ភ្នំពេញ៖ បញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្ក្រាម នៅកម្ពុជា គឺជាលទ្ធផលបន្សល់ទុកពីជម្លោះផ្ទៃក្នុង និងនៅក្នុងតំបន់ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងឆ្នាំ១៩៩៨។ យោងតាមការស្រាវជ្រាវស្តីពីផលប៉ះពាល់នៅទូទាំងប្រទេសក្នុងឆ្នាំ២០០៨ ភូមិចំនួន៦.៤១៦ស្នើនឹង៤៦ភាគរយ នៃភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីទំហំ៤.៥៤៤គីឡូម៉ែត្រក្រឡា ត្រូវបានចាត់ទុកជាតំបន់សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុបចំនួន៦៤.៧២០នាក់ ទាំងយោធា និងជនស៊ីវិល ដែលបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ នេះបើតាមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក្នុងឱកាសបើកសន្និបាតជាតិវិស័យបច្ចេកទេសមីន ឆ្ពោះទៅរកកម្ពុជា ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកបានប្តថា សន្និបាតនេះ គឺជាឱកាសសម្រាប់ប្រតិបត្តិករ និងបុគ្គលដែលបំរើការងារលើវិស័យបោសសម្អាតមីនបានជួបជុំ និងចែករំលែកភាពស្និទ្ធស្នាល ក៏ដូចជា បង្ហាញនូវសមិទ្ធផល ចេញពីការខិតខំប្រឹងប្រែងអស់រយៈពេល២៥ឆ្នាំ ដោយបានរំដោះផ្ទៃដីប្រមាណ១.៧០០គីឡូម៉ែត្រការ៉េ ផ្តល់នូវសុវត្ថិភាពក្នុងការរស់នៅ ការប្រកបការងារ ការធ្វើដំណើរ និងការលេងកីឡាជូនដល់សហគមន៍។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកនេះ បានលើកឡើងថា កម្ពុជាពិតជាបានឆ្លើយតបទៅនឹងវិស័យសកម្មភាពមីននៅកម្ពុជារយៈពេល២៥ឆ្នាំ ដោយបានមើលឃើញពីការទទួលផលពីដីចំការមីន ទៅជាដីបង្កបង្កើនផលយ៉ាងគំហុក។ លើសពីនេះផ្ទៃដីដែលបានរំដោះគ្រាប់មីន ឬគ្រាប់សំណល់មិនទាន់ផ្ទុះ ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបានការចិញ្ចឹមជីវិតយ៉ាងល្អប្រសើរផងដែរ។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការគិតគូការអភិវឌ្ឍ ការរីកចម្រើន ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយជាងការគិតគូពីអតីតកាលដែលកម្ពុជា បានរងគ្រោះដោយសារមីនពីប្រទេសដទៃ។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ សម្រាប់វិស័យសកម្មភាពមីន រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតឈានទៅដល់ការកាត់បន្ថយភាពក្រីក្រ នៅតាមតំបន់ ដែលជាទីតាំងសម្បូរដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះក្នុងសង្គ្រាម។
លោក Nick Beresford នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្តេជ្ញាគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី១៨ របស់ប្រទេសកម្ពុជា គឺកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ។ នេះគឺជាគោលដៅដ៏មានមហិច្ឆតាមួយដែលយើងនឹងអាចសម្រេចបាន។ វាបានរំលឹកយើងអំពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាបន្តនៅក្នុងវិស័យនេះ។ សកម្មភាពមីនបង្កើតមូលដ្ឋានគ្រឹះដែលអាចកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមីន ដើម្បីសម្រេចបាននូវគោលដៅជាប្រវត្តិសាស្ត្រនេះ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី ស្វ៊ីស និងកាណាដា។ សន្និបាតនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យើងឆ្លុះបញ្ចាំង រៀនសូត្រ និងសម្រេចបានការងារនៅឆ្នាំ២០២៥ ។
រយៈពេល២៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានធ្វើការបោសសម្អាតផ្ទៃដីសង្ស័យ និងកាត់បន្ថយគ្រោះថ្នាក់បានយ៉ាងច្រើន។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ផ្ទៃដីទំហំ១.៧០០គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត គ្រាប់មីន ចំនួនប្រមាណ១,២៥លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួនប្រមាណ២,៧លានគ្រាប់ ត្រូវបានកម្ទេចចោល។ ទោះជាយ៉ាងណាក្តី កម្ពុជានៅមានផ្ទៃដីដែលរងផលប៉ះពាល់ប្រមាណ២.០០០គីឡូម៉ែត្រការ៉េទៀតដែលត្រូវបោសសម្អាត។
ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍នានា បានទទួលស្គាល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការដោះមីន និង ស.ផ.ស នៅកម្ពុជា ក៏ដោយ យើងបានប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល២០០០គីឡូម៉ែត្រក្រឡា នៅមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ៕ ដោយ៖បញ្ញាស័ក្តិ