រាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន អេចជីប៊ី គ្រុប (HGB Group) បានប្រកាសសម្ពោធជាផ្លូវការ នូវសាលតាំងលក់ថ្មី របស់ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ ដែលជាក្រុមហ៊ុនលក់ផ្ដាច់មុខ សម្រាប់ម៉ាកយីហោរថយន្តប្រណីតរបស់អង់គ្លេសនេះ ដោយសាលតាំងលក់នេះ ស្ថិតនៅក្នុងរាជធានី ដ៏កុះកររបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Bentley ភ្នំពេញ មានទីតាំងស្ថិតនៅដងមហាវិថីព្រះមុន្នីរ៉េត ហើយមានលក់គ្រប់ម៉ូដែលទាំងអស់ របស់រថយន្ត Bentley ក៏ដូចជា ឈុតសម្ភារៈប្រណីត ដែលសុទ្ធសឹងធ្វើឡើងដោយដៃផ្ទាល់។ សាលតាំងលក់ថ្មីនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីអត្តសញ្ញាណ សកល របស់ក្រុមហ៊ុន Bentley ហើយបង្ហាញពីប្រវត្តិដ៏ត្រចះត្រចង់ របស់ម៉ាកយីហោនេះ នៅក្នុងលំហអគារស្រស់ស្អាត និងទំនើបទាន់សម័យ ដោយមានបំពាក់នូវឧបករណ៍ និងសង្ហារិម ដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន និងមានគុណភាពខ្ពស់ ដែលទាំងអស់នេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញ ពីលក្ខណៈសម្គាល់ របស់រថយន្ត Bentley ពិតៗ។
លោក ដេវីដ ជេកសុន (David Jackson) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ ក្រុមហ៊ុនរថយន្ត Bentley Motors បានមានប្រសាសន៍ថា៖ “សាលតាំងលក់ថ្មីនេះ ត្រូវបានរចនាឡើង ដើម្បីជួយឲ្យអតិថិជន របស់យើង មានចក្ខុវិស័យរឹងមាំ ភ្លឺថ្លា និងទាន់សម័យ បានយល់ពីម៉ាកយីហោរថយន្ត Bentley ហើយសាលនេះ ត្រូវបានតុបតែង នូវភាពប្រណីតក្នុងកម្រិតស្មើគ្នា នឹងភាពប្រណីតដ៏ល្បីល្បាញ របស់រថយន្តយើងខ្ញុំផងដែរ។ ការសម្ពោធសាលតាំងលក់រថយន្ត Bentley ប្រចាំទីក្រុងភ្នំពេញ នៃព្រះរាជា ណាចក្រកម្ពុជា គឺជាការចាប់ផ្ដើមនូវទំព័រប្រវត្តិសាស្ត្រថ្មី និងសបញ្ជាក់ឲ្យឃើញ ពីការកើនឡើងនូវវត្តមាន ដ៏រឹងមាំរបស់រថយន្ត Bentley នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ហ៊ឺហ្វ្រីដ ហាសេនហ៊ល (Herfried Hasenoehrl) នាយកប្រតិបត្តិនៃក្រុមហ៊ុន អេចជីប៊ី គ្រុប បានប្រកាសថា៖ “យើងមានសេចក្តីរីករាយ ដែលក្រុមហ៊ុន HGB Group ត្រូវបានតែងតាំង ដើម្បីធ្វើជាតំណាងឲ្យម៉ាកយីហោរថយន្ត Bentley ដែលជាម៉ាកយីហោរថយន្តពិសេស និងទទួលបានការគោរពកោតសរសើរយ៉ាងខ្លាំង។ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព ក៏ដូចជាស្ថិរភាពនយោបាយ។ សហគ្រិន និងម្ចាស់អាជីវកម្មជោគជ័យ កំពុងតែបង្កើតភាពជោគជ័យ នៅក្នុងសហគមន៍ពាណិជ្ជកម្ម។ ដូច្នេះ គ្មានអ្វីដែលគួរភ្ញាក់ផ្អើលទេ នៅពេលដែលមើលឃើញថា នៅកម្ពុជាកំពុងមានការកើនឡើងនូវការឲ្យតម្លៃចំពោះហត្ថកម្មដែលមានគុណភាពខ្ពស់ ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងភាពឥតខ្ចោះនៃដំណើរការ សម្រាប់ផលិតផលផ្សេងៗ។ យើងនឹងធ្វើការបម្រើសេវាកម្ម ដល់អតិថិជនរបស់យើង នៅក្នុងសាលតាំងលក់ថ្មីនេះ ក៏ដូចជា នៅឯទីតាំងផ្ដល់សេវាកម្មថែទាំ ដែលបច្ចុប្បន្ននេះក៏កំពុងបើកទ្វារ ដើម្បីស្វាគមន៍ដល់ម្ចាស់រថយន្ត Bentley ផងដែរ។
