បុរសសញ្ជាតិចិនម្នាក់ម្នាក់ បានរក្សាការសម្ងាត់ក្នុងរឿងត្រូវឆ្នោតជិត ១លានដុល្លារ ហើយភ្លាមៗនោះ បានជំរុញប្រពន្ធឲ្យចុះហត្ថលេខាលើលិខិតលែងលះ ។
Yuan Li បានប្តឹងអតីតប្តី ហើយទទួលបានចំណែកប្រាក់រង្វាន់មួយផ្នែក ។
តាម Chongqing Morning Post , លោក Liu Xiang នៅទីក្រុង Chongqing បានទិញឆ្នោតផ្សងសំណាងមួយសន្លឹកមានតម្លៃ ៥៦យាន់ (ជិត ៩ដុល្លារ) កាលពីខែកុម្ភៈ ។ ក្រោយពេលដែល Liu និងប្រពន្ធ Yuan Li បានចុះហត្ថលេខាលើលិខិតលែងលះ ទើបបុរសនេះប្រាប់មិត្តភក្តិថា ខ្លួនត្រូវឆ្នោត 5.700.000 យាន់ (ប្រមាណ 900.000ដុល្លារ) ហើយបើកបានលុយសុទ្ធ 4.6000.000ដុល្លារ ក្រោយពេលបង់ពន្ធរួច ។ Yuan បានដឹងព័ត៌មាននេះតាមមិត្តភក្តិម្នាក់ ហើយសំណូមពរចែកប្រាក់រង្វាន់បានមកពីការត្រូវឆ្នោត។
តុលាការក៏សម្រេចឲ្យ Yuan ទទួលបាន 1.150.000 (ប្រមាណ 200.000ដុល្លារ) ។ Yuan និង Liu បានរៀបការនៅឆ្នាំ ១៩៩៩ នាងធ្វើការនៅរោងចក្រតម្បាញ ២ឆ្នាំ ហើយក្រោយមកក៏ទៅធ្វើការនៅក្លឹបកម្សាន្តមួយ ក្នុងពេលដែល Liu ជាប្តីជាបុរសកម្ជិលមិនធ្វើការអ្វីទាំងអស់។
Yuan ឲ្យដឹងថា ជាង ១០ឆ្នាំមកហើយ ដែលគាត់តែងចិញ្ចឹមសុបិន្តក្លាយជាអ្នកមានមួយប៉ប្រិចភ្នែក ។ ហេតុនេះ ដឹងតែពីយកលុយទៅទិញឆ្នោត Yuan ប្រាប់ថា នាងពិតជាឆ្ងល់ដែរនៅពេលដែលប្តីរបស់នាងកាលនោះបានបង្ខិតបង្ខំឲ្យនាងចុះហត្ថលេខាលែងលះ ហេតុតែឈឺចាប់ពេកនាងក៏ចុះហត្ថលេខាឲ្យវាចប់សាច់រឿងតែម្តងទៅ ។ ចុងក្រោយទើបដឹងថា នេះជាឧបាយកលរបស់អតីតប្តីរបស់នាង ៕ ចន្ទ្រា