ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនក្រុមចាស់ស្ទាវមួយក្រុម ដែលបានព្រួតគ្នាវាយជនជាតិបរទេសម្នាក់ នៅមុខក្លឹប Ponton នៅមុខផ្សារសូរិយាម៉ល ខណ្ឌដូនពេញ ដែលគេសង្ស័យថាមានជម្លោះរឿងស្នេហា។ ហើយត្រូវបានគេចែកចាយ វីដេអូពេញបណ្ដាញសង្គមហ្វេសប៊ុកលាយឡំជាមួយការរិះគន់យ៉ាងចាស់ដៃផងដែរ។ បណ្ដាញសង្គមហ្វេសប៊ុក និយាយថា រឿងនេះផ្តើមឡើងដោយ បុរសម្នាក់ដែលពាក់អាវយឺតស ដែលមានសភាពស្រវឹងជោកជាំ មកវាយស្ត្រីម្នាក់ ដែលដើរជាមួយជនបរទេសរូបនោះ ហើយតាមពិត បុរសពាក់អាវយឺតស និងស្ត្រីនោះ គឺជាអតីតប្តីប្រពន្ធ ហើយត្រូវបានលែងលះគ្នារួចហើយ ប៉ុន្តែបុរសនោះតែប្រចែប្រចណ្ឌ មកតាមរករឿងស្ត្រីជាអតីតប្រពន្ធដែលឃើញនាងបណ្តើរជនបរទេសចេញពីក្នុងក្លឹមកម្សាន្ត។
តាមរយៈវីដេអូដែលកំពុងចែកចាយនេះបានបង្ហាញថា ដើមឡើយមានបុរសជនជាតិខ្មែរម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ហើយសង្ស័យមានទំនាក់ទំនងស្នេហា ជាមួយនារីខ្មែរ ដែលនារីខ្មែរនោះក៏មានទំនាក់ទំនងជាមួយជនបរទេស រហូតដល់ប្រើប្រាស់ហិង្សាដាក់គ្នាទៅវិញទៅមក។ ពេលនោះស្រាប់តែមានអ្នកផ្សេងទៀត ដែលជាជនជាតិខ្មែរ ព្រួតវាយបន្ដទៅលើជនបរទេសតែម្ដង។
បន្ទាប់ពីមានការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកទង្វើប្រើប្រាស់អំពើហិង្សារបស់ប្រជាពលរដ្ឋខ្មែរ ទៅលើជនបរទេសនោះ ក៏កំពុងតែទទួលរងនូវការរិះគន់ផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។
ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះថា ករណីនេះលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវបន្ថែម ដើម្បីរកមូលហេតុពិតប្រាកដ។
លោក គល់ យី អធិការរងនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ហេតុការណ៍នេះពិតជាការកើតឡើងនៅមុខផ្សារសូរិយាម៉ល ខណ្ឌដូនពេញប្រាកដមែន ហើយបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ហើយនៅពេលនេះ លោកបានបញ្ជាឲ្យនគរបាលប៉ុស្ដិ៍ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីមានវិធានការបន្ដទៀត។
បណ្តាញសង្គម បាននិយាយថា ជនបរទេសការពារមិត្តស្រី ពីបុរសប្រមឹក ត្រូវអ្នកឈរមើលព្រួតវាយម្នាក់ម៉ាដៃម៉ាជើងនៅមុខក្លឹប Ponton ម្តុំសូរិយាម៉លថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៨បងប្អូនយល់ម៉េច អារម្មណ៍ម៉េចដែរ?
ចំណែកលោក Mary Visal ក៏បានសរសេរក្នុងផេកហ្វេសប៊ុករបស់ផងដែរថា អានឹងគេហៅពួកអាតែតែ ស្ករស្ករ យាយមែនខ្មែរភាគច្រើន មិនសូវឲ្យតម្លៃនិងគោរពមនុស្សស្រីសោះ ដូចអាប៉ិនេះស្រវឹង ម៉ាត់គេយកម៉ាត់គេយកម៉ង ស្រុកគេបើចឹង ប្រហែលព្រៃស Calling ហើយ ស្រុកយើងសំបូរណាស់ ប្រុសជេរស្រី វៃស្រី សុំសើរចេះលើកដៃរួច ទាំងដែរគេគ្មានកម្លាំង នឹងតបតឈ្នះ យើង បុរសពិត គេមិនវាយ ស្រីមិនជេរស្រី នឹងមិនតបត ជាមួយមនុស្សស្រី ដែរមិនសមគួរ ឡើយព្រោះមនុស្សស្រី មួយចំនួនធំ ខ្លាំងបានត្រឹមជេរ ស្តី បើវាយគេវាយមិនឈ្នះយើងឡើយ មិនគួរណាធ្វើចឹងសោះ៕ ដោយ៖បញ្ញាស័ក្តិ