ខណៈដែលម្ដាយធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរថ្ងៃមកហើយនេះ តារាច្រៀង ស៊ឹម ថៃណា ហាក់ដូចជាកំពុងសោកសៅយ៉ាងខ្លាំង ព្រមទាំងកន្លងមកកញ្ញាធ្លាប់បានបង្ហោះលក់ផ្ទះតាមរយៈគណនីហ្វេសប៊ុករបស់កញ្ញាទៀតផង ដើម្បីយកលុយព្យាបាលជម្ងឺម្ដាយ ។
ជាថ្មីម្ដងទៀតនេះ ស្រាប់តែថ្ងៃនេះ តារាចម្រៀងស្រីខាងលើ បានបង្ហោះសារមួយនិយាយទាក់ទងពីការអាក់អន់ចិត្តរបស់នាង ជាមួយមន្ទីរពេទ្យដ៏ធំប្រចាំស្រុកខ្មែ រដ្ឋពាក់កណ្ដាល ឯកជនពាក់កណ្ដាល មួយកន្លែង ដែលនាងអះអាងថា ពុំយកចិត្តទុកដាក់ជាមួយអ្នកជម្ងឺ ក៏ដូចជាគ្មានសីលធម៌ ។
នេះជាសារលម្អិតរបស់ ស៊ឹម ថៃណា «តួនាទីរបស់គ្រូពេទ្យគឺ ត្រូវមើលថែរអ្នកជំងឺអោយដិតដល់អស់ពីដៃពីជើង ទោះបីអ្នកជំងឺជាអ្នកក្ររឺអ្នកមាន អ្នកស្រែ រឺអ្នកក្រុងក៏ដោយ ព្រោះថាអាយុជីវិតរបស់អ្នកជំងឺទាំងអស់គឺនៅក្នុងកណ្តាប់ដៃគ្រូពេទ្យ បើធ្វេសប្រហែសតែមួយវិនាទី នោះ អ្នកជំងឺនឹងអាចមានបញ្ហាធំ រាល់សកម្មភាពព្យាបាល និងមើលថែរអ្នកជំងឺវាក៏ត្រូវផ្សារភ្ជាប់មកជាមួយនឹងពាក្យសំដី អាកប្បកិរិយា សីលធម៌ ភាពទន់ភ្លន់ ភាពរួសរាយ រាក់ទាក់ ព្រោះថាខ្មែរយើងទន់ភ្លន់ណាស់ អារម្មណ៍អ្នកជំងឺគ្រប់គ្នា ពេលដែលពួកគាត់បានចូលដល់មន្ទីរពេទ្យគឺពួកគាត់កក់ក្តៅណាស់ ដែលបានស្ថិតក្រោមការមើលថែររបស់គ្រូពេទ្យជំនាញ ព្រោះគាត់ជឿជាក់ថាគាត់នឹងអាចជាធូរស្បើយពីជំងឺ ហើយឆាប់បានត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ។ សំដីពិតរបស់ម្តាយខ្ញុំ ( បើទុកអញនៅហ្នឹង2ថ្ងៃទៀត អញពិតជាងាប់ហើយ) (បន្ទប់សង្គ្រោះបន្ទាន់) ។ ដូច្នេះសូមសំណូមពរទៅដល់គ្រូពេទ្យគ្រប់រូបទាំងអស់ថា សូមមេត្តាបំពេញតួនាទីរបស់ខ្លួនអោយបានល្អបំផុត សូមគិតថាជីវិតគេដូចជីវិតយើង គេក៏ចង់រស់ដូចយើង គេក៏មិនចង់ឈឺដូចយើងអោយតំលៃជីវិតអ្នកដទៃគឺអោយតំលៃជីវិតខ្លួនឯង» ៕ សាវុធ