ភ្នំពេញ ៖ វត្ថុបុរាណដែលជាសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក នារយៈពេលកន្លងមក ត្រូវបានអាជ្ញាធរអាមេរិករឹបអូសពីឈ្មួញប្រគល់ជូនមកកម្ពុជាវិញ, ហើយត្រូវបានអញ្ជើញទទួលយកមករៀបចំថែរក្សាទុកដាក់ ដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅសារមន្ទីរជាតិភ្នំពេញ ព្រមទាំងមានការនិមន្ដចូលរួមពីសំណាក់ព្រះសង្ឃសូត្រជយន្តោ ប្រោះព្រំ សុំសិរីសួស្តី។
សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មេនហាថេន ក្រុងញូវយ៉ក និងការិយាល័យស៉ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា និងយោងលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មេនហាថេន ក្រុងញូវយ៉ក។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរខាងលើនេះ មានព្រះបដិមាសំខាន់ៗមួយចំនួន ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ ដូចជា ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង ២៧រូប នេះ ត្រូវបានបញ្ចូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សម្អាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា សម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យអរិយធម៌ដ៏រុងរឿងនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម និងអសន្តិសុខកន្លងមក។ ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសក្នុងការសហការស្វែងរក និងនាំយកកេរមរតកខ្មែរ ដែលបានបាត់បង់ទាំងនេះ ត្រឡប់មកកាន់មាតុភូមិកំណើតវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN