កណ្តាល៖ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានប្រកាសជាអ្នកការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ បានចាត់ទុកការឃោសនារបស់សម្តេចក្រុមព្រះ កាលពីពេលថ្មីៗនេះ ដោយយករបបរាជានិយម ជាកម្មសិទ្ធិផ្តាច់មុខ ក្នុងការឃោសនារកសំឡេងឆ្នោត គឺជាអំពើឆោតល្ងង់។
សម្តេចតេជោ បានបញ្ជាក់ថា ការយករបបរាជានិយមទៅឃោសនាបែបនេះ អាចប៉ះពាល់ដល់តម្លៃនៃរបបរាជានិយមថែមទៀតផង នៅពេលបក្សនេះមិនទទួលបានការគាំទ្រ និងកៅអ៊ីនៅក្នុងសភា។
នៅក្នុងវេទិកានៃជំនួបជាមួយកម្មករ កម្មការិនីមកពីរោងចក្រសហគ្រាសនៅស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន មិនបានចុចចំឈ្មោះ គណបក្សនយោបាយណាមួយនោះឡើយ។ ប៉ុន្តែគេអាចដឹងបានដឹងថា ក្នុងសារនយោបាយនា ទំនឹងជាសំដៅដល់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ព្រោះថា គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតែថ្លែងសារនយោបាយរបស់ខ្លួនថា គណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សរាជានិយម សីហនុនិយម។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងពេលចុះជួបប្រជាពលរដ្ឋនៅខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅថា បានមានព្រះរាជបន្ទូលថា គណបក្សហ្វ៊ុនស៊ិនប៉ិច គឺប្រកាន់ខ្ជាប់របបរាជានិយម និងសីហនុនិយម ហើយរបបនេះបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ សម្តេចក្រុមព្រះមានព្រះបន្ទូលបន្ថែមថា ប្រសិនបើគណបក្សព្រះអង្គជាប់ឆ្នោត ព្រះអង្គនឹងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាង ខ្លាំងក្លាចំពោះគណបក្សនយោបាយ ដែលបានយករបបរាជានិយម ជាកម្មសិទ្ធិផ្តាច់មុខ ក្នុងការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានហៅការឃោសនាដោយយករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខ ដើម្បីស្វែងរកគាំទ្រពីម្ចាស់ឆ្នោតនេះមិនល្អនោះឡើយ ហើយគួរតែមានការអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋគាំទ្ររបបរាជានិយមទាំងអស់គ្នាទើបជាការប្រសើរ។ “មានអ្នកខ្លះតាំងខ្លួនជាគណបក្សរាជានិយម ដោយយករាជបល្ល័ង្ក និងរាជានិយម យកមកផ្សារភ្ជាប់ ដើម្បីធ្វើជាដើមទុន ធ្វើការឃោសនានយោបាយ មិនមែនជារឿងល្អទេ របបរាជានិយម បើទុកគ្រាន់តែគណបក្សនយោបាយមួយការពារមិនគ្រប់គ្រាន់ទេ។ អំពើឆោតល្ងង់របៀបនេះ មិនត្រូវយកមកប្រើទេ ត្រូវប្រមូលបណ្តាបក្សនយោបាយទាំងអស់ ចូលរួម ប្រជាជនទាំងអស់ការពាររបបរាជានិយម ទើបរបបរាជានិយម ទៅបាន។ វាច្បាស់ណាស់ វាជាការបន្ថោកបន្ទាបរបបរាជានិយម ប្រសិនបើអ្នកទៅឃោសនាថា ខ្ញុំជារាជានិយម ប៉ុន្តែបែរជាអត់សំឡេងឆ្នោត បែរជាអត់មានកៅអ៊ីនៅក្នុងសភា ។
តើព្រះមហាក្សត្រ ព្រះអង្គនឹងត្រូវទទួលការប្រមាថបែបណា។ សម្តេចហ្លូងម៉ែ ហើយកាលពីអតីតកាលសម្តេចឪ នៅមានព្រះជន្ម តើព្រះអង្គមានព្រះទ័យបែបណា ពិបាកចិត្តបែបណា នៅពេលដែលគេប្រើព្រះកោត្តនាមរបស់ព្រះអង្គទៅធ្វើការឃោសនា ។ យករាជានិយមទៅធ្វើការឃោសនា រាជានិយមជារបស់រួមមិនមែនជារបស់គណបក្សនយោបាយណាមួយឡើយ ហើយខ្ញុំគឺជាមនុស្សម្នាក់ ដែលឈរការពាររាជបល្ល័ង្ក ឈរការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ខ្ញុំបានស្បថស្បែជាមួយព្រះបរមរតនកោដ្ឋ ហើយអាចចាក់ផ្សាយឡើងវិញ ហើយតាំងពីពេលនោះ រហូតមកដល់ពេលនេះ សម្តេចឪ សម្តេចតា សម្តេចតាទូតរបស់យើង សោទិវង្គតទៅ តើរបបរាជនិយមបានចុះខ្សោយឬទេ ? ឥឡូវនេះ នៅទីនេះ មើលឃើញហើយ មានព្រះឆ័យាលក្ខណ៍របស់ព្រះមហាក្សត្រ មានទង់ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ដែលជាបាវចនាទាំងបី តើអ្នកណាជាអ្នកនាំអាតធ្វើរឿងនេះ មិនមែនអ្នកក្រៅរដ្ឋាភិបាលទេ គឺអ្នកនៅក្នុងរាជរដ្ឋាភិបាល” ។ សម្តេចតេជោ បានថ្លែងបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចមិនជាប់សែស្រឡាយរាជវង្សនោះទេ ប៉ុន្តែសម្តេចជាអ្នកការពាររបបរាជានិយម ហើយបើមាននរណាម្នាក់ចង់រំលាយរបបរាជានិយមនេះ សូមកន្លងសពសម្តេចជាមុនសិនទៅ។ ” ខ្ញុំប្រកាសម្ដងហើយម្ដងទៀត បើចង់រំលាយរាជានិយម ត្រូវកន្លងសពហ៊ុនសែនសិន ព្រោះយើងនៅក្នុងក្របខណ្ឌប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ សូម្បីតែរដ្ឋសភាក៏គ្មានសិទ្ធិធ្វើវិសោធនកម្មចំណុចនេះដែរ នេះគឺជាការដាស់តឿន ចំពោះអ្នកដែលបានប្រើប្រាស់ រាជានិយមធ្វើជារបស់ផ្ដាច់មុខ។ សូមកុំយករាជានិយមធ្វើជារបស់ផ្ដាច់មុខ បើទោះបីខ្លួនជារាជវង្សក៏ដោយ។ កុំភ្លេចថា បើគ្មានការការពាររបស់ប្រជាពលរដ្ឋ ហើយគ្មានការការពារដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលចេញពីគណបក្សប្រជាជន សួរថាតើរាជានិយម និងរាជវង្សនេះ អាចមានលទ្ធភាពនៅបានទេ”។នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ៕ ដោយ៖បញ្ញាស័ក្តិ