ក្រោយការថ្លែងយោបល់ខាងលើ កាសែតអប់រំវៀតណាម បានសម្ភាសន៍សាស្ត្រាចារ្យបណ្ឌិត សិល្បៈករប្រជាជនជា “គោរម្យងារ” ខ្ពស់បំផុត សម្រាប់មនុស្សដែលធ្វើការងារសិល្បៈនិងការងារតំណាងរាស្ត្រវ័យចំណាស់ Nguyen Lan Dung ។
អ្នកកាសែត ៖ លោកសាស្ត្រាចារ្យបណ្ឌិត ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលស្និទ្ធស្នាលនឹងប្រជាជន តាមលោក តើប្រជាជនវៀតណាម មានចរិតអាក្រក់ណាខ្លះត្រូវតែកែប្រែដើម្បីរួមរស់បានពិភពលោកទំនើបបច្ចុប្បន្ន? លោកសាស្ត្រាចារ្យ Nguyen Lan Dung ៖ ត្រូវនិយាយថា ពុំមានចរិកអាក្រក់ណាមួយរបស់ជនជាតិវៀតណាមទាំងអស់នោះទេ ប៉ុន្តែវាអាចមានសម្រាប់ជនជាតិវៀតណាមមួយក្រុមដែលពុំជាតិចតួចប៉ុន្មានឡើយ ។ ក្នុងពិភពលោកទំនើបបច្ចុប្បន្នតាមរយៈបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាធ្វើឲ្យគុណជីវិតពិសេស ព័ត៌មានទាំងក្នុង និងក្រៅប្រទេសត្រូវបានគេដឹងជារៀងរាល់ថ្ងៃ ។
សេដ្ឋកិច្ចទីផ្សារពិតជាបង្ហាញឧត្តមភាពលើសពីសេដ្ឋកិច្ចផែនការមុននេះយ៉ាងច្បាស់ក្រឡែត ទោះយ៉ាងណាក៏សេដ្ឋកិច្ចទីផ្សារដែលនាំមកនូវការជឿនលឿន តែងតែអូសទាញតាមនូវការចុះខ្សោយនៃសីលធម៌ វិបត្តិ ព្រមទាំងជម្លោះសង្គម។ បញ្ហាទាំងអស់នោះសុទ្ធសឹងផ្តើមចេញពីរឿងដែលក្រុមមនុស្សមួយចំនួនធំប្រឹងប្រែងទាញយកលុយមកដាក់ហោប៉ៅតាមគ្រប់វិធី ។
សាស្ត្រាចារ្យ Nguyen Lan Dung
ងាកទៅកាន់អតីតកាលនាជំនាន់សង្គ្រាមដណ្តើមឯករាជ្យជាតិមនុស្សទាំងឡាយរស់នៅយ៉ាងសាមញ្ញហើយស្និទ្ធស្នាលជាមួយគ្នា ។ ស្ទើរតែគ្មានគម្លាតរវាងអ្នកក្រ និងអ្នកដែលហៅថា “មាន” មន្ត្រីតែងស្និទ្ធស្នាលជាមួយប្រជាជនហើយគោរពពួកគេណាស់ ។
ពេលនោះពាក្យស្លោកថា “បក្សជន “អ្នកដឹកនាំ” ដើរនាំផ្លូវពលរដ្ឋនាំគ្នាដើរដង្ហែរតាមពីក្រោយ ។ ឥឡូវពិនិត្យមើលៗ នៅខាងក្រោយរបស់បក្សជនបានដើរងាកចេញពីផ្លូវនោះ ព្រោះគេគ្មានជំនឿលើបក្សជន ហើយតាមរយៈនោះ អ្វីដែលជាជំនឿទាំងស្រុងមកលើបក្សបានរងនូវភាពរង្គោះរង្គើរ” ។
