ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ៖ ខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នាពេលនេះ គឺជាទិវាដ៏សំខាន់ ដើម្បីបង្ហាញពីការដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលកន្លងមក បានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងកិច្ចការពារជាតិមាតុភូមិ។
នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងនៅឆ្នាំ២០០៧ដើម្បីរំលឹកនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូ និងធ្វើពលីកម្មដ៏អង់អាចក្លាហានដើម្បីជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ជាប្រធាន គឺបានធ្វើសកម្មភាពដោះស្រាយបញ្ហា និងជួយលើកកម្ពស់ជីវភាព របស់អតីតយុទ្ធជន ឲ្យបានកាន់តែល្អប្រសើរ ជាបន្តបន្ទាប់។
សម្តេចតេជោបានរំលឹកពីសោកនាដកម្មដែលកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមដែលបានបំផ្លាញអ្វីៗស្ទើរទាំងស្រុងរួមទាំងអាយុជិវិតមនុស្សដែលបច្ចុប្បន្នបានបន្សល់ចំនួនអតីតយុទ្ធជន ជនពិការជាច្រើនផងដែរ។ ក្រោយជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ៧មករាន១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតជោ គឺបានប្រែក្លាយប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព និងអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ចំពោះអតីតយុទ្ធជនកម្ពុជាគឺត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាបន្តបន្ទាប់តាមរយៈការផ្គត់ផ្គង់ផ្នែកជីវភាពរស់នៅនិងតម្រូវការផ្សេងៗជាច្រើនទៀត។
នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវសកម្មភាព នៃការសាងសង់ផ្ទះបន្ថែម ឲ្យបានច្រើនថែមទៀត ជូនដល់បងប្អូនអតីតយុទ្ធជន ដែលក្នុងនោះ សម្តេចបានសម្រេចដកថវិកា ពីមូលនិធិអតីតយុទ្ធជនកម្ពុជា ចំនួន១លានដុល្លារអាមេរិក ដើម្បីយកមកធ្វើផ្ទះជូនបងប្អូនអតីតយុទ្ធជន។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់សាច់ប្រាក់ ដល់ស្ត្រីជាពលរដ្ឋក្រីក្រ ក្នុងពេលមានផ្ទៃពោះ និងពេល សម្រាលកូន គឺចាប់ពីឆ្នាំ២០១៩ ទៅប្រជាពលរដ្ឋក្រីក្រ ពេលមានផ្ទៃពោះ និងសម្រាលកូន នឹងទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីរដ្ឋក្នុងពេលអំឡុងមានផ្ទៃពោះ ទទួលបានសាច់ប្រាក់៤ដង ដោយក្នុង១ដង គឺនឹងទទួលបាន៤ម៉ឺនរៀល។ នៅពេលឆ្លងទន្លេគឺទទួលបានសាច់ប្រាក់ ២០ម៉ឺនរៀល និងក្រោយពេលសម្រាលកូនទទួលបាន១០ដង ដោយក្នុង១ដងទទួលបានសាច់ប្រាក់៤ម៉ឺនរៀល។
នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលខាងមុនចំពោះស្ត្រីដែលជាមន្ត្រីរាជការពេលសម្រាលកូនគឺទទួលបានសាច់ប្រាក់៨០ម៉ឺនរៀល និង ស្ត្រីជាកម្មការនីទទួលបាន ៤០ម៉ឺនរៀល៕ ដោយ ៖ បញ្ញាស័ក្តិ