នៅថ្ងៃទី ៣ ខែមិថុនា លោក Suthep Thaugsuban មេក្លោងនៃកងកម្លាំងអាវលឿងថៃ បានវិលត្រឡប់មកឆាកនយោបាយថៃវិញដោយឈរក្រោមទង់របស់គណបក្សសម្ព័ន្ធភាពប្រតិបត្តិការដើម្បីថៃ ។ (ACT) ហើយប្រកាសថា ប្តេជ្ញាចិត្តការពាររដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដែលបង្កើតឡើងដោយរដ្ឋការយោធា ។
លោក Suthep Thaugsuban
ទន្ទឹមនឹងការអះអាងពីគោលជំហរការពាររាជានិយម លោក Suthep Thaugsuban ប្រកាសថា ACT គឺជាបាតុភូតនយោបាយថ្មីព្រោះថាគឺជាបក្សពលរដ្ឋ ហើយស្តាប់តាមមតិពលរដ្ឋប៉ុណ្ណោះ ។
លោក Suthep Thaugsuban ក៏បានអះអាងថា គោលនយោបាយរបស់គណបក្សនេះ ក៏នឹងប្រឆាំងតបចំពោះការលើកលែងទោសចំពោះទណ្ឌិតនយោបាយ។
គួររំលឹកថា លោក Suthep Thaugsuban ធ្លាប់ជាមេដឹកនាំនៃបណ្តាបាតុកម្មតាមដងវិថីនៃក្រុងបាងកក ដោយក្នុងនាមគណៈកម្មាធិការកែទម្រង់ប្រជាធិបតេយ្យប្រជាជន (PDRC) ដែលនាំឲ្យកើតមានការផ្តួលរំលំនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលមកពីគណបក្សភឿថៃ ៕ សូយន