ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចូលរួមកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី ២ រវាងកម្ពុជា និងចក្រភពអង់គ្លេស នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងឡុងដ៍ ក្រោមការរៀបចំរបស់ក្រសួងការបរទេសអង់គ្លេស និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា។
នៅអមកិច្ចប្រជុំ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី ២ នេះ គណប្រតិភូកម្ពុជាក៏បានអញ្ជើញចូលរួមព្រឹត្តការណ៍ទីផ្សារទេសចរណ៍ពិភពលោក (World Travel Market) ដែលក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា បានតាំងបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ និងសក្តានុពលទេសចរណ៍ថ្មីៗរបស់កម្ពុជា។
គណប្រតិភូកម្ពុជាក៏បានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Colin Bailey សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Queen Mary University of London ដើម្បីស្វែងរកមាគ៌ាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំ ព្រមទាំងបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនេះ និងបានអញ្ជើញទៅមជ្ឈមណ្ឌលវិបត្តិ (Crisis Centre) ដើម្បីឈ្វេងយល់ដោយផ្ទាល់នូវប្រព័ន្ធឆ្លើយតបទៅនឹងវិបត្តិកម្រិតខ្ពស់របស់ចក្រភពអង់គ្លេស ក្នុងនាមជាអង្គភាពជំនាញគ្រប់គ្រងអាសន្នអន្តរជាតិ ដែលប៉ះពាល់ដល់ប្រយោជន៍ និងពលរដ្ឋរបស់អង់គ្លេស នៅទូទាំងពិភពលោក។
ឯកឧត្តម ឃួន ផុនរតនៈ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា MoU between the Ministry of Economy and Finance of Cambodia and the Export Credits Guarantee Department of the United Kingdom ផងដែរ។ ឯកសារដ៏សំខាន់នេះមានបំណងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ប្រកបដោយចីរភាព ក៏ដូចជាត្រួសត្រាយផ្លូវឆ្ពោះទៅរកគោលដៅនៃការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ខាងមុខ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី