រឿងរ៉ាវអំពីកសិករជប៉ុនម្នាក់បានចំណាយពេលវេលា កម្លាំងកាយចិត្តរយៈពេលជាង ១១ឆ្នាំ ដើម្បីដាំប៉ោមជោគជ័យ ដែលបានផ្តល់នូវផ្លែរយីងរយោងក្រហមច្រាលពេញដើម ថែមទាំងមានរសជាតិផ្អែមត្រជាក់ ត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ជប៉ុនមួយ ធ្វើឲ្យមនុស្សជាច្រើនរំភើបកោតសរសើរ និងប្រាថ្នាចង់ទៅឃើញផ្ទាល់ភ្នែក ។
ក្នុងទិដ្ឋភាពនៃខឿនកសិកម្មទំនើបដែលតែងដាំខុះដោយប្រើថ្នាំគីមី អ្នកចូលចិត្តបរិភោគផ្លែប៉ោមតែងបារម្ភអំពីផ្លែឈើនេះ ត្រូវបាញ់ថ្នាំត្រាំ ជ្រលក់សារជាតិគីមីជាច្រើន ។
ប៉ុន្តែសួនប៉ោមរបស់លោក Kimura បានទាក់ទាញមនុស្សជាច្រើនទៅទស្សនា ក៏ដូចជាតម្រង់ជួរដើម្បីបានភ្លក់នូវផ្លែប៉ោមដ៏ស្រស់ផ្អែមឆ្ងាញ់ជាប់ចិត្ត ។ លោកបានដាំប៉ោមតាមវិធីធម្មជាតិ មិនបាញ់ថ្នាំសម្លាប់សត្វល្អិត មិនប្រើជីគីមី ក្នុងសួនដ៏ធំទូលាយទំហំ 8800m² របស់ខ្លួន ។
ឆ្នាំដំបូងមិនប្រើថ្នាំសក្លាប់សត្វល្អិត ស្លឹកប៉ោមចាប់ផ្តើមលឿង និងជ្រុះជាបន្តបន្ទាប់ ។ ឆ្នាំទី ២ លើដើមប៉ោមមានសុទ្ធតែសត្វល្អិត លោកបានសាកប្រើទឹកខ្មេះ ស្រា ឬខ្ទឹមស តែពុំមានប្រសិទ្ធភាព ។ ឆ្នាំទី ៣ ដើមប៉ោមមិនចេញផ្កា និងស្វិតក្រៀមសន្សឹមៗ ។ ដោយអស់សង្ឃឹម ថ្ងៃមួយលោកឡើងទៅលើភ្នំប្រុងបញ្ចប់ជីវិតររបស់ខ្លួន តែគាត់ស្រាប់តែប្រទះឈើស៊ីផ្លែមួយដើម មានស្លឹកខៀវស្រងាត់ជុំវិញមានស្មៅដុះស៊ុបទ្រុប សត្វល្អិតហ៊ុមជិត ដោយពុំមានថ្នាំសម្លាប់សត្វល្អិត ឬជី ។ គាត់បាននឹងនរស្វែងយល់បរិស្ថានជុំវិញ និងចាប់ផ្តើមដាំសណ្តែកសៀងក្នុងសួនប៉ោម ។ ដីក្នុងសួនសន្សឹមៗត្រឡប់មកស្ថានភាពធម្មតា តុល្យភាពជីវជាតិ ។ តែប៉ុន្មានឆ្នាំបន្ទាប់នោះ គ្រួសារលោកត្រេកអរពេលដល់ឆ្នាំទី ៩ ក្នុងសួនចាប់ផ្តើមរីកផ្កាពេញ ។ រឿងពិសេសគឺផ្លែប៉ោម ក្នុងសួនរបស់លោកមិនត្រូវខូច ទោះបីទុកដល់ ២ឆ្នាំ ។ ផ្លែប៉ោមគ្រាន់តែស្វិត និងក្លាយជាក្រៀមពណ៌ផ្កាឈូកស្រាល និងបញ្ចេញក្លិនក្រអូបត្រជាក់ ។
ក្រៅពីសួនប៉ោម លោក Kimura នៅដាំទាំងបន្លែស្អាត ។
លោក Kimura នៅក្នុងសួនផ្លែប៉ោមរបស់ខ្លួន
កសិផលក្នុងសួនរបស់លោក Kimura ត្រូវបានតាំងលក់