តាម BBC នោះសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) បានរងការរិះគន់យ៉ាងចាស់ដៃ ដោយសារតែមាតិការមួយត្រូវបានដាក់បញ្ចូលក្នុងកូនសៀវភៅណែនាំផ្តល់ដល់អ្នកកាសែត ចូលរួមក្នុងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នូវ “វិធីញ៉ែស្រីរុស្ស៊ី” ។
BBC ដដែលឲ្យដឹងថា ខ្លឹមសារនោះទូន្មានឲ្យអ្នកកាសែតអាហ្សង់ទីន “គប្បីមានរូបរាងខាងក្រៅស្អាត ក្លិនក្រអូប និងស្លៀកពាក់ឲ្យសង្ហារ” ដើម្បីបង្កចំណាប់អារម្មណ៍ជាមួយនារីរុស្ស៊ី ហើយត្រូវមានវិធីប្រាស្រ័យទាក់ទងនឹងមុខសញ្ញារបស់ខ្លួនឲ្យបាន “ត្រឹមត្រូវ” ។
ខ្លឹមសារមាតិការកត់ត្រាក្នុងកូនសៀវភៅនោះគឺ ៖ “ព្រោះថាស្ត្រីរុស្ស៊ីស្អាតណាស់ មានបុរសជាច្រើនប្រាថ្នាចង់រួមដំណេកជាមួយពួកគេ” ។ ពួកគេក៏អាចចូលចិត្តរឿងនេះដែរ ប៉ុន្តែពួកគេតែងចង់ឲ្យគេចាត់ទុកថា ពួកខ្លួនសំខាន់ និងអស្ចារ្យ ។ កុំសួរសំណួរផ្តេសផ្តាសអំពីការរួមភេទ ។ ចំពោះជនជាតិរុស្ស៊ី គេចាត់ទុកបញ្ហានេះមានភាពឯកជនណាស់ ហើយពុំត្រូវយកវាមកជជែកបើកចំហនោះទេ ។
កូនសៀវភៅរបស់ AFA ទូន្មានឲ្យអ្នកកាសែតប្រុសទាំងឡាយ បើចង់ញ៉ែស្ត្រីរុស្ស៊ី គឺត្រូវស្លៀកពាក់ឲ្យបានស្អាតបាត ។ ខ្លឹមសារណែនាំនេះបង្កនូវរលករិះគន់ប្រឆាំងយ៉ាងខ្លាំងក្លាលើបណ្តាញសង្គម ។ ទ្រាំលែងបាន AFA បានកាត់ចោលមាតិការនេះ រួចធ្វើការសុំទោសព្រមទាំងអះអាងថា ខ្លឹមសារខាងលើបណ្តាលមកពីការ “បោះពុម្ពច្រឡំ” ៕ ចន្ទ្រា