កោះកុង ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ នេះគឺដើម្បីពង្រឹងនូវគោលជំហរ ស្មារតី សតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបកាន់តែច្បាស់នូវតួនាទីភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រប្រចាំឆមាស១ ឆ្នាំ២០១៨ ដល់កម្លាំងកងរាជអាវុធហត្ថ ខេត្តកោះកុង ។
ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង និងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុងជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើងពីសភាពវិវត្តន៍ថ្មីៗ សភាពការជាតិ សភាពការណ៍អន្តរជាតិ ពីច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា នីតិវិធីនៃដំណើរការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ តាមតំណាក់កាលនីមួយៗ ក្រមសីលធម៌ ច្បាប់លក្ខនិ្តកៈ និងបទវិន័យទូទៅរបស់ កងយោធពលខេមរភូមិន្ទ និងពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថមានតួនាទីភារកិច្ចក្នុងការថែរក្សា និងពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សង្គម។
កងរាជអាវុធហត្ថជាស្ថាប័នមួយ ដ៏ចំណាស់ ដែលកើតមានតាំងពីយូរណាស់មកហើយ មានជំនាញឯកទេស និងវិជ្ជាជីវៈ ហើយមានភារកិច្ចសំខាន់ៗចំនួនបួន គឺជានគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ រ៉ាប់រងសកម្មភាព ដែលមានលក្ខណៈពិសេសខាងយោធា និងផ្តល់កម្លាំងទៅជួយក្រសួង ស្ថាប័ននានាតាមការស្នើសុំជាចាំបាច់ ហើយក្រៅពីភារកិច្ចនេះកងរាជអាវុធហត្ថមានបេសកកម្មសំខាន់ចំនួនបីគឺ បង្ការ បង្ក្រាប និងសង្គ្រោះ ។ លោកឧត្តមសេនីយ៍ត្រី ក៏បានជំរុញឱ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តកោះកុងទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ចរាចរណ៍ គោរពបទបញ្ជា គោរពការចាត់តាំង និងត្រូវបន្តរៀនសូត្របន្ថែមពីច្បាប់ ដើម្បីបង្កើននូវចំណេះដឹង ព្រមទាំងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីគ្រួសារនិងអង្គភាព និងត្រូវយកការផ្សព្វផ្សាយនាពេលនេះ ទៅផ្សព្វផ្សាយបន្តដល់អ្នកដែលមិនបានចូលរួមផងដែរ និងត្រូវចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ៕ ដោយ ៖ បញ្ញាស័ក្តិ