រហូតមកទល់ពេលនេះ ទីលានកប់សាកសព Xia Jiashan នៅក្នុងទីក្រុង Jiujiang (ប្រទេសចិន) នៅរក្សាទុកផ្នូរដ៏ចម្លែកមួយ ផ្នូរខាងលើជាផ្ទៃរាបស្មើនៃសំណេរសាច់រឿង លើផ្ទាំងថ្មក្រានីត ហើយនៅខាងមុខនោះគឺជារូបចម្លាក់សុនកមួយក្បាល ។ រឿងនេះ កើតឡើងកាលពី ១៥ឆ្នាំមុន ។ នោះគឺវេលាថ្ងៃត្រង់ ថ្ងៃទី ២៨ ខែវិច្ឆិកា ២០០៣ គ្រូបង្រៀនម្នាក់នៃសាលាបណ្តុះបណ្តាលអ្នកបើកបរនៃទីក្រុងនេះ បានទិញឆ្កែមួយក្បាលដែលងាប់ហើយ រួចផ្តាំឲ្យចុងភៅធ្វើម្ហូបជប់លៀង អ្នកដែលចប់វគ្គសិក្សាបើកបររថយន្ត។
ផ្នូរដែលមានរូបសំណាកសុនកនេះ ទីក្រុងជីវជីង ជាសក្ខីកម្មនៃរឿងគួរឲ្យរំភើបចិត្តកាលពី ១៥ឆ្នាំមុន ។
ពេលដែលម្ហូបត្រូវបានកែច្នៃរួច ក្លិនឈ្ងុយឈ្ងប់ធ្វើឲ្យមនុស្សស្រក់ទឹកមាត់ ហើយសូម្បីតែកូនឆ្កែទើបនឹងកើតនៅក្បែរនោះក៏លូនសំដៅមករក ។ ដោយឃើញហ្វូងកូនឆ្កែ មានភាពស្រេកឃ្លាន ពួកគេក៏ចាប់សាច់មួយដុំ ដែលចុងភៅទើបលើកយកមកបោះឲ្យវាស៊ី ។
ពេលនោះមេឆ្កែស្រាប់តែបោលសម្រុកចូលមកបើកភ្នែកក្រឡោត រួចព្រុះគំរាមកូនខ្លួនចេញ ។ កាយវិការរបស់មេឆ្កែនេះពិតជាខុសនឹងភាពស្លូតបូតរបស់វាដូចសព្វមួយដង វាយកជើងវាសង្កត់ដុំសាច់នោះជាប់លើដីដាច់ខាតមិនឲ្យហ្វូងឆ្កែនោះប៉ះពាល់ ។
កូនឆ្កែឃើញមេរបស់វាខឹងបែបនេះក៏រត់បាត់ ។
ប៉ុន្តែមេឆ្កែនេះនៅតែសំឡឹងដុំសាច់លើដី បើកភ្នែកក្រឡោតរួចព្រុសខ្លាំងៗមិនឈប់ ។ យ៉ាងនេះទៅហើយតែគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ ។
ពេលនោះមេឆ្កែកាន់តែបង្ហាញភាពស្លន់ស្លោរវាសំឡឹងទៅកាន់ខ្ទះសាច់ឆ្កែដែលចម្អិនរួចស្រែកព្រុសយ៉ាងខ្លាំង ។ ព្រុសបណ្តើរវារត់ជុំវិញបណ្តើរ ហាក់ដូចចង់ប្រាប់រឿងអ្វីមួយ។ ពេលនោះអ្នកចុងគិតថា វាកំពុងឃ្លាន ក៏ចាប់សាច់ប៉ុន្មានដុំទៀតបោះឲ្យ ។ ស្មានពុំដល់ថា វាយកជើងសង្កត់លើសាច់នោះជាប់ មិនរវល់ក្រឡេកមើល ហើយថែមទាំងព្រុសខ្លាំងជាងមុន ។
ម្យ៉ាងដោយរវល់នឹងការជួបជុំ ហើយក៏មិនយល់ថា សុនកនេះចង់ប្រាប់រឿងអ្វី ពួកគេលែងរវីរវល់នឹងសម្រែកព្រុសដ៏ចម្លែករបស់មេឆ្កែ ។
