ពោធិ៍សាត់៖ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថា រាល់សកម្មភាព ឬទង្វើណាញុះញង់របស់បុគ្គលទាំងឡាយណា ដែលមិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត គឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញ អាចប្រឈមនឹងទោសទណ្ឌ តាមបញ្ញត្តិក្នុងច្បាប់ ស្ដីពីការបោះឆ្នោត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃសាលាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បុគ្គលដែលញុះញង់ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត អាចប្រឈមនឹងទោសទណ្ឌ ដែលបានបញ្ញត្តិក្នុងច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ត្រង់មាត្រា១៤២ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
“អ្នកដែលអំពាវនាវ ញុះញង់ រារាំង ប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នាពេលខាងមុខនេះ គឺជាទង្វើល្មើសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ត្រង់មាត្រា១៤២។ ការទៅបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ” សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែម។
សម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការអំពាវនាវឲ្យមន្ដ្រីរាជការ និងប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត គឺជារឿងត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅពេលខាងមុខនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនគ្រប់ៗរូប ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត បន្ដដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើន មានសុខសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសង្គមជាតិទាំងមូលមានភាពសម្បូរសប្បាយ។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណឲ្យបានល្អប្រសើរក្នុងសង្គម ក៏ដូចជាដំណើរការនៃការបោះឆ្នោតដ៏សំខាន់មួយនេះ ឲ្យបានល្អប្រសើរ៕ ដោយ៖បញ្ញាស័ក្តិ