ថ្មីៗនេះ តារាចម្រៀងជើងចាស់ ម៉ៅ ស៊ីណាត បានប្រកាសលែងលះជាមួយប្ដីរបស់នាងឈ្មោះលោក វិសាល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងប្រាប់សារព័ត៌មានថា ដោយសារតែប្ដីរបស់នាងរូបនេះក្បត់ចិត្តនាង ដែលដំណឹងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។
ជាមួយគ្នានេះដែរ ខណៈដែលព័ត៌មានលែងលះពុំទាន់ស្ងាត់ផង ស្រាប់តែលោក វិសាល ប្ដីគ្មានសំបុត្រអាពាហ៍ពិពាហ៍របស់ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» ខាងលើបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលពេលនេះកំពុងសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា ហើយគេឃើញថា អ្នកនាង ម៉ៅ ស៊ីណាត ចិត្តមិនដាច់ឡើយ ពោលគឺអ្នកនាងបានយំស្រែកឱបប្ដីក្នុងមន្ទីរពេទ្យ បារម្មណ៍ពីសុខទុក្ខប្ដីយ៉ាងខ្លាំង ។
យ៉ាងណាមិញមកទល់ពេលនេះ ស្ថានភាពរបួសរបស់លោក វិសាល បានធូរស្បើយហើយ ដែលជាហេតុធ្វើឱ្យអ្នកនាង ម៉ៅ ស៊ីណាត សប្បាយចិត្តយ៉ាងខ្លះ ព្រមទាំងបានបង្ហោះសារមួយថា «ធូរតិចហើយ all fri អរគុណដែលបានបារម្ភ និងលើកទឹកចិត្ត» ។
សម្រាប់ទង្វើរបស់អ្នកនាង ម៉ៅ ស៊ីណាត ពេលនេះបានធ្វើឱ្យមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំង ខណៈដែលនាងចិត្តមិនដាច់ពីប្ដីដែលនាងធ្លាប់ប្រកាសថា លែងលះពេញៗមាត់ ៕ សាវុធ