ភ្នំពេញ៖ លោក តាក ហាប់ ប្រធានមន្ទីរអប់រំខេត្តកំពត និងមន្ត្រីជំនិត៣រូបទៀត បានរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់ចំណាយ ប្រមាណ៤០០លានរៀល ក្នុងមួយឆ្នាំៗ និងជាពិសេស មានសូនប៉ាន់ លើការតែងតាំង និងផ្លាស់ប្តូរនាយកសាលានីមួយៗ។
បើតាមការផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា “អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងតាមរយៈអ៊ីម៉ែលដែលចោទប្រកាន់ថា លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពត និងមន្ត្រី៣រូប ថា ទទួលបានផលប្រយោជន៍ជាប្រាក់ក្នុងមួយឆ្នាំៗ មិនក្រោម៣០០លានរៀលទៅ៤០០លានរៀល តាមរយៈការប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់ចំណាយសរុបខ្ទង់៥០០លានរៀល ដែលភាគច្រើនគឺប្រាក់បុរេប្រទាន ប្រាក់ទូទាត់ត្រង់ ប្រាក់ចំណាយលើការទិញជំពូក៦០ សេវាកម្មជំពូក៦១ និងអន្តរាគមន៍សាធារណៈជំនួន៦២ ដោយសហការជាមួយលោកភោក កុយ ប្រធានស្តីទីការិយាល័យ លោកអ៊ូ ភាង ជាអនុប្រធានការិយាល័យ និងលោកសូ លិនដា ជាមន្ត្រី ស្ថិតនៅការិយាល័យគណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋជាមួយគ្នា ដោយធ្វើឯកសារខ្យល់បំភ័ន្តភ្នែកក្រុមអធិការកិច្ច និងក្រុមសវនកម្មយ៉ាងជំនាញបំផុត។ ក្នុងចំណោមការិយាល័យទាំអ១១ និងមន្ត្រីចំនួន៩២នាក់ មនុស្សដែលជា បក្ខពួកសំខាន់របស់លោក តាក ហាប់ គឺមាន លោកសូ ភារិទ្ធ ជាមនុស្សស្និទ្ធជាងគេ លោកខៀវ ធនវុឌ្ឍី ប្រធានការិយាល័យបុគ្គលិក និងបណ្តុះបណ្តាល ព្រោះថាជាមនុស្សពូកែរកប្រាក់ពីការតែងតាំងនាយកសាលា និងការផ្លាស់ប្តូរគ្រូធ្វើឲ្យលោកប្រធានពេញចិត្តជាងគេ។ ដោយឡែកលោកភោក កុយ ក៏ជាមនុស្សជំនិតខ្លាំងដែរ រហូតត្រូវលោក តាក ហាប់ ស្នើសុំតែងតាំងជាប្រធានការិយាល័យពេញសិទ្ធិថែមទៀត”។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលការបំភ្លឺពីលោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត ដែលមានខ្លឹមសារដូចជា ៖ នៅរសៀលថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៧ មួយថ្ងៃមុននៃការចុះផ្សាយ មានលេខទូរស័ព្ទមួយខ្សែបានទូរស័ព្ទទៅលោកតាក ហាប់ ចរចាទារប្រាក់ ហើយឲ្យផ្ញើតាមវីង ជាថ្នូរនឹងការមិនចុះផ្សាយក្នុងសារព័ត៌មាន ពេលនោះ លោកតាក ហាប់ បានឆ្លើយថា បើចុះផ្សាយចុះចោះ ឲ្យតែជាការពិត តែបើមិនពិតប្រយ័ត្នខ្ញុំប្តឹងតបវិញ ក្រោយមកក៏មានការចុះផ្សារយព័ត៌មាន។
បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន លោកតាក ហាប់ បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន ហើយបានបំភ្លឺបដិសេធលើ៣ចំណុចដែលជាការចោទប្រកាន់៖ ១.ការកិបកេងថវិកាចំណាយខ្ទង់៥០០លានរៀល៖ ដោយសំអាងលើការកោះប្រជុំក្រុមប្រឹក្សាវិន័យមន្ទីរ ហើយមានអ្នកជំនាញពាក់ព័ន្ធ បានបង្ហាញពីយន្តការនៃការចំណាយទូទាត់ ព្រមទាំងប្រធានការិយាល័យនីមួយៗ អះអាងបញ្ជាក់បន្ថែមអំពីលំហូរសាច់ប្រាក់ពិសេសជំពូក៦០ ជំពូក៦១ និងជំពូក៦២។ ២.ការតែងតាំងនាយកសាលា និងការផ្លាស់ប្តូរ៖ ជាទូទៅការតែងតាំងនាយកសាលា និងការផ្លាស់ប្តូរមានខ្សែបណ្តោយធ្វើការវាយតម្លៃ ដោយក្រុមប្រឹក្សាបុគ្គលិកតាមឋានានុក្រម គ្រប់គ្រងជាបន្តបន្ទាប់ ស្របតាមសេចក្តីណែនាំរបស់ក្រសួងលេខ២៨អយក.សណន ចុះថ្ងៃទី៥ខែឧសភាឆ្នាំ២០១៤។ ៣.ចំពោះការចោទប្រកាន់ថាបក្ខពួកសំខាន់និងស្និទ្ធជាងគេ៖ លោកតាក ហាប់ បានបញ្ជាក់ថា មន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពត មានអង្គការលេខរចនាសម្ព័ន្ធដឹកនាំឬគ្រប់គ្រងងនៅមន្ទីរច្បាស់លាស់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកតាក ហាប់ ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពត បានធ្វើការបដិសេធថា “ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ”៕ ដោយ៖បញ្ញាស័ក្តិ