សេចក្ដីស្រឡាញ់ធ្វើឱ្យពិភពលោកភ្លឺថ្លាស្រស់ស្រាយ និងកាន់តែគួរឱ្យចង់រស់នៅខ្លាំងឡើង ដូច្នេះ តើទស្សនៈពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់របស់កូនតូចរបស់អ្នកវិញ យ៉ាងណាដែរ?…ក្មេងវ័យតេះតះ នៅមិនទាន់ស្គាល់សេចក្ដីស្រឡាញ់ទេ គេដឹងតែត្រឹមថា ប៉ា និងម៉ាក់ គឺជារបស់គេ បើគេត្រូវការនៅពេលណា ឬត្រូវការអ្វីមួយនោះ ប៉ាម៉ាក់ត្រូវតែតបស្នងទៅគេភ្លាម មិនថាតែការឱប ថើប លួងលោម របស់លេង ឬចំណីអាហារឡើយ គេត្រូវតែបានវាមក តាមដែលគេត្រូវការ។
ដូច្នេះ យើងនាំគ្នាមកបណ្ដុះសេចក្ដីស្រឡាញ់ និងការបើកចិត្តឱ្យទូលាយដល់កូនៗ ដើម្បីជាមេរៀនជីវិតដល់ពួកគេវិញ ប្រសើរជាង…
បេះដូងសំខាន់ក្នុងការបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តកូនឱ្យបានសម្រេច គឺ អាណាព្យាបាលត្រូវមានចិត្តមេត្តាករុណាចំពោះកូនតូចរបស់អ្នកជាមុនសិន ព្រោះក្មេងតូចៗតែងតែធ្វើរឿងខុសឆ្គងជាញឹកញាប់ និងត្រូវរឭកដឹងជាប់ជានិច្ចថា កំហុសឆ្គងដែលកើតឡើងពីភាពមិនដឹងក្ដីរបស់កូន គឺជាមេរៀនជីវិតរបស់កូន ដូច្នេះឪពុកម្ដាយត្រូវចិត្តត្រជាក់ៗ តាំងសតិស្មារតី មិនគួរស្រែកគំហក ក្រេវក្រោធ ឬដាក់ទោសកូន ធ្វើហាក់ដូចជារឿងរ៉ាវ ដែលកើតឡើងនោះជាកំហុសដ៏ធំធេងឡើយ ព្រោះរឹតតែលោកអ្នកដាក់ទោស និងប្រើកំហឹងទៅលើកូនខ្លាំងប៉ុនណា នឹងរឹតតែទៅរារាំងបាំងបេះដូងតូចមួយរបស់កូន លែងឱ្យគេហ៊ានក្នុងការរៀនយល់ដឹង មិនហ៊ានក្នុងការហាមាត់សួរ ឬលែងហ៊ាននិយាយស្ដីជាមួយម្ដាយរបស់ខ្លួនទៀតផង។ នៅពេលទៅជាដូច្នេះ វាក៏ប្រហែលជាការពិបាកណាស់ ដែលគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នៅក្នុងចិត្តរបស់កូន នឹងរីកចម្រើនធំធាត់ចេញផ្កា ចេញផ្លែដើម្បីផ្ដល់ទៅឱ្យអ្នកដទៃជាបន្តនោះ។
រឿងល្អៗក្នុងសង្គម ចាប់ផ្ដើមពីគ្រួសារ
កូនតូចគួរបានរៀនយល់ដឹងថា ការជួយគ្នាបន្តិចបន្តួច គឺជារឿងដែលគ្រួសារត្រូវការខ្លាំងបំផុត ដោយសារតែគេជាចំណែកមួយរបស់គ្រួសារ ដោយសារតែយើងសុទ្ធតែរស់នៅក្រោមដំបូលតែមួយជាមួយគ្នា និងចុងក្រោយបំផុតទៅ គឺដោយសារតែវាជារឿងដ៏ត្រឹមត្រូវមួយដែលគួរធ្វើ ដូចជា បង្រៀនឱ្យកូនចេះរៀបចំទុកដាក់កន្លែងគេងដោយខ្លួនឯងក្រោយភ្ញាក់ពីគេង ឬប្រមូលទុកដាក់របស់លេងរៀងរាល់ពេលលេងរួច ដោយអាណាព្យាបាលអាចធ្វើជាតារាងតួនាទីការទទួលខុសត្រូវរបស់កូន បិទនៅលើកន្លែងណាមួយដែលងាយមើលឃើញ។ នៅពេលកូនធ្វើតាមតួនាទីក្នុង ១ថ្ងៃបានសម្រេចហើយ ក៏គួរតែមានរង្វាន់ ឬពាក្យសរសើរបន្តិចបន្តួច ដើម្បីឱ្យកូនមានមោទនភាពចំពោះអ្វី ដែលគេមានចំណែកធ្វើនោះផង។
យកចិត្តទុកដាក់ បារម្ភ និងអនុគ្រោះ សណ្ដោស មេត្តាគ្នាទៅវិញទៅមក
