Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនៈ គ្រុប ប្រារព្វ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល របស់​ខ្លួន​ដ៏​អធិកអធម​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​!

​នា​ថៃ្ង​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ វឌ្ឍនៈ គ្រុប បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង ស​មេ្តច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​មាន​ការចូលរួម​ពី​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹកនាំ​សំខាន់ៗ រួម​ទាំង​អង្គទូត​នានា ឧកញ៉ា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ក្នុង​ពិធី​ដ៏​អធិកអធម​នេះ ក៏​មាន​រៀបចំ ការ​បញ្ចាំង​ភ្លើង​លម្អ​រចនា​ចេញ​ជា​ស្លាក​សញ្ញា​អគារ​និង ទង់ជាតិ​ខ្មែរលើ​តួ​អគារ​ទាំងមូល ការបាញ់​កាំជ្រួច​ដ៏​ស្រស់ស្អាត នា​ពេល​រាត្រី ដើម្បី​បង្ហាញជូន​សាធារណ​ជន​ទាំង​អស់ ឱ្យបាន​ដឹង​ពី​ព្រឹត្តិការណ៍​មួយ​នេះ​ផង​ដែរ​។​

 

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោកជំទាវ​ឧកញ៉ា ឈុន លាង សហ​ស្ថាបនិក វឌ្ឍនៈ គ្រុប បាន​លើកឡើង​ថា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​និមិត្តរូប​នៃ​ភាពជោគជ័យ​មួយ​ក្នុង​ការខិតខំ​កសាង​ប្រទេសជាតិ​ឡើងវិញ របស់ ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល តាំង​ពី​បាទដៃ​ទទេរ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​វិស័យ​ឯកជន​ក្នុង​ការចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​នាំមក​នូវ​ភាព​ចម្រុងចម្រើន​ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ លោកជំទាវ​ឧកញ៉ា ក៏​បាន​សង្កត់ធ្ងន់ថា លោកជំទាវ នៅ​ចងចាំ​អំពី​ការលំបាក និង​កិច្ចខិតខំ​របស់​រាជរដ្ឋាភិបាល ដែល​ដៃ​ម្ខាង​ខិតខំ​កសាង​សន្តិភាព និង​ដៃ​ម្ខាង​ទៀត​ខិតខំ​ស្តារ​សេដ្ឋកិច្ចជាតិ​។ ក្នុងនាម ជា​វិនិយោគិន​ខ្មែរ​មួយ​រូប លោកជំទាវ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ប្ដេជ្ញាចិត្ត​មិន​ចាក​ឆ្ងាយ​ចោល​ប្រទេសជាតិ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ វឌ្ឍនៈ​គ្រុប បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ក្នុង​ការត្រួសត្រាយ​ដើម្បីឱ្យ​លេចចេញ​ជា​រូបរាង​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដ៏​ស្រស់បំព្រង​មួយ​នេះ ហើយ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប ២៥០​លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយ​នឹង​ត្រូវ​វិនិយោគ​ជា​បន្តបន្ទាប់​ទៀត​។​

