ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ បំណុលសាធារណៈរបស់កម្ពុជា មានប្រមាណ ៩,៨១ ប៊ីលានដុល្លារ ក្នុងនោះ បំណុលទ្វេភាគី មានប្រមាណ ៦៨% និងបំណុលពហុភាគីមាន ៣២%។
រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងមានហានិភ័យកម្រិតទាបដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាពីកត្តាខាងក្រៅក្តី។
ព្រឹត្តិប័ត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយ បានបង្ហាញថាក្នុងចំណោមបំណុល ៩,៨១ប៊ីលានដុល្លារនេះ កម្ពុជាជំពាក់ចិនប្រមាណ ៤១% ដែលមានចំនួន ៣៩៩៣,៨៦លានដុល្លារ, បារាំង ចំនួន៤៧០,៥៩លានដុល្លារ ស្មើនឹង ៥%, ជប៉ុនចំនួន ១០២០,៧៣លានដុល្លារ ដែលស្មើនឹង ១០% និងកម្ចីពីដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌពហុភាគីមានចំនួន ៣២% ក្នុងទំហំទឹកប្រាក់ ៣១២០,៣៧លានដុល្លារ និងក្រៅពីនោះ គឺកម្ចីពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងបំណុលមរតក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងទៀតថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានដូចជា ក្របខ័ណ្ឌគតិយុត្ត គោលនយោបាយយុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ ព្រមទាំងប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គ្រប់ គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល ជាដើម។
សូមជម្រាបថា មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា បំណុលដែលរដ្ឋខ្ចីពីបរទេសទាំងនេះ គឺត្រូវបានប្រើប្រាស់យ៉ាងប្រុងប្រយ័ត្ន និងចំគោលដៅសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រួមមាន៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី កំពង់ផែ ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍធនធានមនុស្ស រួមទាំងវិស័យអាទិភាពចាំបាច់សំខាន់ៗមួយចំនួនទៀតជាច្រើន៕