ភ្នំពេញ ៖ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានណែនាំដល់ប្រធាន គធ.ខប សមាជិក គធ.ខប ទាំងអស់ ត្រូវខិតខំអនុវត្តឲ្យបានល្អតាមតួនាទី ភារកិច្ចដូចបានកំណត់ក្នុងច្បាប់ បទបញ្ជានីតិវិធី និងបទបញ្ជាផ្ទៃក្នុង ក្នុងការគ្រប់គ្រង ចាត់ចែង និងរៀបចំការបោះឆ្នោត នៅតាមរាជធានីខេត្ត របស់ខ្លួន។
គ្រូឧទ្ទេសជំនាញរបស់គ.ជ.ប បានធ្វើបទបង្ហាញលើប្រធានបទ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការឃោសនាបោះឆ្នោត ក្រមសីលធម៌ និងនីតិវិធីនៃការដាក់ ការទទួលនិងការដោះស្រាយបណ្តឹង ក្នុងរយៈពេលបណ្តុះបណ្តាល នៅថ្ងៃបិទបញ្ចប់នេះ ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានចេញសេចក្តីប្រកាសអំពីអនុសាសន៍របស់ ណែនាំឱ្យមន្ត្រីបោះឆ្នោតពង្រឹងការងារ ក្នុងដំណាក់កាលឃោសនាបោះឆ្នោត។
លោកប្រធាន ៖ ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត ឲ្យបានស្នើៗគ្នា និងស្របតាមច្បាប់ ។ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា នៅក្នុងរាជធានី ខេត្តរៀងៗខ្លួន ដោយរៀបចំឲ្យមានកិច្ចប្រជុំយ៉ាងទៀងទាត់ ដើម្បីផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ហើយខិតខំដោះស្រាយរាល់បាតុភាពដែលកើតមាន។ លោកបញ្ជាក់ថា “ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរាជធានី ខេត្តនីមួយៗ ព្រោះកត្តាផ្ទៃក្នុងនេះហើយជាកត្តាសំខាន់ ជ័យជំនះ ឬបរាជ័យ ត្រូវចេះរួបរួមគ្នាធ្វើការ ដើម្បីឲ្យការងាររបស់យើងសម្រេចបាន ជោគជ័យ ដូចដែលខ្ញុំធ្លាប់បាននិយាយហើយថា ខ្ញុំត្រូវការប្រៀបធ្វើការមួយប្រៀបដូចជាឃ្មុំ មិនត្រូវការប្រៀបធ្វើជាដង្កូវទេ”។
វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧-២៧ ខែកក្កដា ឆ្នាំ២០១៨។ នៅថ្ងៃទី២៨ ខែឧសភា ជាថ្ងៃ ស មួយថ្ងៃពេញ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕ ដោយ៖បញ្ញាស័ក្តិ