បាត់ដំបង៖ ករណីប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍ នៅឃុំរកា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងជំរុញឲ្យមន្ត្រីគ្រប់ផ្នែក នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹង និងយកចិត្តទុកដាក់ មើលថែទាំប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺអេដស៍ នៅឃុំរកា ស្រុកសង្កែ ឲ្យបានល្អបន្ថែមទៀត។
រសៀលថ្ងៃ ព្រហស្បតិ៍ទី ១៧ ខែឧសភា ឆ្នាំ២០១៨ ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយជំងឺអេដស៍ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោម អធិបតីភាព លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
លោក វង សូត បានបន្ថែមថា ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំងឺអេដស៍ នៅឃុំរកា ចំនួន២៦៩នាក់ ស្មើនឹង១២០គ្រួសារ ជាករណី ដែលត្រូវ យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវមើលថែទាំ លើសុខភាពរបស់ពួកគាត់ឲ្យបានល្អ តាមដានពីសុខភាព និងភាពខ្វះខាតរបស់ ប្រជាពលរដ្ឋ និងជួយឲ្យបានទាន់ពេលវេលា តាមដែលអាចធ្វើបាន ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានជំរុញ និងបង្កលក្ខណៈងាយស្រួលទៅដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដ៏មានសារសំខាន់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពសង្គមឲ្យកាន់តែល្អប្រសើរឡើង ដោយផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមមាន ជនរងគ្រោះ និងងាយរងគ្រោះ ជនពិការ ជនអនាថា ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា កុមារងាយរងគ្រោះ អតីតយុទ្ធជន និងអតីតនិវត្តជនជាដើម ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះនៅឃុំរកានេះ។
ជាមួយគ្នានោះ លោក គឹម តេង ប្រធានមន្ទីរសង្គមកិច្ចប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ការដោះស្រាយករណីព្រឹត្តិការណ៍ ដ៏គួរឲ្យរន្ធត់ ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍ នៅឃុំរកាចំនួន២៦៩នាក់ ស្មើនឹង១២០គ្រួសារ ជាករណីដែលត្រូវ យកចិត្តទុកដាក់ខ្ពស់បំផុត។ កន្លងមកមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង បានសហការដោយផ្ទាល់ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ចូលរួមឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់ ស្របជាមួយ ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ អង្គភាព អង្គការ ដៃគូពាក់ព័ន្ធ រួមនឹងស្បៀងសម្ភារ និងថវិកាមួយចំនួនផងដែរ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានពង្រឹងយន្តការ រៀបចំមណ្ឌលសុខភាព នៅឃុំរកានេះឡើងវិញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ក្នុងឃុំឲ្យបានទាន់ពេលវេលា។
បុគ្គលិកសុខាភិបាល នៃមណ្ឌលសុខភារកា បានថ្លែងថា បញ្ហាសុខភាពរបស់អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា បានល្អប្រសើរជាងកាលពីឆ្លងមេរោគពីដំបូង គឺពួកគាត់មានសុខភាពប្រហាក់ប្រហែលនឹងពលរដ្ឋដែលមានសុខភាពធម្មតា ដោយពួកគាត់មកទទួលថ្នាំពន្យារទៅលេបដោយទៀងទាត់។
អ្នកភូមិរកាជិត បីរយនាក់បានផ្ទុកមេរោគអេដស៍ ហើយក៏មានអ្នកជំងឺអេដស៍មួយចំនួន បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតស្លាប់ជាច្រើននាក់ផងដែរ។ ករណីនេះ ជាការឆ្លងរីករាលដាលធំបំផុតនៅកម្ពុជាដោយសារតែការធ្វេសប្រហែសរបស់គ្រូពេទ្យដែលគ្មានសញ្ញាបត្រម្នាក់។ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង កាលពីដើមខែធ្នូ ឆ្នាំ២០១៥ សម្រេចផ្ដន្ទាទោសលោកគ្រូពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារ ២៥ឆ្នាំ ពាក់ព័ន្ធការចម្លងមេរោគអេដស៍ដល់អ្នកភូមិរកា។
ក្រុមអ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា បានថ្លែងថា ពួកគាត់លេបថ្នាំពន្យារអាយុជីវិតតាមបញ្ជារបស់គ្រូពេទ្យជារៀងរាល់ថ្ងៃ មិនដែលខកខានឡើយ។ បើទោះជាយ៉ាងនេះក្ដី ពួកគាត់អំពាវនាវឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ចុះសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់ពួកគាត់ឲ្យបានរៀងរាល់ខែ៕ ដោយ៖បញ្ញាស័ក្តិ