ថ្លែងពីសេតវិមានខណៈពេលទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ប្រធានាធិបតី ត្រាំ ឲ្យដឹងថា សន្និសីទកំពូលជាមួយកូរ៉េខាងជើង អាចនឹងត្រូវលុបចោល ប្រសិនបើប្រទេសនេះ មិនឆ្លើយតបនឹងលក្ខខណ្ឌរបស់អាមេរិក ។ លោកត្រាំ ពោល ៖ “វាអាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា” ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅសេតវិមាន ថ្ងៃទី ២២ ខែ ឧសភា
ប៉ុន្តែលោកត្រាំ ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជាមានភាពម៉ឺងម៉ាត់ណាស់ ចំពោះកិច្ចចរចា ហើយលោកត្រៀមខ្លួនជាស្រេច ដើម្បី “ធានាសុវត្ថិភាព” ដល់លោកគីម ហើយមេដឹកនាំកូរ៉េខាងជើងនឹងពេញចិត្តយ៉ាងខ្លាំងចំពោះ “លទ្ធផល” ។ លោកត្រាំ ក៏បានសម្តែងពីជំនឿថា កូរ៉េខាងជើងមានឱកាសក្លាយជាទឹកដីមួយដ៏ “មហិមា” ហើយកូរ៉េខាងត្បូង ចិន និងជប៉ុន ត្រៀមជាស្រេចដើម្បីវិនិយោគ “បណ្តាខ្ទង់ប្រាក់ច្រើន” សម្រាប់គោលដៅនោះ ។
ប៉ុន្តែលោកត្រាំ ឲ្យដឹងថា លោកបានខកបំណងចំពោះជំនួបលើកទី ២ រវាងលោកគីម និងប្រធានរដ្ឋចិន ស៊ី ជិនពៀន ៖ “ខ្ញុំមិនអាចនិយាយថា ខ្ញុំអាចរីករាយអំពីរឿងនេះទេ” ។
ជាកិច្ចឆ្លើយតបប្រធានាធិបតី Moon អំពាវនាវដល់លោកត្រាំ ឲ្យបន្តដំណើរការចរចាដូចផែនការគ្រោងទុក ព្រោះលោកជឿជាក់ថា ប្រធានាធិបតីអាមេរិកនឹងធ្វើឲ្យសន្និសីទនេះជោគជ័យ និង “បង្កើតបានសន្តិភាពជាអមតៈ” ។
លោក Moon ថ្លែងបន្ថែមថា ៖ “អ្នកធានារ៉ាប់រងបន្ទុកនេះគឺប្រធានាធិបតីត្រាំ” ។
លោកត្រាំបានឆ្លើយតបថា ការឯកភាពរបស់ឧបទ្វីបកូរ៉េ គឺ”អាស្រ័យលើពួកគេ” រួចលោកព្រលយពាក្យថា កិច្ចចរចាអំពីរឿងនេះអាចនឹងត្រូវបានរៀបចំនៅថ្ងៃអនាគត ប៉ុន្តែពុំមែនពេលនេះ” ទេ ៕ សូយន