ហេតុការណ៍នេះកើតឡើងនៅភូមិ Naugawan សង្កាត់ Sidhi រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានបង្កនូវការរន្ធត់ ហើយក៏នឹកស្មានមិនដល់ថា នារីម្នាក់ដែលស្លូតបូតដូចជានាង Dhanya បែរជាហ៊ានប្រើកណ្តៀវ កាត់ផ្តាច់ប្រដាប់ភេទរបស់សង្សារ ព្រោះតែបុរសនេះប៉ងបោះបង់នាងចោល ទៅរៀបការជាមួយអ្នកថ្មី ក្រោយពីបានខ្លួនប្រាណនាងអស់រយៈ ៣ឆ្នាំមកហើយអមជាមួយពាក្យសម្បថរាប់មិនអស់ ។
ព្រាននារីត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ ។
រឿងរ៉ាវនេះកើតឡើងនៅយប់ថ្ងៃទី ២៣ ខែមករា នាភូមិតូចមួយ ពេលកណ្តាលអាធ្រាត ។ អ្នកភូមិបានឮសូរសម្រែកហែកស្បៃរាត្រី និងស្រមោលបុរសម្នាក់ ដៃឱប… រត់ដល់កណ្តាលផ្លូវក៏ដួលក្នុងថ្លុកឈាម ។ ពួកគេក៏ប្រញាប់ប្រញាល់នាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយរាយការណ៍ប្រាប់ប៉ូលិស ។ វេជ្ជបណ្ឌិតប្រចាំការឲ្យដឹងថា សំណាងល្អណាស់ក្រោយការវះកាត់អូសបន្លាយពេល ៤ម៉ោង គេតភ្ជាប់បានជោគជ័យនូវឧបករណ៍ “បង្ករឿង” ។
ភ្លាមៗនោះដែរ ប៉ូលិសបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ Darshan Singh អាយុ ២៣ឆ្នាំ រីឯជនដៃដល់ Dhanya អាយុ ២១ឆ្នាំ ។ តាមចម្លើយសារភាពរបស់ Dhanya គឺនៅយប់នោះនាងបានទូរស័ព្ទហៅបុរសជាសង្សារមកផ្ទះខ្លួន ។ ក្រោយការរួមភេទជាមួយគ្នានាងបន្តជជីកសួរ រឿងរៀបការដូចសព្វមួយដង ។ ស្រាប់តែបុរសនោះបានប្រកាសថា ពួកគេមិនអាចជួបគ្នាបានទេ ព្រោះតែគ្រួសារប្រឆាំងហើយបង្ខំឲ្យខ្លួន “រៀបការ” ជាមួយនារីម្នាក់ទៀតក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។ ឈានដល់ដំណាក់កាលនេះ Dhanya យល់ច្បាស់ថា បុរសជាសង្សារ បានរកលេសដោះដៃពីនាង នាងក៏ស្រវ៉ាយកកណ្តៀវដែលនៅក្បែរនោះ មកកាត់ផ្តាច់ប្រដាប់ភេទរបស់ព្រាននារីរូបនេះតែម្តង ។
Dhanya និយាយថា ៖ ស្តាយណាស់ដែលនាងពុំបានកម្ចាត់ចោលបានប្រដាប់បន្តពូជរបស់ព្រាននារីរូបនេះ ដើម្បីកុំឲ្យវាបន្តធ្វើបាបនារីដទៃទៀត ។ នាងថែមទាំងក្លាហានប្រាប់ទៅប៉ូលិសថា ខ្ញុំចង់ឲ្យរឿងនេះ បានផ្សព្វផ្សាយជាសាធារណៈទុកជាមេរៀនដល់ស្ត្រីទាំងពួង ទោះបីជាខ្ញុំត្រូវប្រឈមមុខនឹងទណ្ឌកម្មរបស់ច្បាប់ក៏ដោយ ៕ លីសា