារណៈ និងកិច្ចការសង្គម និង ជាសមាជិកក្រុមប្រឹក្សា​ភិ​បាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំបាទ​​​សង្ឃឹម​ថាការ​​​ចូលរួម​កិច្ចការសង្គមនាថ្ងៃនេះ នឹងជាក្លាយជាចំណែកមួយទៀតសម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការជួយ​ដល់ប្រជាជនកម្ពុជា ដូចដែលយើងបាននិងកំពុងធ្វើជាងបីទសវត្សរ៍ក្នុងការជួយឱ្យប្រជាជនកម្ពុជាបង្កើនជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវ។»

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ វិស័យនេះមានឫសគល់ នៅក្នុងការ បម្រើបេសកម្មសង្គម ដើម្បីធ្វើឱ្យប្រទេសមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព  និងបង្កើតឱកាសដល់ ប្រជាជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ  ដែលមានការការពារ អតិថិជន ដែលក្នុងន័យនេះវិស័យបានរួមចំណែក  ក្នុងការលើកកម្ពស់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ ក្នុងប្រទេសកម្ពុជា៕

spot_img
×