សីលធម៌ចុះខ្សោយ អត្តចរិកប្រែប្រួលបែបនេះ តើវាមានជះឥទ្ធិពលដល់សីលធម៌របស់មហាជនដែរឬទេ? ចូរពិនិត្យមើល ៖ ការរត់ការស្នើសុំអ្វីមួយត្រូវតែមាន “ស្រោមសំបុត្រ” រហូតក្លាយជាវប្បធម៌មួយហៅថា “វប្បធម៌ស្រោមសំបុត្រ” ។ ពីតួនាទីជាម្ចាស់ប្រទេសពលរដ្ឋត្រូវបានទម្លាក់តម្លៃរបស់ខ្លួនឯងចុះ អ្វីៗក៏ត្រូវសុំ ត្រូវពឹងពាក់អង្វករ ឃើញមន្ត្រីខុសមិនហ៊ាននិយាយថ្វីត្បិតតែត្រូវប្រគល់ឲ្យគេនូវស្រោមសំបុត្រមួយដែលក្រាស់ក្រែល ដោយហេតុថា បើហ៊ានប្តឹង អ្នកផ្តល់សំណូកក៏មានទោសដែរ! ។ ប៉ុន្តែដោយសារតម្រូវការផ្ទាល់ខ្លួន បើគ្មានស្រោមសំបុត្រគឺ “មិនអាច” ធ្វើឲ្យពលរដ្ឋជាច្រើន ក្លាយទៅជាមនុស្សមានមាយាទអន់សុខចិត្តឱនក្បាល សុខចិត្តមើលរំលងកំហុសឆ្គងរបស់មន្ត្រី គួបផ្សំបង្កើតជាបរិបទដ៏អាក្រក់ក្នុងសង្គម តាមខ្ញុំនេះជាទង្វើអាក្រក់បំផុតដែលទាញសង្គមមិនឲ្យរីកចម្រើនបាន ។ បុព្វហេតុបក្សពេលនេះពិនិត្យឲ្យដិតដល់ទៅ វាអាស្រ័យលើក្រុមមន្ត្រីមូលដ្ឋាន ។ លោកនៅបន្តឆ្លើយសំណួរដទៃទៀតដូចខាងក្រោម ៖
ចរិកលោភលន់របស់ជនជាតិវៀតណាមមួយផ្នែកធំ បានច្រានបុគ្គលិកលក្ខណៈដែលធ្លាប់មានមុននោះ ដូចជាជីវភាពរស់នៅបែបសាមញ្ញ ការខន្តី ប្រណីសង្គ្រោះ ការស្រឡាញ់ជនរួមឈាម អំបិលមួយគ្រាប់ខាំចែកជាពីរ ។ល។ យើងមិនងាយរកឃើញឡើយក្នុងសង្គមបច្ចុប្បន្ននេះ ។ អំពើលោភលន់របស់មន្ត្រី បណ្តាលឲ្យបាត់បង់ការគោរពដែលធ្លាប់មាន ធ្លាប់ជាប្រពៃណីនៅអតីតកាលច្រើនឆ្នាំមុននេះ ។
នៅក្នុងសង្គម សូម្បីតែក្នុងជីវិតជាប្តីប្រពន្ធមិនតិចទេ រួមទាំងប្តីប្រពន្ធវ័យក្មេងផងនោះ ភាពស្មោះស្ម័គ្រ កាន់តែបាត់បង់ច្រើនឡើងៗ ជាក់ស្តែងអត្រានៃការលែងលះ កាន់តែកើនឡើងពុំឈប់ឈរ ។ ភាពលោភលន់ធ្វើឲ្យតំបន់ជនបទដ៏ស្ងប់ស្ងាត់គួរឲ្យចង់រស់នៅបែរជាច្របូកច្របល់ព្រោះតែរឿងមេឃុំ សមត្ថកិច្ចមូលដ្ឋាន រករឿងដីធ្លី និងដោះស្រាយបញ្ហាទំនាស់នៅមូលដ្ឋានពុំមានតម្លាភាពតែងល្អៀងទៅលើភាគីផ្តល់លាភសក្ការៈឲ្យ ។ ឃើញទេកន្លែងម៉ាស្សា ផ្ទះសំណាក់ ហ្គេម ។ល។ វាបានបោះពួយកាត់វាលស្រែព្រៃព្រឹក្សាដ៏សែនឆ្ងាយ រួចបោះទីតាំងដ៏រឹងមាំ… នៅតំបន់ដាច់ស្រាយាលទាំងនោះ ។
ព្រោះតែលោភលន់ ម្តាយឪពុកមួយចំនួនស្រវ៉េស្រវ៉ារត់តាមលុយ ទុកឲ្យកូនចៅសេរីភាព ក្នុងការបំផ្លិចបំផ្លាញទ្រព្យធនបោះបង់ការសិក្សា ញៀនគ្រឿងញៀន ប្រព្រឹត្តអំពើបំផ្លាញជីវិតអ្នកដទៃ ជាអាទិ៍ ៖ ការចាប់រំលោភ ការបើកបរម៉ូតូប្រណាំងបង្អួតគ្នាបង្កជាគ្រោះថ្នាកដល់អ្នកដទៃ ។ល។
