Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង​៤​ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រមាណ​៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ​

​​បាត់ដំបង​៖ កម្ពុជា​មាន​លទ្ធភាព​បង្កើត​ឧស្សាហកម្ម​ធុន​ធ្ងន់ ដូចជា រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​ខេត្ត​បាត់ដំបង​នេះ ដែល​បច្ចុប្បន្ន​នេះ តាម រយៈ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង​៤​រាប់​ទាំង​រោងចក្រ​នៅ​បាត់ដំបង​នេះ​អាច​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​សរុប​ប្រមាណ​៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ ឲ្យប្រើ​ប្រាស់​រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត (Battambang Conch Cement Company Limited) មាន​ទីតាំង​នៅ​តំបន់​ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​។​

​រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន​នេះ ត្រូវបាន​សង់​នៅលើ ផ្ទៃដី​សរុប​ទំហំ ៣១៦​ហិកតា និង​ប្រើ​រយៈពេល​សាងសង់​ចំនួន ១៨​ខែ គិត​ចាប់តាំងពី​ចុងឆ្នាំ​២០១៦​។ ការបង្កើត​រោងចក្រ​នេះ បាន​ប្រើ​ទុន​វិនិយោគ​ប្រមាណ ២៣០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Conch International Holding (HK) Limited និង​ក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាង​ដោយ​អ្នកឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោក​ឧកញ៉ា វិញ ហួរ​។ រោងចក្រ​ស៊ីម៉ងត៍​នេះ មាន​សមត្ថភាព ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ៥០០០ តោន​ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​ជិត ២​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Conch International Holding (HK) Limited តំណាង​ដោយ​ភាគី​ចិន និង​ក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាង​ដោយ​អ្នកឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោក​ឧកញ៉ា វិញ ហួរ នៃ​ប្រទេស​កម្ពុជា​។ កម្ពុជា​ពិតជា​មាន​មោទនភាព​ណាស់ ដែល​មាន​លទ្ធភាព​បង្កើត​ឧស្សាហកម្ម​ធុន​ធ្ងន់ ដូចជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នេះ ដែល​បច្ចុប្បន្ន​នេះ តាម រយៈ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ទាំង​៤​រាប់​ទាំង​រោងចក្រ​នៅ​បាត់ដំបង​នេះ​អាច​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​សរុប​ប្រមាណ​៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ ដែល​ទាំងអស់​នេះ​គឺជា​តម្រូវការ និង​ជា​ផល​ចំណេញ​មួយ​សម្រាប់​បំពេញ​តម្រូវការ​ក្នុងស្រុក ដែល​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន ក្នុង​ការសាងសង់​ផ្សេងៗ ដូចជា​ផ្លូវថ្នល់ សាលារៀន និង​សំណង់​អគារ​ផ្សេងៗ​។ សម្រាប់​រោងចក្រ​នេះ មួយ​ឆ្នាំ​អាច​ផលិត​បាន​ប្រមាណ​ជា​២​លាន​តោន គឺ​អាច​ផ្គត់ផ្គង់​ត្រឹមតែ​ខេត្ត​មួយចំនួន​នៅ​តំបន់​នេះ​តែប៉ុណ្ណោះ ដូចជា​ខេត្ត​បាត់ដំបង​ខ្លួនឯង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឬ​សៀមរាប​តែប៉ុណ្ណោះ មិន​អាច​បំពេញ​គ្រប់គ្រាន់​តាម​តម្រូវការ​នៅ​ខេត្ត​ផ្សេងៗ​បានឡើយ ដូច្នេះ​ត្រូវតែ​មាន​ការបង្កើត​បន្ថែ​ម​ទៀត​។ ហើយ​កម្ពុជា​មិន​ត្រឹមតែ​មាន​បំណង ផលិត​ស៊ីម៉ងត៍​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ប៉ុណ្ណោះ​នោះទេ តែ​យើង​នឹង​មាន​បំណង​ផលិត​នាំចេញ​ទៅ​កាន់​ទីផ្សារ ក្រៅ​ស្រុក​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ពី​សមិទ្ធផល​ជាតិ​សំខាន់ៗ​ដែល​កើតមានឡើង​នៅក្នុង​ខេត្ត​បាត់ដំបង​នេះ ដែល​រាជ​រដ្ឋាភិបាន​បាន​ផ្តល់ជូន ក្រោយ​ពី​ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព ដូចជា​ផ្លូវថ្នល់ មន្ទី​ពេទ្យ សាលារៀន វត្ត​អារាម ប្រព័ន្ធធារាសាស្ត្រ និង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ជាថ្មី​ម្តងទៀត នៅ​ព្រឹក​នេះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មី​ថា ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ សម្តេច​តេជោ បាន​ប្រើ​យុទ្ធ​សា​សស្ត្រ​២​សំខាន់​ដែល ទី​១)​គឺ​ការ​ប្រែក្លាយ​តំបន់​សមរភូមិ​លក្តៅ​ដែល​ធ្លាប់រង​ដោយ​សង្គ្រាម​ទៅ​ជា​កន្លែង​ដែល​មាន​ការអភិវឌ្ឍ ជា​កន្លែង​ទីផ្សារ រោងចក្រ​ឧស្សាហកម្ម សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ទី​២) ប្រែក្លាយ​តំបន់​ព្រំដែន​រវាង​ប្រទេស​ជិតខាង ជា​តំបន់​ដែល​មាន​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ជិតខាង​នោះ​។ ជា​ពិសេស​តំបន់​នៃ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​នេះ ពី​អតីតកាល​គឺជា​សមរភូមិ​ក្តៅ​បំផុត ហើយ​ភ្នំ​នេះ​ផ្ទាល់​គឺ​គ្មាន​អ្នកណា​អាច​មក​បាន​នោះទេ គឺ​ពោ​ពេញ​ដោយ​ការប្រយុទ្ធ​គ្នា និង​សំបូរ​ដោយ​គ្រាប់​មីន ក៏ប៉ុន្តែ​ដោយសារ​តែ​នយោបាយ ឈ្នះ ឈ្នះ បាន​ធ្វើអោយ​តំបន់​នេះ​មាន​សន្តិភាព និង​ការអភិវឌ្ឍ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ ប្រាប់​ទៅ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​នេះ​ថា មាន​ចំណុច​៣ ដែល​សម្តេច​សម្រេចបាន​នូវ​នយោបាយ​ឈ្នះ ឈ្នះ និង​ការធ្វើសមាហរណកម្ម​ជាមួយ​ពួក​ខ្មែរក្រហម​រួមមាន ចំណុច​ទី​១) គឺ​កា​ធានា​អាយុ​របស់​ពួក ខ្មែរក្រហម ទី​២) ធានា មុខរបរ អាជីព​របស់​ពួកគេ​ឲ្យនៅ​ដដែល និង​ទី​៣) ទទួលស្គាល់ និង​រក្សា​ទ្រព្យសម្បត្តិ​ទាំង​ចលនទ្រព្យ និង​អចលនទ្រព្យ​របស់​ពួកគេ ដែល​ចំណុច​ទាំងអស់នេះ​ហើយ​ដែល​ធ្វើ​យើង​បាន​ធ្វើ​សមាហរណកម្ម​ជាមួយគ្នា និង​រួមរស់​ជាមួយ​រាជរដ្ឋាភិបាល​រហូត​ដល់​សព្វថ្ងៃនេះ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​ប្រទេស ដែល​បាន ចូលរួម​ថែរក្សា​សន្តិភាព​រហូតមកដល់​ពេលនេះ ហើយ​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់បន្ត​ចូលរួម​ថែរក្សា និង​ការពារ​សន្តិភាព​នេះ​ជា​បន្ត​ទៀត​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ត​ទៅ​មុខ​ទៀត ជា​ពិសេស​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្ត​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

×