បង្ហាញឱ្យកូនឃើញថា អ្នកមានក្ដីអាណិតមេត្តាចំពោះបុគ្គលជុំវិញខ្លួន ដោយការយកចិត្តទុកដាក់ និងកង្វល់បារម្ភពីជីវិតរបស់គ្នាទៅវិញទៅមក។ ចាប់ផ្ដើមយ៉ាងងាយៗពីមនុស្សក្នុងក្រុមគ្រួសារ ដូចជា បើសិនលោកតា លោកយាយឈឺថ្កាត់ លោកអ្នកអាចនឹងបបួលកូនទៅសួរសុខទុក្ខគាត់ដល់ផ្ទះ ដោយមានទិញរបស់ផ្ញើជាប់ដៃទៅជាមួយផង ឬបបួលកូនចូលចង្ក្រានដើម្បីធ្វើម្ហូបអាហារឆ្ងាញ់ៗ យកទៅផ្ញើគាត់ក៏បាន។ ការបង្ហាញពីភាពមានទឹកចិត្តល្អ កង្វល់បារម្ភ រកគ្នាទៅវិញទៅមកបែបនេះឱ្យកូនៗបានឃើញរហូតក្លាយជារឿងធម្មតា ទម្លាប់ល្អៗទាំងនេះក៏នឹងជ្រួតជ្រាបជាសន្សឹមៗទៅក្នុងដួងចិត្តរបស់កូន និងបញ្ជូនបន្តទៅក្នុងសង្គមដោយស្វ័យប្រវត្តិ នៅពេលដែលគេធំឡើង។
ចែករំលែកសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក
រឿងងាយៗដែលគ្រប់ក្រុមគ្រួសារយើងអាចធ្វើបាន តែច្រើនតែមើលរំលងនោះគឺ ការបរិច្ចាគវត្ថុរបស់របរទៅឱ្យអ្នកដែលខ្វះឱកាស។ បើទូដាក់សៀវភៅនៅក្នុងផ្ទះចាប់ផ្ដើមពេញ ឬរាងកាយរបស់កូនចាប់ផ្ដើមធំធាត់ រហូតស្លៀកពាក់ខោអាវពីមុនលែងត្រូវហើយ ចូរសាកល្បងរៀបចំវត្ថុទាំងនោះ ឬវត្ថុណាដែលលែងត្រូវការប្រើប្រាស់ហើយ ដាក់ចូលក្នុងឡាំង ហើយបបួលកូនទៅចែករំលែកវត្ថុទាំងនោះដល់អ្នកដទៃ។ រឿងនេះ គឺជាមេរៀននៃការចែករំលែកដំបូងគេ ដែលអាណាព្យាបាលអាចធ្វើបានជាមួយកូនៗ រួមទាំងការធ្វើឱ្យកូនៗមើលឃើញថា អ្នកបានធ្វើនូវរឿង ដែលក្រៅពីមុខនាទីរបស់អ្នក ដូចជារីករាយស្វាគមន៍ បើអ្នកជិតខាងផ្ទះត្រូវការជំនួយ ឬផ្ដាំផ្ញើមើលថែទាំសត្វសុនខ ខណៈដែលពួកគេទៅខេត្តឆ្ងាយ ឬបបួលកូនទៅអានសៀវភៅ ឱ្យមនុស្សពិការភ្នែកស្ដាប់ ជាដើម។ ការដែលអ្នកលះបង់ពេលវេលារបស់ខ្លួនទៅធ្វើរឿងផ្សេងៗដើម្បីអ្នកដទៃយ៉ាងស្ម័គ្រចិត្ត និងមានសេចក្ដីសុខបែបនេះ មិនត្រឹមតែកូនៗនឹងមានមោទនភាពលើរូបអ្នកប៉ុណ្ណោះទេ តែគេនៅមើលឃើញថា អ្នកគឺជាគំរូនៃអំពើល្អទៀតផង។
សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន
ក្នុងពិភពនៃព័ត៌មាន និងការប្រកួតប្រជែងគ្នាដូចសព្វថ្ងៃនេះ វាអាចទៅរួចខ្លាំងណាស់ ដែលកូនៗនឹងមានអារម្មណ៍ថា ពិភពលោកជុំវិញខ្លួនគេពិតជាអាក្រក់ និងមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះអាណាព្យាបាល គួរតែដឹកនាំ ឱ្យកូនបានសម្លឹងឃើញរឿងល្អៗរបស់ពិភពលោកមួយនេះផង ឱ្យកូនមានអារម្មណ៍ថា ក្នុងពិភពលោកមួយនេះ នៅមានរឿងរ៉ាវល្អៗជាច្រើនទៀត មិនមែនមានតែភាពអាក្រក់ៗដែលយើងបានឮ និងឃើញតាមរយៈព័ត៌មានប៉ុណ្ណោះទេ។
យ៉ាងណាក៏ដោយ ការដែលលោកអ្នកចង់បង្រៀនឱ្យកូនសម្លឹងពិភពលោកក្នុងន័យវិជ្ជមានបាននោះ ឪពុកម្ដាយក៏ត្រូវតែសម្លឹងពិភពលោកក្នុងន័យវិជ្ជមានដូចគ្នា។ អ្វីដែលសំខាន់នោះគឺ បើលោកអ្នកចង់ឱ្យកូនធំឡើង ក្លាយជាមនុស្សបែបណា លោកអ្នកក៏ត្រូវធ្វើជាគំរូបែបនោះឱ្យទៅកូន ព្រោះទីបំផុតទៅ រូបកូនហ្នឹងឯង ដែលនឹងក្លាយជាផ្ទាំងកញ្ចក់ឆ្លុះបង្ហាញពីរូបពិតប្រាកដរបស់អ្នកចេញមក…ដូច្នេះ តើលោកអ្នក ចង់ឱ្យកូនធំឡើង ក្លាយជាមនុស្សបែបណា???៕