សាលតាំងលក់ថ្មីដ៏ទំនើបទាន់សម័យនេះ គឺជាសមិទ្ធផលមួយទៀត នៃការបោះជំហានរបស់ក្រុមហ៊ុនរថយន្ត Bentley ក្នុងទីផ្សារកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន អេចជីប៊ីគ្រុប គឺជាក្រុមហ៊ុនលក់ផ្ដាច់មុខសម្រាប់រថយន្ត Bentley នៅរាជធានីភ្នំពេញ ហើយនឹងមានលក់គ្រប់ម៉ូដែលទាំងអស់ ដល់អតិថិជន រួមមាន ម៉ូដែល Mulsanne, Bentayga, Flying Spur និងរថយន្ត Continental GT ស៊េរីថ្មី។
ក្រុមហ៊ុន Bentley ភ្នំពេញ ក៏មានមោទនភាពក្នុងការបង្ហាញរថយន្ត Bentley Bentayga V8 ថ្មី ដែលជាម៉ូដែលថ្មីបំផុត បន្ថែមលើសំណុំម៉ូដែល Bentayga ដែលជារថយន្តឈ្នះពានរង្វាន់ផងដែរ។ ផ្នែកស្នូលនៃរថយន្តនេះ គឺម៉ាស៊ីនសាំង V8 ជំនាន់ថ្មី ប្រើទែរបូភ្លោះ (twin-turbocharged) ចំណុះ 4 លីត្រ ដែលមានកម្លាំងខ្លាំង ហើយសន្សំសំចៃប្រេងច្រើន។
ការបំពាក់នូវសំឡេងម៉ាស៊ីន 8 ដ៏ឥតខ្ចោះ បំពង់ស៊ីម៉ាងភ្លោះដ៏ស្រស់ស្អាត និងជម្រើសហ្វ្រាំងកាបូនសេរ៉ាម៉ិច បង្ហាញឲ្យកាន់តែឃើញពីលក្ខណៈបែបស្ព័រនៃរថយន្ត SUV ដ៏ប្រណីតនេះ។
ប្រព័ន្ធឌីណាមិកជួយបង្កើតកម្លាំងបាន 542 bhp (550 PS) និងរង្វិលជុំម៉ាស៊ីន (torgue) បាន 568 lb.ft (700 Nm) ដែលជួយឲ្យរថយន្តមានល្បឿនលឿនបំផុត 180 mph (290 km/h) និងសន្ទុះល្បឿនឡើងពី 0 ដល់ 60 mph ប្រើពេលតែ 4.4 វិនាទី (សន្ទុះល្បឿនឡើង ដល់ 100 km/h ប្រើពេលតែ 4.5 វិនាទី)។
ដំណើរការលំដាប់ឈានមុខគេរបស់ម៉ូដែល Bentayga V8 ក៏ត្រូវបានបង្ហាញបន្ថែមតាមរយៈ ការបញ្ចេញឧស្ម័នកាបូនិចត្រឹមតែ 260g/km នៅក្នុងការធ្វើដំណើរចម្ងាយ 464 ម៉ែល (746 km) ។ សមត្ថភាពសន្សំសំចៃប្រេង ដែលត្រូវបានអភិវឌ្ឍឡើងវិញ (ជារួម 24.8 mpg ឬ 11,4 លីត្រ/100 km) មួយផ្នែកអាចធ្វើទៅបានដោយសារសមត្ថភាពរបស់ម៉ាស៊ីនអាចផ្អាកដំណើរការស៊ីឡាំងចំនួនបួនក្នុង ចំណោមស៊ីឡាំងចំនួន 8 របស់ម៉ាស៊ីនរថយន្តនេះ ប្រសិនបើរថយន្តស្ថិតក្នុងស្ថានភាពសមស្របណាមួយ ហើយការផ្អាកដំណើរការស៊ីឡាំង នេះពុំធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបើកបរឡើយ។ ដំណើរការផ្លាស់ប្ដូរដ៏រលូននេះគឺធ្វើឡើងក្នុងរយៈពេលត្រឹមតែ 20 មីល្លីវិនាទីប៉ុណ្ណោះ ដែលមិនអាចឲ្យអតិថិជនដឹងថាមានការប្រែប្រួលទាល់តែសោះឡើយ។
ការច្របាច់បញ្ចូលគ្នាជាពិសេសនៃភាពប្រណីតយ៉ាងស្រស់ស្អាត ការបំពាក់សម្រិតសម្រាំង ប្រៀបបាននឹងរថយន្តលីម៉ូស៊ីន ភាពធនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ភាពមានដំណើរការល្អ និងការរចនាដ៏អស្ចារ្យ ធ្វើឲ្យរថយន្ត Bentayga V8 មានចំណុចពិសេសប្លែកគេ និងមិនអាចប្រៀបផ្ទឹមបានឡើយនៅក្នុងទីផ្សាររថយន្ត SUV បែបប្រណីតនេះ។
សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Bentayga V8 ប្រភេទថ្មី សូមចូលមើល ឯកសារព័ត៌មានរបស់រថយន្ត Bentley។
ក្រុមហ៊ុន អេចជីប៊ី គ្រុប ខូ អិលធីឌី (HGB Group Co., Ltd.) គឺជាក្រុមហ៊ុនកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2012 ហើយមានការិយាល័យនៅរាជធានីភ្នំពេញ និងនៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន ធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យយានយន្ត ម្ហូបអាហារ និងភេសជ្ជៈ និងឧស្សាហកម្មពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងឡាវ។
ក្រុមហ៊ុនបានអភិវឌ្ឍខ្លួនយ៉ាងជោគជ័យ ក្លាយទៅជាដៃគូឈានមុខគេសម្រាប់ម៉ាកយីហោយានយន្តលំដាប់អន្តរជាតិ ហើយក៏បានកសាងខ្លួនឲ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារយានយន្តនេះ ជាមួយនឹងអាគារបម្រើសេវាកម្មដែលមានភាពទំនើបប្រណីត ការយកចិត្តទុកដាក់ចំពោះអតិថិជន និងការប្ដេជ្ញាចិត្តក្នុងការផ្ដល់សេវាថែទាំរថយន្តប្រកបដោយគុណភាពជាប់ជានិច្ចតាមរយៈបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលពោរពេញដោយវិជ្ជាជីវៈ។
សាលតាំងលក់ថ្មីរបស់ក្រុមហ៊ុន Bentley ភ្នំពេញ ស្ថិតនៅអគារលេខ 37 មហាវិថីព្រះមុន្នីរ៉េត សង្កាត់វាលវង់ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ (លេខប៉ុស្តិ៍ប្រៃសណីយ៍ 12253) ព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលថែទាំរថយន្តរបស់ក្រុមហ៊ុន Bentley គឺស្ថិតនៅអគារលេខ 379 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (លេខប៉ុស្តិ៍ ប្រៃសណីយ៍ 12406) ព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនរថយន្ត Bentley Motors គឺជាម៉ាកយីហោរថយន្តប្រណីតដែលមានភាពពេញនិយមខ្លាំងបំផុតនៅក្នុងពិភពលោក។ ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងទីក្រុង គ្រូ (Crewe) ជាមូលដ្ឋានសម្រាប់គ្រប់ប្រតិបត្តិការរបស់ក្រុមហ៊ុនរាប់បញ្ចូលទាំងផ្នែករចនាម៉ូត ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផ្នែកវិស្វកម្ម និងផលិតកម្មសម្រាប់សែស្រឡាយម៉ូដែលរថយន្តទាំងបួនរបស់ក្រុមហ៊ុន ដែលមានដូចជា Continental, Flying Spur, Bentayga និង Mulsanne។ ការច្របាច់បញ្ចូលគ្នានូវហត្ថកម្មដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់ជំនាញ ដែលបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ បូកផ្សំជាមួយនឹងជំនាញផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាឈានមុខ គឺជាគោលការណ៍ពិសេសខុសប្លែកពីគេ សម្រាប់ម៉ាកយីហោរថយន្តប្រណីតនានារបស់ចក្រភពអង់គ្លេស ដែលមានដូចជាម៉ាក Bentley នេះជាដើម។ ម៉ាកយីហោរថយន្តនេះក៏ជាតឹកតាងគំរូ សម្រាប់វិស័យផលិតកម្ម ដែលមានតម្លៃខ្ពស់របស់អង់គ្លេស ។ ក្រុមហ៊ុន Bentley មានបុគ្គលិកប្រមាណ 4.000 នាក់នៅឯទីក្រុង Crewe៕ ដោយ៖បញ្ញាស័ក្តិ