តាមនោះកូរ៉េខាងជើងបានអញ្ជើញអ្នកកាសែត កូរ៉េខាងត្បូង អាមេរិក ចិន រុស្ស៊ី និងអង់គ្លេស មកចូលរួមពិធីរុះរើទីលានសាកល្បងនុយក្លេអ៊ែរចោល ដែលប្រព្រឹត្តទៅចន្លោះថ្ងៃទី ២៣-២៥ ខែឧសភា ។ បណ្តាទីភ្នាក់ងារសារព័ត៌មានបរទេសជាអាទិ៍ ៖ AP , ABC និង CNN ក៏ត្រូវបានអញ្ជើញចូលរួមឃ្លាំមើលពិធីនេះ ។
ចំណែកកូរ៉េខាងត្បូង អ្នកកាសែតរបស់ News 1 ស្ថានីយ៍ MBC ត្រូវបានជ្រើសរើសឲ្យពាំនាំព័ត៌មានមកផ្សព្វផ្សាយ ដោយជ្រើសរើសបុគ្គលិករបស់ខ្លួនរួមមានអ្នកកាសែត ២ រូប និងអ្នកថតរូបភាព-ភាពយន្តពីររូប ។ ពួកគេទាំងនោះកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ។
នារីអូតេសកូរ៉េខាងជើង ក្នុងជើងយន្តហោះ ។
ក្រុងព្យុងយ៉ាងបានសំណូមពរបណ្តាទីភ្នាក់ងារព័ត៌មានទាំងអស់មកកាន់ស្ថានទូតកូរ៉េខាងជើង នៅប៉េកាំង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ២២ ខែឧសភា ។ បណ្តាអ្នកសារព័ត៌មាន នឹងត្រូវបានដឹកជញ្ជូនទៅកាន់ Wonsan ភាគអគ្នេយ៍ កូរ៉េខាងជើង តាមជើងហោះហើរមួយ នៃយន្តហោះ មាន ៧០ កៅអីដែលកូរ៉េខាងជើងជួល រួចបន្ទាប់មកធ្វើដំណើរដោយឡាន Bus ទៅកាន់ទីលានសាកល្បង Pumggey-ri ។
តាមស្ថានីយ៍វិទ្យុ Sputnik ជើងហោះហើរ Air Koryo ចេញដំណើរពីប៉េកាំង វេលាម៉ោង ៩និង៤០នាទី (ម៉ោងនៅតំបន់) ថ្ងៃទី ២២ ខែឧសភា ។ ប៉ុន្តែតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺពុំមានអ្នកសារព័ត៌មានណាម្នាក់របស់កូរ៉េខាងត្បូង មានវត្តមាននៅក្នុងយន្តហោះឡើយ ។
ពេលទៅដល់ទីក្រុង Wonsan ភ្លាម ក្រុមអ្នកកាសែតបរទេសត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលសារព័ត៌មាននាទីក្រុងនោះ ។
បន្ទប់សារព័ត៌មានដែលកូរ៉េខាងជើងត្រៀមទុក ។
តាម Cheshire នោះក្រុមអ្នកកាសែតបរទេស នឹងបន្តដំណើរដោយរថភ្លើង ១២ម៉ោង ទៅកាន់តំបន់ភ្នំ បន្ទាប់មកប្តូរទៅកាន់រថយន្តក្រុង ធ្វើដំណើរ ៤ម៉ោងទៀត ហើយតំណាក់កាលចុងក្រោយគឺដើរថ្មើរជើងអស់ពេល ២ម៉ោង ទៅកាន់ Pumggey-ri ដែលជាកន្លែងសាកល្បងនុយក្លេអ៊ែរ ដើម្បីឃ្លាំមើលការបិទទ្វារទីលានសាកល្បងនេះ ។ តាមកូរ៉េខាងជើង គេនឹងបន្ទុះឲ្យទីលាននេះបាក់ស្រុតចុះក្រោម ។
គួរឲ្យកត់សម្គាល់ថា ទូរស័ព្ទរបស់អ្នកសារព័ត៌មាន Sky News ទាំងឡាយត្រូវបានមន្ត្រីកុរ៉េខាងជើងដកហូត ពេលពួកគេទៅដល់ Wonsan ភ្លាម ហើយក្រុមអ្នកសារព័ត៌មាននីមួយៗ មានភ្នាក់ងារកូរ៉េម្នាក់នាំផ្លូវ ។
បុរសឈរកណ្តាលឧទ្ទេសនាមខ្លួនឯងថា ជាអ្នកយកព័ត៌មានរបស់កាសែត Rodong Sinmun ដែលជាស្ថាប័ននាំពាក្យរបស់បក្សពលករកូរ៉េ កំពុងនិយាយជាមួយអ្នកសារព័ត៌មានបរទេស នៅព្រលានយន្តហោះប៉េកាំង ។ នៅព្រលានយន្តហោះ Wonsan ដដែល ឧបករណ៍វាស់ស្ទង់ដែលអ្នកកាសែតយកតាម ក៏ត្រូវបានភាគីកូរ៉េខាងជើងយកឡើងទុក ។ គេប្រាប់ថា តំបន់សាកល្បងនុយក្លេអ៊ែរ មានសុវត្ថិភាពទាំងស្រុង ។
អ្នកកាសែតបរទេសចុះពីលើយន្តហោះនៅទីក្រុង Wonsan
កូរ៉េខាងជើងបានស្នើឲ្យអ្នកកាសែតបរទេសម្នាក់ៗត្រូវទូទាត់ប្រាក់ ១ម៉ឺនដុល្លារ ដោយចាត់ទុកថា ជាតម្លៃទិដ្ឋាការសម្រាប់ទៅកាន់កូរ៉េខាងជើង ដើម្បីពាំនាំព័ត៌មានជុំវិញព្រឹត្តិការណ៍រើរុះបិទទ្វារ ទីលានសាកល្បងនុយក្លេអ៊ែរ Punggey-ri ៕ សូយន