សីលធម៌សង្គមកំពុងរងការប្រឈមដ៏ធំធេង ៖ ពាក្យបណ្តឹង ការចោទប្រកាន់ទាំងឡាយគរដូចជាភ្នំដែលមិនងាយនឹងដោះស្រាយចប់ ។ ប៉ុន្តែបើក្រឡេកទៅមើលបណ្តាញសង្គមវិញ ក្នុងនោះ ក៏មាននូវមនុស្សប្រកបដោយគុណធម៌ បានខ្ចីឧបករណ៍នេះ ស្រែកប្រាប់ទៅដល់រដ្ឋអំណាច ។ ពេលខ្លះពួកគេគឺជាមនុស្សរបស់អតីតកាល ពួកគេស្មោះត្រង់ ក្នុងបុព្វហេតុរំដោះជាតិ ហេតុនេះពួកគេមិនខ្លាចនឹងលើកឡើងដោយត្រង់ៗពីរឿងពិតកំពុងកើតឡើង ។ សួរថាតើអស់លោកមានបានឃើញទេ ឬមួយក៏អស់លោកកំពុងរវល់… ។
ការលោភលន់លុយកាក់ តែងដើរភ្ជាប់នឹងការលោភលន់បុណ្យសក្តិមុខមាត់ ឬគេហៅថាជំងឺឆ្កួតនឹងបុណ្យសក្តិ កេរ្តិ៍ឈ្មោះ “យីហោរ” ដែលបញ្ញវ័នជាច្រើនចាត់ទុកវាជាគ្រោះថ្នាក់កម្រិតជាតិ ចរិតលោភលន់ផលប្រយោជន៍លុយកាក់ តែងឈានឆ្ពោះទៅរកការចង់បានមុខតំណែង តួនាទី ។ ពេលបានវាហើយតំណែងទាំងនោះនឹងនាំផលប្រយោជន៍ឲ្យគេវិញ វាជាជុំបង្វិលវិលរហូតតកូនតចៅ ។ សាកល្បងក្រឡេកមើលទៅ សព្វថ្ងៃនេះ អ្នកណាដែលមានសិទ្ធិអំណាចបន្តិចតែងប្រឹងប្រែងសិទ្ធិអំណាចនោះដើម្បីស្វែងរកប្រយោជន៍សួនតួ បែបទុច្ចរិក ហេតុនេះទើបមានពាក្យថា “ផ្ទះនៅមាត់ផ្លូវ ព្រោះឪធ្វើមន្ត្រីធំ” និយាយបែបនេះ ពុំមែនមានន័យថា គ្មានមន្ត្រីដែលល្អសុច្ចរិកទៀងត្រង់នោះ ប៉ុន្តែចំនួននោះពិតជាពុំមានច្រើនឡើយ ។
លោកសាស្ត្រាចារ្យរូបនេះ លើកឧទាហរណ៍ថា ការបង់ពន្ធថ្លៃផ្លូវ ឬសូម្បីតែចិញ្ចើមផ្លូវឲ្យសមត្ថកិច្ច អ្នកណាៗក៏ដឹងតែកែពុំឡើងសោះ រឿងអំនួតចង់បានមុខមាត់ក៏ក្លាយជាទម្លាប់របស់ពួកមន្ត្រីលោភលន់បាត់ទៅហើយ ។ វេលាមួយនោះ ខ្ញុំបានជួបនាយិកាក្រុមហ៊ុនមួយដែលទទួលជោគជ័យក្នុងមុខជំនួញ បែរជាពុំឃើញគាត់ឡើងលើវេទិការទទួលពានរង្វាន់ និងកម្រងផ្កា ដែលថ្នាក់ដឹកនាំប្រទេសប្រគល់ឲ្យ គាត់ខ្សឹបខ្ញុំតិចៗហាក់ដូចជាខ្លាចគេឮថា ៖ “លោកនឹកស្មានថា ពេលបែបនេះស្រួលណាស់ទៅឬ? ត្រូវបង់លុយឲ្យគេច្រើនកន្លាក់ណាស់ ទម្រាំបានឡើងលើឆាក! ” ខ្ញុំពិតជាស្រឡាំងកាំងមែនទែន! ព្រោះវាលើសពីអ្វីដែលខ្ញុំធ្លាប់បានឃើញទៅទៀត ។