​ថ្លែង​នៅក្នុង​ទិវា​ដ៏​មហា​នក្ខត្តឫក្ស ឧត្ដុង្គឧត្ដម​នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​អារម្មណ៍​រំភើប​លាយឡំ​ជាមួយ​ភាព​ក្ដុកក្ដួល នៅពេល​ឃើញ​វិស័យ​ឯកជន​បាន​រីកចម្រើន​ធំធាត់ ហើយ​មិន​បំភ្លេច​ដើម​កំណើត​របស់​ខ្លួន​ចេញ​ពី​ទីណា​។ សម្ដេច​ពិតជា​មាន​មោទនភាព នៅពេល​បាន​ឃើញ​ប្រទេសជាតិ​មាន​ការរីកចម្រើន និង​មាន​វត្តមាន​អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ​ដូច​ជា អគារ​វឌ្ឍនៈ កា​ពី​តា​ល​។ សម្ដេច​បាន​បន្តទៀតថា ការ​ដាក់​សម្ពោធ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​សមិទ្ធិផល​ថ្មី​សន្លាង​មួយទៀត​របស់​កម្ពុជា​ក្រោយ​ការឆ្លងកាត់​ដំណាក់កាល​ដ៍​សែន​លំបាក​ជា​ច្រើន​បន្ទាប់​ពី​ប្រទេស ត្រូវបាន​បំផ្លិចបំផ្លាញ ដោយ​ភ្លើងសង្គ្រាម​ប្រមាណ​ជាង​៣​ទសវត្ស ហើយ​មិន​សល់​អ្វី​សោះ​ក្រោយ​ឆ្នាំ​១៩៧៩​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ត្រូវបាន​ស្ថាបនា​យ៉ាង​ល្អិតល្អន់ ដោយ​រចនា​ជា​និមិត្តរូប “​នាគរាជ​” ដើម្បី​បង្ហាញ​ពី​ភាពរស់រវើក រឹងមាំ​ខ្លាំងក្លា ភាព​រីកចម្រើន​ជឿនលឿន​អស្ចារ្យ និង​ភាពត្រជាក់ត្រជុំ សុខសន្តិភាព​បរិបូរណ៍​ក្នុង​យុគសម័យ​សម្តេច​តេជោ​។ រីឯ​គូប​កញ្ចក់​លើ​គ្រោង​អគារ គឺជា​តំណាង​ប្រទេស​កម្ពុជា ជា​គុជ​ប្រចាំ​អាស៊ី​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ប្រកបដោយ​សក្តានុពល​ល្អ​បំផុត មាន​ផ្ទៃក្រឡា​សំណង់​អគារ​សរុប ១៣១.០០០​ម​២ និង មាន​កម្ពស់ ១៨៧,៣​ម៉ែត្រ មាន​ចំនួន ៣៩ ជាន់ គឺជា​អគារ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​ការរស់នៅ​បែប​ស៊ីវិល័យ ជួយ​លើកស្ទួយ​សោភ័ណភាព​ទីក្រុង​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក វឌ្ឍនៈ គ្រុប គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​នូវ​ធុរកិច្ច​ថ្មីៗ និង​សហគមន៍​រស់នៅ លំដាប់​បទដ្ឋាន​អន្តរជាតិ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ត្រូវបាន​រចនា​ប្រកបដោយ​សិល្បៈ​ដ៏​រស់​រវើក ហើយ​បាន​បំពាក់​នូវ​បរិក្ខា​ទំនើបៗ ប្រកបដោយ​គុណភាព​ខ្ពស់ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ រួមមាន ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​អគារ ប្រព័ន្ធ​អគ្គិភ័យ ប្រព័ន្ធ​សុវត្ថិភាព ការអភិរក្ស​ប្រភព​ថាមពល និង​ការការពារ​ទៅលើ​បរិស្ថាន​។ នៅក្នុង​ឆ្នាំ​២០១២ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​អគារ​តែមួយ​គត់​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ល្អ​ដាច់​គេ ក្នុង​ប្រទេស​អាស៊ាន ដែល​នេះ​ជា​មោទនភាព និង​កិត្តិយស​ដំបូង​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ ។ បន្ថែម​ពីលើ​នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ក៏​ទទួល និង​រក្សាបាន​នូវ​វិញ្ញាបនបត្រ​មាស LEED (Leadership in Energy and Environmental Design) ពី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​២០១៦ ដែល​ទទួល​ស្គាល់​ថា​ជា​អគារ​មាន​លក្ខណៈ​ឈាន​មុខ​គេ​លើ​ផ្នែក​ថាមពល និង​បរិស្ថាន ហើយ​បំពេញ​គ្រប់​លក្ខខណ្ឌ​បទដ្ឋាន​បរិស្ថាន​ឥតខ្ចោះ និងឧ​ត្ត​មានុ​ភាព កម្រិត​ពិភពលោក​។​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពហុ​មុខងារ ដែល​ជា​ការអភិវឌ្ឍ​ដំបូងបង្អស់​យ៉ាង​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ចែកចេញ​ជា​ផែ្ន​ក​សំខាន់ៗ​ដូចជា​៖

-​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល – គឺជា​ផ្សារ​ប្រណិត​ដំបូង​គេ​លាតសន្ធឹង​៣​ជាន់ ដែល​សំបូរ​ទៅ​ដោយ​ម៉ាក​ល្បីៗ លំដាប់​អន្តរជាតិ​ដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម​។ បន្ថែម​ពី​នេះ ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ក៏​មាន​សេវាកម្ម​ផ្សេងៗ ដូចជា​៖ ការិយាល័យ​កណ្តាល​ធនា​គារ​វឌ្ឍនៈ ដែល​ផ្តល់​សេវាកម្ម​ធនាគារ​៧​ថៃ្ង​ក្នុង​១​សប្តាហ៍ និង​សេវាកម្ម​បង់ប្រាក់​ព​ន្ឋ​-​អាករ​គ្រប់​ប្រភេទ ព្រមទាំង​មាន​ភោជនីយដ្ឋាន​ផ្សេងៗ​ទៀត​ដូចជា ហាង​លក់​តែ​និង​ម្ហូប TWG និង​ហាង​អាហារ​បារាំង Eric Kayser ជាដើម​។​

-​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម – ការិយាល័យ​កម្រិត​ខ្ពស់ (Grade A)​ផ្តល់ជូន​នូវ​ទីកន្លែង​ដ៏​មាន​ផាសុខភាព សុវត្ថិភាព​ខ្ពស់ ហើយ​មាន​បែងចែក​ជា​បន្ទប់​ប្រណិត ការិយាល័យ​ធំៗ ដែល​បំពេញ​ទៅតាម​តម្រូវការ​របស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដោយ​មាន​ភ្ជាប់​ជាមួយ​នឹង​ប្រព័ន្ឋ​គ្រប់គ្រងម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ប្រព័ន្ធ​ជណ្តើរយន្ត​ទំនើប និង​ប្រព័ន្ធ​ការពារ​ផ្សេងៗ​ទៀត ។

