Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ សុខភាពផ្លូវចិត្ត…ខឹងពេលណា ត្រូវចៀសឱ្យឆ្ងាយពីទង្វើទាំង ១០នេះ

គ្រាន់តែមានអារម្មណ៍ថា ខឹង សុខភាពរបស់យើងនឹងថយចុះមិនដឹងជាច្រើនប៉ុនណាទៅហើយទេ ហើយបើរឹតតែធ្វើនូវទង្វើដែលត្រូវបានហាមឃាត់ទៀតផងនោះ នឹងរឹតតែធ្វើឱ្យសុខភាពចុះទ្រុឌទ្រោម យ៉ាប់យ៉ឺនទាំងកាយ និងចិត្តខ្លាំងទៅទៀត។ ដូច្នេះយើងនាំគ្នាមកសិក្សាមើល និងគួរចៀសវាងឱ្យឆ្ងាយប្រសើរជាង…

១-កុំគេងលក់ទៅជាមួយកំហឹង
មុនពេលយើងទម្លាក់ខ្លួនគេង ខួរក្បាលនឹងប្រមូលលទ្ធផលអារម្មណ៍ និងគំនិតរបស់យើងនាពេលនោះទុកនៅក្នុងអង្គចងចាំ ដូច្នេះបើអ្នកគេងលក់ទៅជាមួយភាពរញេរញ៉ៃក្នុងចិត្ត កំហឹងគុំកួន ឬសូម្បីតែការមិនពេញចិត្តបន្តិចបន្តួចក៏ដោយ ក៏ពេលភ្ញាក់ឡើង អារម្មណ៍ទាំងនោះ នៅមិនទាន់រលាយបាត់ទៅណាដែរ។ វានៅតែបន្តសាងភាពមួហ្មងដល់អារម្មណ៍ដដែល ដូច្នេះមុនពេលទម្លាក់ខ្លួនគេង អ្នកគួរធ្វើចិត្តឱ្យសប្បាយៗ ទម្លាក់ភាពខឹងក្តៅក្រហាយនោះ ចោលឱ្យឆ្ងាយ ទើបជាការប្រសើរ។

២-ហាមបើកបរយានយន្តជាដាច់ខាត
អារម្មណ៍ខឹងមួម៉ៅ នឹងធ្វើឱ្យយើងធ្វើអ្វីយ៉ាងតក់ក្រហល់ និងស្ថិតក្នុងសភាវគ្រប់គ្រងស្មារតីខ្លួនឯងមិនបាន ដូច្នេះបើអ្នកបើកបរយានយន្ត ខណៈពេលខឹងមួម៉ៅខ្លាំងនោះ ឱកាសក្នុងការកើតឧប្បត្តិហេតុដោយមិននឹកស្មានដល់ មានអត្រាខ្ពស់បំផុត។

៣-ទម្លាយអារម្មណ៍បែបខ្លាំងៗហើយ ប្រាកដក្នុងចិត្តហើយឬថា នឹងបាត់ខឹង?
អ្នកខ្លះពេលខឹងសម្បា ចូលចិត្តបំផ្លាញរបស់របរ ស្រែកខ្លាំងៗ ឬបញ្ចេញអាការគឃ្លើនដ៏គួរឱ្យខ្លាច ដែលទង្វើនេះ គ្រូពេទ្យខាងចិត្តវិទ្យាបាននិយាយថា ការទម្លាយអារម្មណ៍ក្រោធខឹងរបៀបនេះ អាចជួយបន្ថយកម្រិតអារម្មណ៍ពុះកញ្ជ្រោលរបស់អ្នកចុះបាន តែវាមិនបានជួយឱ្យកំហឹងរបស់អ្នកថយចុះទេ ហេងស៊យ អាចនឹងបង្កើនអារម្មណ៍ក្រោធខឹងចំពោះខ្លួនឯង កាន់ខ្លាំងឡើងទៅទៀត ដែលវានឹងមានផលអាក្រក់ដល់ចរិតនិស្ស័យផ្ទាល់ខ្លួននាពេលអនាគតបានទៀតផង។

