Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែឧសភា ឆ្នាំ២០២២នេះ អតិផរណាកម្ពុជា មានកំណើនជាង ៦%

ភ្នំពេញ៖ កម្ពុជា មានកំណើនអតិផរណាជាង ៦ភាគរយ ក្នុងខែឧសភា ឆ្នាំ ២០២២នេះ (ឆ្នាំលើឆ្នាំ) ដែលអត្រាកំណើននេះហាក់ថមថយបន្តិចមកវិញពី ៧,២ភាគរយ នៅក្នុងខែមេសា ឆ្នាំដដែលនេះ។

បច្ចុប្បន្នបណ្តាប្រទេសនានានៅលើពិភពលោក ក៏កំពុងប្រឈមនឹងការហក់ឡើងនៃកម្រិតអតិផរណាផងដែរដោយសារការកើនឡើងខ្ពស់នៃតម្លៃថាមពល និងម្ហូបអាហារ ដែលធ្វើឲ្យប្រទេសមួយចំនួន ឈានទៅរកការជួបវិបត្តិសេដ្ឋកិច្ច ដោយសារការធ្លាក់ចុះទុនបម្រុងអន្តរជាតិ និងពុំមានលទ្ធភាពសងបំណុលបរទេសដ៏ច្រើនរបស់ខ្លួន។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការកើនឡើងនៃអត្រាអតិផរណានេះ បណ្តាលមកពីកើនឡើងតម្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងទំនិញប្រើប្រាស់ ដែលកើតចេញពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងគោលនយោបាយរឹតត្បិតប្រឆាំងកូវីដ១៩។ លោកជំទាវ បានបញ្ជាក់ថា ដើម្បីទប់ទល់នឹងការហក់ឡើងខ្ពស់នៃអតិផរណា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការជាច្រើនដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់លើទីផ្សារ ដែលធ្វើឲ្យសាធារណជនបន្តមានជំនុកចិត្តលើប្រាក់រៀល។

លោកជំទាវ បានអះអាងថា បច្ចុប្បន្នកម្ពុជាមានទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវាកម្មបានប្រមាណជាង ៨ខែ ពោលគឺខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ ទោះបីជាយ៉ាងណាលោកជំទាវបណ្ឌិត ជា សិរី មានសុទិដ្ឋនិយមថា កម្រិតអតិផរណានៅកម្ពុជា អាចនឹងធ្លាក់ចុះទាបបន្តិចម្តងៗនាបណ្តាខែខាងមុខនេះ ក្នុងពេលដែលវិស័យផលិកម្មនៅក្នុងស្រុកមានការកើនឡើង ជាពិសេសទិន្នផលកសិកផល។

ការព្យាកណ៍របាស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២២នេះ អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងរង្វង់ ៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់ ២,៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។ ហើយអត្រាប្តូរប្រាក់ក៏រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៤.០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល៕

spot_img
×