ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលមួយ លើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយ ដែលប៉ូលិសម្នាក់ពាក់ស័ក្តិពីរ បានលើកដៃទះកំផ្លៀងស្ត្រីម្នាក់ដែលកំពុងអង្គុយលើម៉ូតូ ដោយខាងតែខឹងនារីរូបនោះ ដែលជិះម៉ូតូមិនពាក់មួកការពារសុវត្ថិភាព។
ក្រោយពីបានឃើញហេតុការណ៍នេះ បានធ្វើមហាជនអ្នកនិយមលេង បណ្តាញសង្គម មានការខឹងសម្បារយ៉ាងខ្លាំង ដោយលើកឡើងថា បើទោះជាប៉ូលិសខឹងយ៉ាងណា ក៏មិនត្រូវលើកដៃវាយស្ត្រីរូបនោះដែរ។
ទាក់ទងនឹងករណីនេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបព្ជាឲ្យចាប់ប៉ូលិស ដែលបានកំផ្លៀងនារីម្នាក់ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងជិះម៉ូតូបញ្ច្រាសទិស កាលពីថ្ងៃទី២០ឧសភា នៅចំណុចកែងផ្សារអូឡាំពិក មកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដាក់វិន័យទៅតាមច្បាប់របស់នរគបាលជាតិ។ លោក ជួន សុវណ្ណ បានធ្វើការសូមទោសដល់ជនរង់គ្រោះ និងក្រុមគ្រួសាររបស់នាង ហើយលោកក៏បានសូមទោស ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងផងដែរ ។
ករណីនេះកើតឡើងនៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មន្ត្រីនគរបាលដែលប្រើហិង្សាលើស្ត្រីខាងលើ មានឈ្មោះ កៅ សំអុល អាយុ៤៨ឆ្នាំ ជានគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ ដោយបានទះកំផ្លៀងទៅលើស្ត្រីរងគ្រោះឈ្មោះ ឌី លីណា អាយុ៣៧ឆ្នាំ ជាគ្រូពេទ្យស្នាក់នៅខណ្ឌ៧មករា ខណៈដែលកំពុងចាប់ឃាត់ម៉ូតូដែលមិនគោរពច្បាប់ ហើយករណីនេះ ភាគីទាំង២បានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរក្នុងការទទួលខុសត្រូវប្រសិនបើស្ត្រីរងគ្រោះមានបញ្ហាត្រង់ត្រចៀកផងដែរ។
ហើយទន្ទឹមនឹងនេះក៏មានឯកសារដែលភាគីប៉ូលិសនិងភាគីជនរងគ្រោះបានធ្វើកិច្ចសន្យានឹងគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ តាមរយៈកិច្ចសន្យាភាគីទាំងសងខាងបានឲ្យដឹងថា ទាំងប៉ូលិសនឹងជនរងគ្រោះបានដោះស្រាយគ្នានៅនឹងកន្លែង ហើយនឹងមិនមានការបង្ហោះវីឌីអូណាមួយទៅកាន់បណ្តាញសង្គមឡើយ ប៉ុន្តែវីឌីអូទាំងនេះបែរជាត្រូវបានបែកធ្លាយ តាមរយៈបងប្អូនប្រជាពលរដ្ឋដែលនៅជិតនេះទៅវិញ។
ក្នុងកិច្ចសន្យា បានបញ្ជាក់ថា “ខ្ញុំបាទឈ្មោះកៅ សំអុលភេទប្រុស អាយុ៤៨ឆ្នាំ ជានគរបាលប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី១ ខណ្ឌចំការមន ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ភ្នំពេញ បានបញ្ជាក់រឿងហេតុនៅកន្លែងចាប់ម៉ូតូផ្លូវលេខ២៩៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ មានាករវាទះកំផ្លៀងទៅលើឈ្មោះឌី លីណា ភេទស្រី អាយុ៣៧ឆ្នាំ ជាគ្រូពេទ្យ មានទីលំនៅផ្ទះលេខ២២បេ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ភាគីទាំងពីរនាក់ បានឯកភាពគ្នាលើកិច្ចសន្យាដូចជា ក្នុងរយៈពេល១ខែ បើមានបញ្ហាអ្វីកើតឡើងនៅត្រង់ត្រចៀកឆ្វេងដែលឈ្មោះខាងលើនេះទះកំផ្លៀងនោះ សូមឲ្យឈ្មោះនេះជួយចេញជាលុយកាក់មើលរហូតដល់ជាសះស្បើយ ហើយរាល់រូបភាពដែលឈ្មោះអុល ថតនោះមានការចេញបង្ហោះចេញតាមប្រព័ន្ធអ៊ីនធើណែតនោះឬហ្វេសប៊ុកនោះខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ នាងខ្ញុំក៏មិនបញ្ចេញរូបភាពបង្ហោះរូបភាពដែលនាងខ្ញុំថតទុកនោះដែរ។ ក្រែងពុំពិតប្រាកដយើងខ្ញុំទាំងពីរនាក់សូមផ្តិតមេដៃស្តាំទុកជាភស្តុតាង ។ ធ្វើនៅភ្នំពេញថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨”។
បើតាមលោកផែង វណ្ណៈ ដែលសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី២១ឧសភានេះ បានបញ្ជាក់ថា នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បានឲ្យដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍អូរឡាំពិកឈ្មោះ កៅ សំអុល ដែលប្រើហឹង្សា លើស្ត្រីម្នាក់នៅជិតផ្សារអូរឡាំពិកនោះ ត្រូវបានឃាត់ខ្លួនមកកាន់ស្នងការដ្ឋាន ដើម្បីអនុវត្តន៍វិន័យកងកម្លាំងនគរបាលជាតិ ។
មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា មូលហេតុបង្កជាអំពើហឹង្សា ទះកំផ្លៀងស្ត្រីរូបនោះ ដោយសារតែស្ត្រីរូបនោះ ក្រវាសដៃ ធ្វើឲ្យធ្លាក់ទូរស័ព្ទដៃរបស់លោក កៅ សំអុល បែក ដែលជាហេតុធ្វើឲ្យលោក កៅ សំអុល ខឹងក៏ទះកំផ្លៀងតែម្ដង ។
ស្ត្រីរូបនោះត្រូវបាននគរបាលហៅត្រួតពិនិត្យដោយសារតែគ្មានពាក់មួកសុវត្ថិភាព ព្រោះតែស្ត្រីរូបនោះ មានមួកការពារសុវត្ថិភាពដែរ តែមិនពាក់ទេ គឺទុកក្នុងកន្ត្រកម៉ូតូ លុះដល់ពេលសមត្ថកិច្ចនគរបាលហៅឃាត់ចាប់ផាកពិន័យទើបលើកមួកមកបង្ហាញសមត្ថកិច្ចនគរបាល ទើបកើតជាជម្លោះផ្នែកច្បាប់ចរាចរណ៍ផ្លូវគោក ហើយក៏មានការថតរូបភាពទុករៀងៗខ្លួន និងបានបែកធ្លាយរូបបណ្តាញសង្គមហ្វេសប៊ុក ៕ ដោយ៖បញ្ញាស័ក្តិ