៤-ខឹងមួម៉ៅ ហើយញ៉ាំ ក៏មិនមែនជាជម្រើសល្អប៉ុន្មានដែរ
សម្រាប់អ្នកដែលមិនថាតែស្ថិតក្នុងអារម្មណ៍បែបណា ក៏គិតតែពីញ៉ាំ ឬពេលខឹង ពេលអផ្សុក ឬពេលសោកសៅ ក៏ញ៉ាំដែរនោះ ចាប់ពីពេលនេះទៅ គួរសាកល្បងកែប្រែខ្លួនជាថ្មី ដើម្បីឱ្យសុខភាពល្អឆើតឆាយជាងនេះហើយប្រសើរជាង ព្រោះនៅពេលដែលយើងខឹង ប្រព័ន្ធនៅក្នុងរាងកាយនឹងប្រែប្រួល ហើយធ្វើការខុសប្រក្រតី រហូតជួនកាលកើតមានអាការមិនរំលាយអាហារ ឬចុកឆ្អល់ទល់លាមកឡើងភ្លាមតែម្តងក៏មាន។

៥-កុំតមាត់ ឆ្លើយឆ្លង
ជឿថា មានមនុស្សជាច្រើន ធ្លាប់នឹកសោកស្តាយចំពោះសម្តីរបស់ខ្លួន ដែលនិយាយចេញទៅពេលមួម៉ៅខឹង ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កំហឹងវាធ្វើឱ្យយើងបាត់បង់សតិស្មារតី ដូច្នេះបើមិនចង់នឹកស្តាយក្រោយដោយសារតែភាពរហ័សមាត់និយាយតាមកំហឹងទៀតនោះ ចូរចៀសវាងការប្រកែកតមាត់ នៅពេលដែលអ្នកកំពុងក្រោធខឹង។

៦-ផូស្តនៅក្នុងហ្វេសប៊ុកពីអារម្មណ៍ក្នុងន័យអវិជ្ជមានហើយ ចង់លុប ឬហៅត្រឡប់មកវិញ មិនបានឡើយ
ការផូស្តអ្វីគ្រប់យ៉ាង ដោយមិនបាននឹកទៅដល់ភាពខូចខាត ដែលអាចកើតឡើងនៅពេលក្រោយ ដូចជា ផូស្តពាក្យសម្តីដែលបង្ហាញពីភាពក្រេវក្រោធ ជាដើមនោះ អាចនឹងធ្វើឱ្យតម្លៃរបស់ខ្លួនអ្នកថយចុះ ព្រោះថានរណាៗក៏មិនចង់ឮ ឬចង់ឃើញនូវអ្វីដែលធ្វើឱ្យមិនសប្បាយចិត្តដែរ ហើយទោះជាអ្នកអាចចុចលុបពាក្យសម្តីនោះចោលនៅពេលស្ងប់អារម្មណ៍ហើយបានមែន តែក៏អ្នកមិនអាចលុបអារម្មណ៍របស់មនុស្ស ដែលបានឃើញផូស្តនោះរួចហើយបានដែរ។
៧-ផ្ញើសារទម្លាយអារម្មណ៍
មានមនុស្សជាច្រើន ដែលចូលចិត្តជះអារម្មណ៍ ឬទម្លាយភាពតានតឹងមួម៉ៅនៅក្នុងចិត្ត ដោយការសរសេនូវអ្វីដែលខ្លួននឹកឃើញនៅពេលនោះ ហើយបញ្ជូនបន្តទៅឱ្យមិត្តភក្តិបានដឹង ដោយភ្លេចគិតថា អ្វីដែលខ្លួនបានទម្លាយទៅនោះ វាអាចមិនមែនជាពាក្យសម្តីដែលសមរម្យនោះទេ ហើយនៅពេលសតិស្មារតី វិលត្រឡប់មកវិញហើយ ចង់ផ្លាស់ប្តូរ ឬកែជាថ្មី ក៏ហួសពេលបាត់ទៅហើយ។