-​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រណិត​ភាព -(Lifestyle Cube) ជាទី​តាំង​ការិយាល័យ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទីតាំង​គ្លីនិក​ទន្តសាស្ត្រ Denriche Asia សេវា​សម្ព​ព និង​ការិយាល័យ​សំខាន់​ផ្សេងៗ​ទៀត​។​

-​សណ្ឋាគារ រ៉ូស​វូដ ភ្នំពេញ លំដាប់​ផ្កាយ​៥ – ចាប់ពី​ជាន់​ទី​២៥ ដល់ ជាន់​ទី​៣៩ បំពាក់​ទៅ​ដោយ​សម្ភារ​ប្រណិត​ទំនើបៗ​មាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន​១៧៥​បន្ទប់ រួម​មាន​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​៣៧ ជាមួយ​ទំហំ​ចាប់ពី​៥០ ទៅដល់ ២២៥​ម៉ែត្រការ៉េ​។ លើសពីនេះ ក៏មាន ក​នែ្ល​ង​ហាត់ប្រាណ អាង​ហែល​ទឹក សាលប្រជុំ​ចំនួន​៥ ភោជនីយដ្ឋាន​ចំនួន​៥ ប្រភេទ​ផ្សេងៗ​គ្នា​ចាប់ពី​ជាន់​ទី ៣៥ ដល់​ជាន់​ទី​៣៩ ដែល​មាន​ដូចជា​៖
Brasserie Louis (​ជាន់​ទី​៣៥): ផ្តល់ជូន​នូវ​ម្ហូប​បែប​បារាំង និង​ខ្មែរ សម្រាប់​អាហារ​ពេលព្រឹក ថៃ្ង​ត្រង់ និង​ពេល​ល្ងាច
The Living Room (​ជាន់​ទី​៣៥): ផ្តល់ជូន​អាហារ​ពេលព្រឹក និង​អាហារសម្រន់​បែប​ប្រណិត​សម្រាប់​ពេល​រសៀល និង ពេល​ល្ងាច រួម​នឹង​កាហ្វេ តែ និង​នំ​ផ្សេងៗ​។​
Iza (​ជាន់​ទី​៣៧): ម្ហូប​បែប​ជប៉ុន Izakaya ផ្តល់ជូន​នូវ​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច ដែល​មាន​បង្ហាញ​ស្នាដៃ​ចុងភៅ​ផ្ទាល់ៗ និង​ស្រា​ជប៉ុន​ដ៏​សំបូរបែប ។​
Sora (​ជាន់​ទី ៣៧): ជា​បារ​លំហ​មេឃ​សម្រាប់​លំហែកាយ​នាពេល​រាត្រី ដែល​មាន​ទីតាំង​នៅ​ជម្រាល​ខ្នង​អគារ ដែល​ផ្តល់ជូន​សេវា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៥​ល្ងាច រហូតដល់​យប់​។​
Cuts (​ជាន់​ទី​៣៨): ជា​ភោជនីយដ្ឋាន​ដែល​ផ្តល់ជូន​ប្រភេទ​សាច់គោ និង​គ្រឿង​សមុទ្រ ដែល​មាន​គុណភាព​ខ្ពស់ និង​ជា​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ទីតាំង​ខ្ពស់​ជាងគេ​ក្នុង​សណ្ឋាគារ ជាពិសេស​គឺ​នៅ​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​អាច​មើល​ទេសភាព​នៅ​បរិវេណ​ជុំវិញ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដែល​ជា​និមិត្តរូប​នៃ​ភាពជោគជ័យ​របស់​កម្ពុ​ជា មាន​ផ្ដល់ជូន​លោកអ្នក​នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ និង​ទំនិញ​ម៉ាក​ប្រណិត​ល្បីៗ ព្រមទាំង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​នៃ​រចនាបទ​រស់នៅ​បែប​ស៊ីវីល័យ​។​សូម​អញ្ជើញ​សាធារណជន​ទាំងអស់គ្នា ចូលរួម​ទទួលយក​បទពិសោធន៍​ថ្មីៗ​នូវ​ការផ្តល់ជូន​ដ៏​អស្ចារ្យ​ជាង​គេ​ពី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដ៏​ប្រណិត ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​ព្រះមុនី្នវង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
សូម​អញ្ជើញ​ចូល​ទស្សនា​គេហទំព័រ​តាមរយៈ ​https://www.vattanaccapital.com/
​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម +855 (0)23 938 888
​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​សណ្ឋាគារ រ៉ូស​វូដ ភ្នំពេញ +855 (0)23 936 888

×