មនុស្សយ៉ាងហោចណាស់ចំនួន ២៦នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានធ្វើការបាញ់រះលើព្រះវិហារមួយកន្លែងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងទីក្រុងតូចមួយ ក្នុងរដ្ឋតិចសាស នៃសហរដ្ឋអាមេរិច។ នេះបើតាមការចេញផ្សាយរបស់ប៊ីប៊ីស៊ី (BBC) នៅព្រឹកថ្ងៃច័ន្ទនេះ។
បើតាមមន្ត្រីប៉ូលីសផ្នែករក្សាសន្តិសុខសាធារណៈប្រចាំតំបន់បាននិយាយថា ខ្មាន់កាំភ្លើងជាមនុស្សវ័យក្មេងស្ថិតក្នុងវ័យ ២០ឆ្នាំឡើង ហើយស្លៀកពាក់អាវការពារពណ៌ខ្មៅ និងប្រដាប់ដោយអាវុធវែង។
ខ្មាន់កាំភ្លើងបានចាប់ផ្តើមបាញ់រះពីខាងក្រៅព្រះវិហារ រួចមកបានសម្រុកចូលបាញ់ក្នុងវិហារទៀត។
ពេលកំពុងធ្វើការបាញ់ប្រហារ ប្រជាជននៅតំបន់កើតហេតុម្នាក់បានកញ្ឆក់កាំភ្លើងពីជនសង្ស័យ និងបានធ្វើការបាញ់ប្រហារវិញលើជននោះ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលក្នុងរថយន្ត។
បើតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ Devin P Kelley អាយុ ២៦ឆ្នាំ។
អាជ្ញាធរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ចំនួន ២០នាក់ ក៏បានរងរបួសនៅក្នុងហេតុការណ៍នោះផងដែរ និងត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រជាជនដែលបានកញ្ឆក់កាំភ្លើង បានស្វែងរកជនសង្ស័យ តែជនសង្ស័យបានបើកឡានបុកនឹងបង្គោល។ ប៉ូលីសបានរកឃើញថា ជនសង្ស័យបានស្លាប់នៅក្នុងឡានរបស់ខ្លួន ប៉ុន្តែពួកគេនៅមិនទាន់ច្បាស់ថា តើជនសង្ស័យស្លាប់ដោយតែរបួសពីការបាញ់ត្រូវខ្លួនឯង ឬក៏ត្រូវបានបាញ់ដោយប្រជាជននោះឡើយ។
មន្ត្រីដែលបានចុះទៅកន្លែងកើតហេតុ បានបញ្ជាក់ថា មនុស្សស្លាប់ចំនួន ២៤នាក់ត្រូវបានរកឃើញនៅក្នុងព្រះវិហារ ខណៈដែលមនុស្សចំនួន ២នាក់ទៀតត្រូវបានបាញ់សម្លាប់នៅខាងក្រៅវិហារ និងចំនែកម្នាក់ទៀតស្លាប់ពេលបញ្ជូលទៅកាន់មន្ទីរពេទ្យ។
ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ដែលកំពុងធ្វើដំណើរទស្សនៈកិច្ចនៅតំបន់អាស៊ី បានថ្កោលទោសការបាញ់ប្រហារនោះថាជាអំពើឃោរឃៅ ហើយនិយាយថាប្រជាជនអាមេរិចនឹងរួមគ្នា ៕ ដោយ ៖ សុភ័ក្ត្រ