ប្រធានាធិបតីអាមេរិច កាលពីថ្ងៃច័ន្ទម្សិលមិញបាននិយាយឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន ហ្សីនហ្សូ អាប៊េ (Shinzo Abe) នឹងធ្វើការទិញគ្រឿងសព្វាវុធយោធាពីសហរដ្ឋអាមេរិច ហើយប្រទេសជប៉ុនអាចប្រើប្រាស់វាក្នុងការបាញ់ទំលាក់មីស៊ីលរបស់កូរ៉េខាងជើងបាន។
កាលពីថ្ងៃម្សិលមិញ លោក ត្រាំបានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុន ដែលជាផ្នែកមួយនៃដំណើរទស្សនៈកិច្ចរបស់លោកមកកាន់តំបន់អាស៊ី។ លោកក៍បានមកទស្សនៈកិច្ចមូលដ្ឋានទ័ពអាកាសរបស់អាមេរិចនៅក្បែរទីក្រុងតូក្យូផងដែរ ព្រមទាំងបានជួបជាមួយនឹងអ្នកជំនួញអាមេរិចជាច្រើន។
លោក ហ្សីនហ្សូ អាប៊េ ក៍ថ្លែងផងដែរថា ប្រទេសរបស់លោកអាចបាញ់ស្គាល់មីស៊ីលកូរ៉េខាងជើងបានប្រសិនជាមានភាពចាំបាច់ ហើយនិយាយថាលោកកំពុងពិនិត្យមើលលើកិច្ចព្រមព្រៀងនៃការទិញសព្វាវុធនោះ។
លោកត្រាំថ្លែងបន្តទៀតថា លោកអាប៊េ អាចបាញ់ទំលាក់មីស៊ីលកូរ៉េខាងជើងពីលើមេឃបាន នៅពេលគាត់បញ្ចប់កិច្ចព្រមព្រៀងនៃការទិញសព្វាវុធពីអាមេរិច។
ទោះយ៉ាងណា គេនៅពុំទាន់បានដឹងច្បាស់នៅឡើយទេថា តើពេលណាកិច្ចព្រមព្រៀងទិញអាវុធពីអាមេរិចនឹងត្រូវចុះហត្ថលេខា ប៉ុន្តែជប៉ុន និងអាមេរិចគឺជាសម្ព័ន្ធមិត្តយោធាដ៍ជិតស្និតនឹងគ្នា ដោយអាមេរិចមានមូលដ្ឋានទ័ពជាច្រើនៅក្នុងប្រទេសជប៉ុន៕ ដោយ ៖ សុភ័ក្ត្រ