ទង្វើរបស់ស្ត្រីជាម្តាយម្នាក់ មកលើកូនប្រុសរបស់ខ្លួនដែលមានអាយុប្រហែលជាបួនប្រាំឆ្នាំ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណេតជាច្រើនសម្តែងក្តីអាណិតអាសូរជាខ្លាំង បន្ទាប់ពីវីដេអូរីករាលដាលមួយ បានបង្ហាញឲ្យឃើញក្មេងប្រុសម្នាក់នោះ ព្យាយាមឡើងតោងនឹងគូទរថយន្តរបស់ម្តាយ ដែលបានដេញចេញពុំអនុញ្ញាតឲ្យវាជិះរថយន្តទៅជាមួយ ។
ខ្សែវីដេអូដ៏រន្ធត់ចិត្តនេះ ត្រូវបានគេថតបានពីខណៈពេលដែលក្មេងប្រុសតូចម្នាក់ ត្រូវបានម្តាយរបស់គេដេញចេញពីរថយន្ត ហើយវាក៏បានព្យាយាមឡើង «ទុំ» នៅលើគូទរថយន្តម្តាយទាំងអារម្មណ៍ភ័យខ្លាចម្តាយឃើញគួរឲ្យស្រណោះជាខ្លាំង ខណៈម្តាយរបស់វា ព្យាយាមបើករថយន្តចេញពីក្នុងទីកន្លែងចតរថយន្តមួយ ។
វីដេអូដែលត្រូវបានថតដោយសាក្សីម្នាក់ នៅក្នុងទីប្រជុំជន Zhudong ស្ថិតនៅក្នុងស្រុក Hsinchu ភាគពាយ័ព្យតៃវ៉ាន់ បានបង្ហាញឲ្យឃើញម្តាយរូបនោះ បានព្យាយាមដេញកូនប្រុសរបស់នាងចុះចេញពីលើគូទរថយន្ត ដើម្បីឲ្យវាចូលទៅក្នុងផ្ទះវិញជាច្រើនលើក ។
ទោះយ៉ាងណា សកម្មភាពរបស់ម្តាយនេះ នាខណៈពេលនោះ ហាក់ដូចជាពុំជ្រុលហួសហេតុនោះទេ ព្រោះនាងពុំអាចបើករថយន្តចេញទៅរួចទេ ដែលដោយសារនាងក៏បារម្ភខ្លាចកូនប្រុសនោះជួបគ្រោះថ្នាក់ផងដែរ ។ ប៉ុន្តែ ហេតុការណ៍កើតឡើងបន្តផ្សេងពីនេះ ពុំត្រូវបានដឹងថាទៅជាយ៉ាងម៉េចយ៉ាងម៉ានោះ ព្រោះតែវីដេអូសាក្សីបង្ហាញឲ្យឃើញត្រឹមជាក់ស្តែងប៉ុននេះ ។
យ៉ាងណាមិញ បើយោងតាមប៉ូលីស Zhudong បាននិយាយថា ម្តាយនោះបាននាំកូនប្រុសរបស់ប្រុសម្នាក់នេះ និងបងប្អូន២នាក់ទៀតរបស់គេ ទៅលេងនៅក្នុងកន្លែងថតរថយន្ត Zhongzheng ប៉ុន្តែ បានសម្រេចបញ្ចប់ការលេងរបស់ពួកគេភ្លាមៗ ខណៈមេឃចាប់ផ្តើមរកភ្លៀង ហើយនាងក៏ត្រូវទៅយកសម្លៀកបំពាក់បោកគក់របស់ពួកគេផងដែរ ។ ប៉ុន្តែ នៅពេលនោះ ក្មេងប្រុសនេះ បានបដិសេធពុំព្រមចូលក្នុងផ្ទះនោះទេ ដោយចង់ទៅតាមជាមួយម្តាយរបស់គេដែរ ទើបបានជាកើតរឿងបង្កការភ្ញាក់ផ្អើលនេះឡើងទៅ ៕ ចន្ទី