ភ្នំពេញ៖ សម្តីរបស់មេដឹកនាំអង្គការសង្គមស៊ីវិលដោះមីនបរទេសខ្លះនៅកម្ពុជានិយាយរិះគន់លើយន្តការផែនការដោះមីន របស់រាជរដ្ឋាភិបាលកម្ពុជា ហើយថែមទាំងលើកឡើងថា គ្រាប់មីននៅកម្ពុជាស្អុយ និងខូចគុណភាពអស់ហើយនោះ ករណីនេះត្រូវបានលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់CMAC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមកប្រតិកម្មថា ប្រសិនបើគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះនៅកម្ពុជា ស្អុយអស់ហើយមែននោះ ហេតុអ្វីក៏ពួកវាចាំបាច់បើក NGO នៅកម្ពុជាធ្វើអ្វី? ហើយលោកបានស្នើដល់អាជ្ញាធរពាក់ព័ន្ធចាត់វិធានការសមស្រប ចំពោះបុគ្គលបរទេសទាំងនោះ។
លោក ហេង រតនា បានបញ្ជាក់ក្នុងផេកហ្វេសប៊ុកផ្លូវការ កាលពីល្ងាចថ្ងៃទី១៦ខែឧសភានេះថា “ខ្ញុំតែងតែឮមេដឹកនាំNGOដោះមីនបរទេសខ្លះនៅកម្ពុជា (ហើយថ្ងៃនេះ ១៦ ឧសភា ២០១៨ លើកឡើងទៀត) និយាយរិះគន់យន្តការរៀបចំផែនការដោះមីន របស់រាជរដ្ឋាភិបាល ដែលមិនសមតាមចិត្តវា និងបញ្ជាក់ថាគ្រាប់មីននៅស្រុកខែ្មរស្អុយ ខូចគុណភាពអស់ហើយ តែឃើញមុខពួកនេះដដែលៗ នៅតែមកធ្វើការនៅស្រុកខែ្មរ បើគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ វាស្អុយអស់ហើយ ពួកវាចាំបាច់បើកNGOនោះធ្វើស្អី? តើហេតុស្អីឈាមប្រជាជនខែ្មរ នៅតែហូរ ដោយគ្រាប់មីន និងគ្រាប់ទាំងនោះ។ បើវាស្អុយហេតុអី ក្នុងឆ្នាំ២០១៧ កន្លងមក មានគ្រាប់មីនផ្ទុះរបួស-ស្លាប់ អ្នកដោះមីនជាកូនខែ្មរ ក្នុងអង្គការរបស់វានោះ អស់៤-៥នាក់ មិនទាន់ទាន់ស៊ើបអង្កេត និងដោះស្រាយឱ្យបានសមស្របផង”។
លោក ហេង រតនា បានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងសន្និបាតជាតិវិស័យសកម្មភាពមីន អង្គការ NGO ដោះមីនបរទេសនោះ បានលើកឡើងដោយគ្មានមូលដ្ឋានជាថ្មីម្តងទៀត ថាគ្រាប់មីននៅកម្ពុជាស្អុយ និងខូចគុណភាពអស់ហើយ។ អគ្គនាយកស៊ីម៉ាក់ បានចាត់ទុកថា ការបញ្ជាក់បែបនេះរបស់ពួកគេ គឺបំផ្លាញគោលនយោបាយរបស់រាជរដ្ឋាភិបាល ងាយបង្កគ្រោះថ្នាក់ដល់អ្នកដោះមីនផង ដល់ប្រជាពលរដ្ឋខែ្មរ និងបំពុលដៃគូអភិវឌ្ឍន៍ផងដែរ។ “ខ្ញុំសុំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនយកចិត្តទុកដាក់ និងចាត់វិធានការសមស្រប ចំពោះបុគ្គលបរទេសបែបនេះ។ ព្រោះវានាំដល់ការបំផ្លាញ គោលនយោបាយ របស់រាជរដ្ឋាភិបាល ងាយបង្កគ្រោះថ្នាក់ ដល់អ្នកដោះមីនផង ដល់ប្រជាពលរដ្ឋខែ្មរ និងបំពុលដៃគូរអភិវឌ្ឍន៍ផងដែរ។ តើពួកគេអាចដឹកនាំអង្គការដោះមីននោះបានឬទេ បើគេយល់ថា គ្រាប់មីន និងគ្រាប់ទាំងនោះ វាស្អុយអស់ទៅហើយនោះ? ” លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ ក្នុងរយៈពេល២៥ឆ្នាំជាងនេះ ធ្វើការងារកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនផ្ទុះ បានជាង២លាន៧សែនគ្រាប់ និងធ្វើការងារសង្គមច្រើនណាស់ មិនអាចអធិប្បាយ និងដាក់បង្ហាញឱ្យអស់សេចក្តីទេ។ វិស័យមីនចូលដល់ដំណាក់កាលថ្មី ហើយដែលត្រូវទម្លាក់កម្ពស់ និងត្រៀមរកកន្លែងចុះចត។ នេះជាជោគជ័យធំធេងណាស់ របស់រាជរដ្ឋភិបាល ក្នុងការដឹកនាំរំដោះខ្លួន ពីឃាតករគ្មានឈាមជាសំណល់ពីសង្គ្រាម ដែលបន្តបង្កឱ្យឈាមខែ្មរហូរ ទឹកដីដ៏ស្រស់បវរ នៅតែបន្តភ័យខ្លាច ដោយសារមរតកនៃសង្គ្រាម។
លោក ហេង រតនា បានបញ្ជាក់ថា កម្ពុជាមានបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមមាន៤ប្រភេទសំខាន់គឺ៖ ១ គ្រាប់មីន មានគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មីនតោន ហើយគ្រាប់មីនប្រឆាំងមនុស្ស ស្ថិតក្រោមអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគីដែរ និងមានកាតព្វកិច្ចបញ្ចប់ត្រឹមឆ្នាំ២០២៥។ ឆ្នាំ២០១៩ ខាងមុខកម្ពុជា ត្រូវដាក់សំណើរទៅអង្គការសហប្រជាជាតិ ដើម្បីសុំពន្យារពេលដល់២០២៥។ គ្រាប់មីនតោនមិនស្ថិតក្រោមអនុសញ្ញាទេ។
២ គ្រាប់បែកចង្កោម កម្ពុជាទទួលរងគ្រោះប្រមាណជាង២៨លានកូនគ្រាប់បែកចង្កោម ដែលកម្ពុជាមិនមែនរដ្ឋភាគីទេ តែកម្ពុជាកំពុងខិតខំបោសសំអាតដែរ។ ៣ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទទាំងគ្រាប់កាំភ្លើងធំ គ្រាប់បែកទម្លាក់ពីយន្តហោះ និងយុទ្ធភណ្ឌនានា។ ៤ គ្រាប់បែកជាអាវុធគីមី ដែលនៅតាមបណ្តាខេត្ត ជាប់ព្រំដែនវៀតណាមមួយចំនួន៕ ដោយ៖បញ្ញាស័ក្តិ