ភ្នំពេញ ៖ បុរសជាបើកបររថយន្តកុងតឺន័រ ម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ខណៈបុរសរងគ្រោះរូបនេះ កំពុងតម៉ូទ័របូមទឹកដោយមិនបាន ដកឌុយខ្សែភ្លើងចេញ ហើយក៏ត្រូវខ្សែភ្លើងឆក់ប្រកាច់នៅហ្នឹងកន្លែង និងបានដាច់ខ្យល់ស្លាប់តាមផ្លូវ ពេលដឹកយកទៅសង្រោះតាមរថយន្តកូរ៉េទៅកាន់មន្ទីរពេទ្យសម្ភពឡាំប៊ុនថន។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅព្រឹកទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងយានដ្ឋានជួសជុលរថយន្ត ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលដែលចុះមកកាន់កន្លែងកើតហេតុ បានឲ្យដឹងថា សពបុរសរងគ្រោះខាងលើឈ្មោះ អ៊ុង សុខឿន អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្ត មានទីលំនៅក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សព្វថ្ងៃស្នាក់កន្លែងកើតហេតុខាងលើ ចំណែកបុរសម្នាក់ទៀត មិនស្គាល់ឈ្មោះ ត្រូវចរន្តអគ្គិសនីឆក់ដែរ ប៉ុន្តែមិនស្លាប់រងរបួសស្រាលប៉ុណ្ណោះ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ បុរសខាងលើ បានជួសជុលម៉ូទ័រ សម្រាប់បូមទឹក បាញ់លាងរថយន្ត ព្រោះតែម៉ូទ័រនោះ ចេញទឹកតិចពេក។ តែពេលជួសជុល មិនបានដកឌូយចេញ ពីព្រី ឬបិទកុងតាក់ជាមុនសិនទេ ហើយក៏មិនបានដឹងថាម៉ូទ័រនោះ ឆ្លងចរន្តភ្លើងដែរ។ ខណៈដែលគាត់យកដៃទៅកាន់ម៉ូទ័រនោះ ក៏ស្រាប់តែត្រូវបានចរន្តអគ្គិសនី ឆក់ បណ្ដាលឲ្យដួលដេក នៅនឹងកន្លែង ។ ចំណែកបុរសដែលជាអ្នករួមការងារម្នាក់ទៀតរបួសស្រាល។ បន្ទាប់មកមិត្តភក្ដិរួមការងារ បានរត់ទៅដកឌូយចេញ ព្រមទាំងដឹកយកបុរសនោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសល បានចម្ងាយប្រមាន៣គីឡូម៉ែត្រ មិនទាន់ដល់ពេទ្យផង គាត់ក៏បានដាច់ខ្យល់ស្លាប់ ទើបដឹកសពត្រឡប់ក្រោយវិញ ហើយរាយការណ៍ជូន នគរបាលឲ្យចុះទៅពិនិត្យ ដើម្បីយកសព ទៅធ្វើបុណ្យនៅស្រុកកំណើត៕ ដោយ ៖ បញ្ញាស័ក្តិ