គ្មាននរណានឹកស្មានថា សកម្មភាពសាហាវ និងមិនប្រក្រតីរបស់មេឆ្កែ ការពិតទៅគឺជាពាក្យព្រមានប្រាប់ឲ្យដឹងឡើយ ។
ពេលនោះមនុស្សម្នាកាន់តែមកច្រើន ហើយការជប់លៀងក៏រៀបចំប្រព្រឹត្តទៅ ។ ពួកគេទាំងអស់នាំគ្នាមកឈរមើលខ្ទះសាច់ឆ្កែដ៏ធំ ខណៈពេលដែលមេឆ្កែនោះកាន់តែព្រុសខ្លាំងឡើងៗស្ទើរបែកបំពង់ក។
ស្រាប់តែវាចាប់ផ្តើមស្រែកថ្ងូរ ហើយកូនទាំង៤របស់វាក៏រត់ពីក្រៅចូលមក ព្រោះឮសំឡេងថ្ងូររបស់ម្តាយវា វាយកអណ្តាតលិទ្ធលើមុខកូនទាំង៤ ហើយភ្នែកវាពេលនោះហាក់ដូចជារលីងរលោងចង់យំ ។ វាក៏ស្ទុះសំដៅទៅហ្វូងមនុស្ស ហើយយកក្បាលទៅកកិតនឹងជើងពួកគេ ក៏នៅគ្មាននរណារវីរវល់នឹងវាដដែល ។ បន្ទាប់មកវាននៀលលើដី ស្រែកខ្លាំងៗ រួចក៏សំដៅទៅខាំស៊ីបីដុំដែលបោះលើដីអស់មួយរំពេច ។
ប្រមាណ ១០នាទីក្រោយ វាចាប់ផ្តើមប្រកាច់ឈាមហូរចេញតាមមាត់ រួចក៏ងាប់បាត់ទៅ ។
ពេលនោះទើបមនុស្សទាំងអស់ចាប់អារម្មណ៍ ហើយយល់។ ទង្វើរបស់វា គឺគ្មានអ្វីក្រៅពីចង់ប្រាប់ឲ្យមនុស្សនិងកូនៗវាកុំស៊ីសាច់នេះ ព្រោះវាមានជាតិពុល ប៉ុន្តែចុងក្រោយដោយគ្មានអ្នកណាយល់ ទើបវាបង្ខំចិត្តយកជីវិតវាដើម្បីបញ្ជាក់ប្រាប់ និងសង្គ្រោះមនុស្សទាំងនោះ ។
មេឆ្កែដ៏ក្លាហាន បានយកជីវិតខ្លួនដើម្បីសង្គ្រោះមនុស្សរាប់សិបនាក់ព្រមទាំងកូនរបស់វា នេះជាសាច់រឿងដែលសរសេរលើថ្មក្រានីតនោះ ។
មនុស្សប្រមាណ ៣០នាក់ ដែលចូលរួមពិធីជប់លៀងថ្ងៃនោះ នៅតែតក់ស្លុតមិនបាត់ឲ្យតែគេរំលឹកដល់រឿងនេះ ។ គ្រូបង្រៀនត្រកូលលីវ ដែលជាអ្នកទិញឆ្កែងាប់មួយក្បាលនោះ និយាយទាំងទឹកភ្នែកថា ៖ មុននោះខ្ញុំធ្លាប់ឮរឿងឆ្កែសង្គ្រោះមនុស្ស ខ្ញុំគិតថាវាជាពាក្យចរចាមអារ៉ាមមិនបានការ តែថ្ងៃនោះខ្ញុំបានឃើញផ្ទាល់ភ្នែកនូវរឿងនេះ។ ប្រសិនបើគ្មានមេឆ្កែប្តូរជីវិតទេ នោះខ្ញុំប្រាកដជាជាប់គុក ព្រោះខ្ញុំជាអ្នកទិញឆ្កែដែលត្រូវគេបំពុលយកមកធ្វើម្ហូបជប់លៀង ។
បន្ទាប់មកពួកគេក៏បានសម្រេចចិត្តនាំយកវាទៅកប់ក្នុងទីលានសម្រាប់កប់សពមនុស្ស ហើយធ្វើនូវអ្វីៗដូចរូបភាពខាងលើ ។
មកទល់ពេលនេះ ផ្នូររបស់វានៅតែមានអ្នកយកផ្កាមកដាក់ជាការនឹករលឹក។