ការលោភលន់ត្រូវធ្វើឲ្យបាត់កេរ្តិ៍ឈ្មោះជាតិនៅលើឆាកអន្តរជាតិ ជាអាទិ៍ ៖ បង្គារ ត្រូវបានគេសងត្រឡប់មកវិញ ព្រោះតែពិនិត្យឃើញបង្គារនេះត្រូវបានសម្លាប់ត្រូវបានសម្លាប់ដោយវាយដែកគោលនៅលើក្បាល បំណងឲ្យឡើងទម្ងន់ កាហ្វេយកគ្រាប់ខ្ចីមកលាយនឹងគ្រាប់ទុំ “ព្រោះបើទុកឲ្យទុំនឹងត្រូវចោរលួចអស់!” ។ល។
ពិតជាពិបាកក្នុងការស្វែងរកឧទាហរណ៍ជុំវិញការប្រើសិទ្ធិអំណាចលើសពីមុខងារ ដែលបង្កអន្តរាយដល់សង្កមយ៉ាងដំណំ ការចង់បានមុខមាត់នៅស្តែងត្រង់បញ្ហាសញ្ញាប័ត្រ ខ្លះមានចំណេះដឹងដល់ថ្នាក់បណ្ឌិត ប៉ុន្តែចំណេះដឹងភាសាអង់គ្លេសស្ទើរចង់កុម្ម៉ង់បាយហូបនៅប្រទេសក្រៅពុំបានផង ។
រឿងដែលកាន់តែពិបាកយល់ទៀតនោះ គឺបញ្ហាបង្កើតបណ្ឌិតសភា សំណាងដែរដែលរដ្ឋសភាធ្លាប់បានយកមកពិភាក្សារឿងនេះ ហើយបានផ្អាកទុកមួយកន្លែងដោយហេតុថា តើអាចទេ ដែលបណ្ឌិតសភាមួយបដិសន្ធិឡើង ខណៈពេលពុំមាន “បណ្ឌិតសភា” (Academician) ណាទាំងអស់ក្រៅពីមានត្រឹមបណ្ឌិតនៅតាមវិទ្យាស្ថាន ដែលគេហៅថា Academy ។ ចុងក្រោយ ខ្ញុំគ្រាន់តែចង់ផ្តាំផ្ញើថា ជនជាតិវៀតណាមមានប្រពៃណីដ៏ល្អ ហើយបើគ្មានវានោះពុំអាចមានឯករាជ្យជាតិ ពុំអាចមានកំណើនសេដ្ឋកិច្ច ក៏ដូចជារូបភាពរបស់វៀតណាមត្រូវបានលើកតម្កើងលើឆាកអន្តរជាតិ ។ល។
អ្នកដែលជាមេដឹកនាំ ត្រូវងាកទៅរកបងប្អូនជាអតីតយុទ្ធជន ស្រទាប់មនុស្សចាស់ជំនាន់មុនដែលនៅរស់នៅ ពិសេសបងប្អូនដែលរស់នៅតំបន់ជនបទ ព្រៃភ្នំ តំបន់ឆ្ងាយឆ្ងាយដាច់ស្រយាល ។ ទីនោះថ្វីត្បិតតែក្រីក្រក៏ពិតមែន ប៉ុន្តែមជ្ឈដ្ឋាននោះពិតជានៅរក្សាបានសីលធម៌ មេត្តាធម៌ និងការពលិកម្ម ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។ ពួកគេនេះឯង គឺជាចំណុចដែលត្រូវចាប់ផ្តើម ជាទីកន្លែងដែលយុវវ័យជំនាន់ក្រោយត្រូវទៅរៀនសូត្រ ពុំនោះសោតអន្ទាក់ជីវិត នៅទីក្រុង និងចងចិត្តពួកគេ នាំពួកគេទៅកាន់ផ្លូវមួយ ក្លាយជាអម្រែករបស់សង្គម ។ ពិតណាស់! វាពុំមែនទាំងអស់នោះទេ ។ គប្បីសំឡឹងឲ្យចំ ឱនចុះក្រោម មើលទៅមុខ ហ៊ានទទួលខុស ហ៊ានកែប្រែ នោះទើបអាចស្រាយបាននូវអ្វីដែលជាង ៣០ឆ្នាំកន្លងមក យើងបានចងវា បន្ទាប់ពីរំដោះបានប្រទេសជាតិនាឆ្នាំ ១៩៧៥ ៕ ចន្ទ្រា