ព្រះសីហនុ៖ សាធារណៈជន មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួន បង្ហាញចម្ងល់ទៅលើសម្លៀកបំពាក់ របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលពាក់ឯកសណ្ឋានជាកងយោពលខេមរភូមិន្ទមានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក ឬពាក់ផ្កាយ ៣ ក្នុងតួនាទីលោកបច្ចុប្បន្នជាអភិបាលខេត្ត។
បញ្ហានេះ ទាំងប្រជាពលរដ្ឋ អ្នកឃ្លាំមើលសង្គម និងអ្នកសារព័ត៌មានខ្លះ ប្រចាំខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើល និងមានចម្ងល់ទៅលើ ការពាក់ឯកសណ្ឋានយោធា របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាឱកាស លោកអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាបុណ្យឯករាជជាតិ និងខួបកំណើតកងយោពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣-២០១៧ ដែលបានរៀបចំឡើង នៅទីបញ្ជាការមូលដ្ឋានសមុទ្ររាម កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
នាឱកាសនោះ លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ បានស្លៀកសម្លៀកបំពាក់ជាឯកសណ្ឋានកងយោធពលខេមរភូមិន្ទ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក បានចូលរួមជាកិត្តិយសជាមួយ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ទិវាបុណ្យឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣-៩វិច្ឆិកា ឆ្នាំ២០១៧ នាទីបញ្ជាការមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។
ទាក់ទិនចម្ងល់នេះ មន្ត្រីបំរើការងារនៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ ស្នើមិនបញ្ចេញឈ្មោះបានឲ្យអ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុ ដឹងថា លោក យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា តម្លើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក(ផ្កាយ៣) នាពេលកន្លងមកទៅ ប៉ុន្តែមិនបានបង្ហាញកាលបរិច្ឆេទ ឬឯកសារពាក់ព័ន្ធនោះទេ។
យ៉ាងណាក៏ដោយចុះ ទាំងសាធារណៈជន អ្នកកាសែត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បំរើការងារនៅតាមស្ថាប័នមួយចំនួន នាខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ បានបន្តលើកយកករណី នៃការស្លៀកពាក់ឯកសណ្ឋានយោធាពាក់ផ្កាយ ៣ របស់ លោក យន្ត មីន មកជជែកគ្នា នៅតាមតុកាហ្វេ និងតាមបណ្តាញសង្គមមួយចំនួនអំពីតួនាទីបច្ចុប្បន្ន ដែលរូបលោកធ្វើជាអភិបាលខេត្តព្រះសីហនុ។ ប៉ុន្តែពួកគេ មានចម្ងល់ថា ហេតុអ្វីបានជាត្រូវបានព្រះមហាក្សត្រ បន្តតម្លើងឋានន្តរស័ក្តិ នៅក្នុងស្ថាប័នកងយោពលខេមរភូមិន្ទ ដែលលោក យន្ត មីន ត្រូវបានរាជរដ្ឋាភិបាល សម្រេចផ្ទេរក្របខ័ណ្ឌនាយទាហាន នៃកងយោពលខេមរភូមិន្ទ ជូនលោក យន្ត មីន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ឲ្យទៅបំរើការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅហើយនោះ៕ ដោយ៖ សត្យា