៨-ផឹកស្រាពន្លត់កំហឹង
មិនថាតែពេលខឹងក្រេវក្រោធ ឬពេលខកស្នេហ៍គ្រាំចិត្តទេ អ្នកមិនគួរញ៉ាំស្រា ដើម្បីបំភ្លេចរឿងរ៉ាវទាំងនោះឡើយ ព្រោះស្ថិតក្នុងសភាវ ដែលងាយនឹងបាត់បង់សតិសម្បជញ្ញៈបែបនេះ ជាតិអាល់កុលនៅក្នុងសុរា នឹងជួយជំរុញឱ្យអ្នកកាន់តែហ៊ានធ្វើអ្វីផ្តេសផ្តាស បែបខ្វះការពិចារណាខ្លាំងទៅទៀត។

៩-កុំព្រងើយកន្តើយនឹងជំងឺលើសឈាម និងចង្វាក់លោតរបស់បេះដូង
ជាពិសេសនៅលើបុគ្គលដែលធ្លាប់មានប្រវត្តិ ឬភាពប្រឈមនឹងរោគលើសឈាម ឬជំងឺបេះដូងពីមុនមក នៅពេលដែលខឹងក្រេវក្រោធខ្លាំង ត្រូវនឹកដល់បញ្ហាសុខភាពរបស់ខ្លួនក្នុងចំណុចនេះផង ព្រោះជាប្រក្រតី អារម្មណ៍ក្រោធខឹង នឹងបង្កើនអត្រាការលោតរបស់បេះដូង ធ្វើឱ្យសម្ពាធឈាមបាញ់ឡើងខ្ពស់ ប្រមាណជា ២ម៉ោងឯណោះ។

១០-វិលវល់តែនឹងកំហឹង
សម្រាប់មនុស្សដែលរឹតតែខឹង រឹតតែនឹកទៅដល់ដើមហេតុ ដែលធ្វើឱ្យខ្លួនមានអារម្មណ៍ខឹង ឬភាពអយុត្តិធម៌ផ្សេងៗដែលកើតឡើងចំពោះខ្លួនឯងនោះ សុំប្រាប់នៅពេលនេះតែម្តងចុះថា ទង្វើនេះ មិនបានជួយឱ្យអ្នកស្ងប់អារម្មណ៍ ឬបាត់ខឹងឡើយ តែផ្ទុយទៅវិញ វារឹតតែធ្វើឱ្យអ្នកកាន់តែប្រមូលសន្សំភាពគុំកួន រហូតទីបំផុត នឹងបញ្ចេញមកឱ្យឃើញតាមរយៈទឹកមុខ អាកប្បកិរិយា ហើយវាផ្លាស់ប្តូរខ្លួនអ្នក ដែលធ្លាប់តែស្រស់ស្រាយ ឱ្យក្លាយជាមនុស្សមួហ្មង ពេញទៅដោយកំហឹង បាត់អស់មន្តស្នេហ៍ ដែលមាននៅក្នុងខ្លួនយ៉ាងគួរឱ្យសោកស្តាយក្រៃលែង។

ដរាបណាដែលយើងនៅតែមានជីវិតរស់នៅនៅក្នុងសង្គម និងនៅលើផែនដីនេះ វាប្រាកដណាស់ថា យើងមិនអាចហាមអារម្មណ៍យើង មិនឱ្យខឹងសម្បាបានទេ តែយ៉ាងហោចណាស់ ក៏យើងមានជម្រើសក្នុងការទម្លាយអារម្មណ៍ និងទប់ចិត្តរម្ងាប់កំហឹង មិនឱ្យពុះកញ្ជ្រោលបានដែរ៕

Closeup portrait, angry young sitting woman pissed off by drivers in front of her and gesturing with hands. Road rage traffic jam concept. Woman is driving her car very aggressive and gives gesture with his fist
A man driving loses his temper and shakes his fist, yelling, in a bout of road rage.
×