Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ផែនការហិរញ្ញវត្ថុសម្រាប់ជីវិតក្រោយអាពាហ៍ពិពាហ៍ ដើម្បីអនាគតដ៏ល្អ

ក្រោយការរៀបអាពាហ៍ពិពាហ៍ គឺការចាប់ផ្តើមជីវិតគូ ហើយក្នុងនោះមានរឿង១ ដែលគូស្វាមីភរិយាទាំងឡាយ មិនអាចចៀសរួច គឺរឿង “លុយកាក់” ព្រោះជីវិតគូ ភាគច្រើនតែងចាប់ផ្តើមរៀបចំផែនការសម្រាប់អនាគតរួមគ្នា ដែលមានទាំងការត្រៀមសម្លឹងរកមើលផ្ទះដើម្បីស្នាក់អាស្រ័យ រថយន្ត និងមានទាយាទសម្រាប់ស្នងត្រកូលជាដើម។ ដូច្នេះការរៀបចំផែនការចាត់ការប្រាក់ចំណូល-ចំណាយ គឺជារឿងសំខាន់ដែលត្រូវតែមានការសម្រេចចិត្តរួមគ្នា ដែលបើសិនជាទាំង ២នាក់ មានគោលការណ៍ក្នុងការចាត់ការរឿងនេះបានល្អហើយ វានឹងធ្វើឱ្យរឿងលុយកាក់ក្នុងគ្រួសារ កាន់មានភាពងាយស្រួលឡើងមិនខាន។

១-ពិចារណាពីស្ថានភាពលុយកាក់ក្នុងពេលបច្ចុប្បន្ន
ធ្វើកំណត់ត្រាប្រាក់ចំណូល និងការចាយវាយក្នុងគ្រួសារ ទាំងប្រាក់ខែ និងប្រាក់ចំណូលផ្សេងទៀត ហើយតាមដោយការចាយវាយ ទាំងថ្លៃឈ្នួលផ្ទះ ថ្លៃធ្វើដំណើរ ថ្លៃម្ហូបអាហារ ថ្លៃគ្រឿងឧបភោគបរិភោគផ្សេងៗ និងថ្លៃចាយវាយផ្ទាល់ខ្លួនជាដើម។ ប្រយោជន៍នៃការធ្វើកំណត់ត្រានេះ នឹងធ្វើឱ្យទាំង ២នាក់បានដឹងពីប្រាក់ចំណូល និងប្រាក់ចំណាយទាំងអស់រួមគ្នា ដើម្បីឱ្យកើតមានការរៀបផែនការតទៅទៀតថា តើនឹងត្រូវទទួលខុសត្រូវ រួមគ្នាបែបណា?

២-កសាងអនាគតរួមគ្នា
ការកសាងគោលដៅនៅថ្ងៃខាងមុខរួមគ្នា នឹងធ្វើឱ្យទាំង ២នាក់មានភាពក្លៀវក្លាស្វាហាប់ក្នុងការដើរទៅឱ្យដល់គោលដៅយ៉ាងតាំងចិត្ត ដូចជាការទិញផ្ទះ ទិញឡាន ការទៅដើរលេងកម្សាន្ត ការមានកូន និងការសិក្សារៀនសូត្ររបស់កូនជាដើម។ ក្រៅពីនេះ នៅត្រូវកំណត់រយ:ពេលទៀតផងថា តើគោលដៅដែលយើងចង់បាននោះ នឹងកើតឡើងនៅពេលណា? ព្រោះនៅពេលមានគោលដៅ និងរយ:ពេលកំណត់ដែលច្បាស់លាស់ហើយនោះ សឹមពិចារណាក្នុងការចាត់លំដាប់ថ្នាក់ផែនការលុយកាក់ជាក្រោយ។

៣-រៀបផែនការចាយវាយ និងសន្សំសំចៃរួមគ្នា
ពេលក្លាយជាគូជីវិតនឹងគ្នាហើយ ច្បាស់ជាស្គាល់ចិត្ត ស្គាល់និស្ស័យគ្នាច្បាស់មិនខាន អ្នកណាចូលចិត្តចាយ អ្នកណាចូលចិត្តសន្សំ ចេះទុកចេះចាយ តែភាគច្រើនខាងស្រី តែងមានភាពល្អិតល្អន់ និងប្រយ័ត្នប្រយែងជាងខាងប្រុស ដូច្នេះទើបមិនមែនជារឿងប្លែកឡើយ ដែលស្វាមីភរិយាជាច្រើនគូ ច្រើនលើកឱ្យខាងភរិយា ជាអ្នកមើលការខុសត្រូវរឿងលុយកាក់។ តែនឹងបានទៅដល់គោលដៅ ដូចផែនការដែលបានរៀបចំរួមគ្នា ឬក៏អត់នោះ វាអាស្រ័យលើផែនការចាយវាយរបស់អ្នកទាំង២ ហ្នឹងឯង។

ការពិតទៅ ការណែនាំខាងលើនេះ អាចមិនមែនជាវិធីដែលល្អឥតខ្ចោះបំផុតសម្រាប់គ្រប់គូស្វាមីភរិយាទាំងអស់នោះទេ ព្រោះ ១គូៗ តែងមានទង្វើខាងហិរញ្ញវត្ថុខុសប្លែកពីគ្នា គ្រាន់តែថា គោលការណ៍ទាំងអស់នេះ គឺជាវិធីសាស្ត្រដំបូង សម្រាប់នាំយកទៅពិចារណាកែច្នៃប្រើតែប៉ុណ្ណោះ ព្រោះអ្វីដែលសំខាន់បំផុតនោះ គឺការរិះរកវិធីដែលស័ក្តិសមបំផុតសម្រាប់គូស្វាមីភរិយារបស់ខ្លួនឯងទៅវិញទេ៕

×