Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វេទិកា​ជំនួប​ពាណិជ្ជកម្ម​លើ​ក​ទី​៥ ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដែល​បាន​ប្រារព្ធ​ធ្វើ​រយៈពេល​២​ថ្ងៃ ត្រូវ​បាន​បិទ​ជា​ស្ថាពរ​

​ភ្នំពេញ​៖ ថ្លែង​នៅក្នុង​ពិធី​បិទ​វេទិកា​ជំនួប​នេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​សង្ខេប​ជូន​អង្គពិធី​នូវ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ក្នុងអំឡុងពេល​នៃ​វេទិកា​នេះ ក៏​ដូចជា​ផែនការ​ទៅមុខទៀត ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស CLMV ជាមួយនឹង​ប្រទេស​ឥណ្ឌា ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ទាំង​ប្រាំ​។ នៅក្នុង​សុន្ទរកថា​នោះដែរ លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​របស់​វិស័យ​ឯកជន​ជា​កាតាលីករ នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​លើកឡើង​ថា “​វិស័យ​ឯកជន​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការធានា​បាន​កំណើន​ដោយ​ចេរភាព នៅក្នុង​វិស័យ​ជាច្រើន​ដូចជា កម្មន្តសាល កសិកម្ម ក​សិ​-​ឧស្សាហកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍​ជំនាញ និង​ធនធានមនុស្ស អចលនទ្រព្យ និង​ទេសចរណ៍​”​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​បន្ត​ចង្អុលបង្ហាញ​នូវ​ផែនការ​សម្រាប់​អនុវត្ត​ទៅ​មុខ ដោយ​កំណត់​សកម្មភាព​មួយ​ចំនួន​ជា​សកម្មភាព​អាទិភាព ដូចជា​៖

-​ការបង្កើត​ជា​តំបន់​ប្រសព្វ​សម្រាប់​ខ្សែសង្វាក់​តម្លៃ​ក្នុង​តំបន់ ដោយ​ក្នុង​នោះ​គឺ​ត្រូវ​រៀបចំ​ក្របខណ្ឌ​សហប្រតិបត្តិការ​ឧស្សាហកម្ម និង​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​គាំទ្រ​ការសម្របសម្រួល​បង្កើត​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ខ្សែសង្វាក់​តម្លៃ​ក្នុង​តំបន់​។​

-​ការផ្លាស់ប្ដូរ​គំរូ​អនុវត្ត​ល្អៗ ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ឥណ្ឌា និង​ប្រទេស CLMV មាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​នេះ ជា​ពិសេស​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា មាន​ការអនុគ្រោះ​ពន្ធគយ ០​ភាគរយ សម្រាប់​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​ទីផ្សារ​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​ដទៃទៀត​។ ក្នុង​ការងារ​នេះ លោក​រដ្ឋមន្ត្រី​ជូន​ជា​យោបល់​ឲ្យ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ប្រាំ ពិនិត្យ និង​ជ្រើសរើស​យក​គម្រោង​ក្នុង​រូបភាព​ដៃគូ​រដ្ឋ និង​ឯកជន (PPP) ដើម្បី​យកមក​អនុវត្ត ក៏ដូចជា​បង្កើត​មូលនិធិ និង​ក្របខណ្ឌ​សម្រាប់​អនុវត្ត​គម្រោង ដោយ​ផ្ដោត​លើ​កិច្ចសន្យា​កសិកម្ម​។ លើសពីនេះ​ទៀត លោក ក៏​មាន​គំនិត​ផ្ដួចផ្ដើម​ឲ្យមាន​ការសិក្សា​លើ​ការផលិត​ទំនិញ​ក្រោម​ស្លាក​សញ្ញា “Make in I-CLMV” ដើម្បី​ផ្គត់ផ្គង់​ទៅ​ក្នុង​ទីផ្សារ​តំបន់ និង​ពិភពលោក​។​

-​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រទេស​ឥណ្ឌា និង​ប្រទេស CLMV មាន​សក្ដានុពល​នៅក្នុង​អនុវិស័យ​ផ្សេងៗ​គ្នា ដែល​អាច​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​។ ក្នុង​គោលបំណង​នេះ លោក​ស្នើសុំ​ឲ្យមាន​ការគិតគូ​រ​រៀបចំ​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា មក​ប្រទេស CLMV ព្រមទាំង​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច គ្រប់គ្រង​សណ្ឋាគារ និង​ភោជនីយដ្ឋាន ព្រមទាំង​មាន​ការផ្លាស់ប្ដូរ​ការសម្ដែង​វប្បធ៌ម និង​សិល្បៈ និង​ពិព័រណ៍​ផលិតផល​ផងដែរ​។​

-​ស្នើសុំ​ឲ្យមាន​ការវិនិយោ​គ​លើ​វិស័យ​សុខាភិបាល ជាពិសេស​ការផលិត​ឱសថ ដែល​ប្រទេស​ឥណ្ឌា មាន​ជំនាញ និង​បទពិសោធន៍​ច្រើន​ឆ្នាំ ក៏ដូចជា​វិនិយោគ​ក្នុង​វិស័យ​មួយចំនួន​ទៀត​ដូចជា ព័ត៌មានវិទ្យា និង​ហិរញ្ញវត្ថុ​។​

​ជា​កិច្ច​បញ្ចប់​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា ព្រមទាំង​សហព័ន្ធ​ឧស្សាហកម្ម​ឥណ្ឌា ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា រៀបចំ​វេទិកា​នេះ​ឡើង ហើយ​លោក សង្ឃឹមថា ប្រទេស​ទាំង​ប្រាំ​នឹង​បន្ដ​ប្រពៃណី​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​បន្ត​ទៀត នៅ​វេទិកា​លើក​ក្រោយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

×