Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ និស្ស័យ ៦យ៉ាង ដែលធ្វើឱ្យអាយុវែង តើអ្នកមានគ្រប់ចំណុចឬទេ?

 ពេលណាបានឮថា មានលោកតា-លោកយាយណាម្នាក់មានអាយុវែងជាង ១០០ឆ្នាំ សារព័ត៌មាននានា បាននាំគ្នាទៅសម្ភាស សួរនាំអំពីវិធីការមើលថែទាំខ្លួនរបស់គាត់ជាច្រើន ព្រោះថា មនុស្សយើងគ្រប់គ្នា សុទ្ធតែចង់មានជីវិតរស់នៅលើពិភពលោកនេះ ឱ្យបានយូរជាទីបំផុត តាមដែលអាចយូរបាន តែក្រៅពីការមើលថែទាំសុខភាពរាងកាយរបស់ខ្លួនឯង ឱ្យនៅតែល្អហើយនោះ លទ្ធផលនៃការស្រាវជ្រាវវិភាគមួយ បានបញ្ជាក់ប្រាប់ទៀតថា ទង្វើរបស់ខ្លួនយើងផ្ទាល់ ក៏មានចំណែកធ្វើឱ្យយើងមានអាយុវែងបានដែរ និងថែមទាំងជួយឱ្យយើងមានជីវិតរស់នៅសុខសប្បាយនៅពេលចាស់ទៅទៀតផង។

ចំណែកឯលក្ខណៈនិស្ស័យ ដែលធ្វើឱ្យយើងអាយុវែង មានអ្វីខ្លះនោះ សូមតាមដានស្ដាប់ដូចតទៅ…

 ១-មានសតិស្មារតី មានភាពហ្មត់ចត់ និងភាពប្រយ័ត្នប្រយែង 
  ក្នុងឆ្នាំ២០១៧ សៀវភៅ The Longevity Project បានធ្វើការស្រាវជ្រាវពិនិត្យនៅលើមនុស្សដែលមានអាយុលើស ៨០ឆ្នាំ ហើយបានរកឃើញថា អ្នកដែលមានលក្ខណៈនិស្ស័យហ្មត់ចត់ល្អិតល្អន់ រស់នៅប្រកបដោយសតិបញ្ញា នឹងមានអាយុកាន់តែវែងឡើង ដោយអ្នកស្រាវជ្រាវបានចង្អុលបង្ហាញតទៀតថា បុគ្គលភាព និងលក្ខណៈនិស្ស័យកាលពីវ័យកុមារ អាចប្រាប់ពីអំឡុងពេលនៃជីវិតរបស់មនុស្សយើងបាន។ មនុស្សដែលស្ថិតក្នុងវ័យកំលោះ-ក្រមុំណា ដែលរស់នៅយ៉ាងមានសតិស្មារតី មានភាពហ្មត់ចត់ និងមានភាពទទួលខុសត្រូវលើខ្លួនឯង ច្រើនតែមានអាយុវែងជាងគេបំផុត ដោយសារតែមនុស្សដែលមានលក្ខណៈនិស្ស័យបែបនេះ ចេះមើលថែទាំជីវិតខ្លួនឯងបានយ៉ាងល្អ និងចេះចៀសគេចពីភាពប្រថុយប្រថានក្នុងជីវិតទៀតផង។

  ២-អារម្មណ៍ល្អ និងងាយសើច
 អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ “យេស៊ីវ៉ា” បានធ្វើការពិសោធពីរឿងការមានអាយុវែងនេះដោយការតាមដានសង្កេតមើលពីទង្វើរបស់ក្រុមមនុស្សចាស់ៗ ហើយបានរកឃើញថា មនុស្សវ័យចំណាស់ភាគច្រើន ច្រើនតែមានអារម្មណ៍ល្អ និងជាមនុស្សងាយអស់សំណើច ហើយអ្នកដែលមានអាយុលើស ១០០ឆ្នាំ ជាង ២០០នាក់ ក៏មាននិស្ស័យឆាប់អស់សំណើចបែបនេះដូចគ្នាដែរ ធ្វើឱ្យគេល្មមអាចវាយតម្លៃបានថា អាការងាយញញឹម និងងាយសើចនេះ គឺជាគុណសម្បត្តិលេចធ្លោមួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីទស្សនគតិដ៏ល្អរបស់បុគ្គលម្នាក់នោះ និងការរស់នៅប្រកបដោយទស្សនគតិដែលល្អ ធ្វើឱ្យអារម្មណ៍ និងផ្លូវចិត្តភ្លឺថ្លាស្រឡះ ដែលនឹងទៅពាក់ព័ន្ធនឹងសុខភាពក្នុងចំណុចល្អៗជាច្រើនទៀតផង។

  ៣-មានទំនាក់ទំនង និងអំណោយទានល្អ
  លទ្ធផលនៃការវិភាគស្រាវជ្រាវ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី PloS Medicine កាលពីឆ្នាំ២០១៨ បានបង្ហាញឱ្យឃើញថា ក្រុមមនុស្សដែលមានទំនាក់ទំនងល្អ និងមានអំណោយទានល្អ អាចមានអាយុវែងឡើង រហូតដល់ ៥០% ដោយបានអធិប្បាយថា ការចងសម្ព័ន្ធភាពរវាងបុគ្គល មិនមែនមានផលប្រយោជន៍តែខាងផ្នែកផ្លូវចិត្តរបស់យើងប៉ុណ្ណោះទេ តែនៅមានផលប្រយោជន៍ល្អៗខាងផ្នែកសុខភាពរាងកាយទៀតផង ព្រោះការបានចេញទៅចូលក្នុងសង្គមដែលសម្បូរបែប នឹងធ្វើឱ្យយើងទទួលបានទស្សនៈថ្មីៗ បានដឹងពីព័ត៌មាន និងសារៈសំខាន់ផ្សេងៗ និងថែមទាំងបានរួមផ្លាស់ប្តូរអារម្មណ៍រវាងគ្នាទៅវិញទៅមកទៀតផង។

  ៤-សម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យវិជ្ជមាន
 មនុស្សដែលមានលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អ ក៏មានសញ្ញាថា នឹងមានអាយុវែងដូចគ្នាដែរ ដោយអ្នកវិភាគបានធ្វើការអធិប្បាយគាំទ្រលទ្ធផលនៃការវិភាគរបស់ពួកគេថា បុគ្គលភាព និងលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អ នឹងធ្វើឱ្យយើងមានទស្សនគតិបែបវិជ្ជមាន ហុចផលឱ្យផ្លូវចិត្ត និងសុខភាពរាងកាយ បានទទួលប្រយោជន៍ផងដែរ។

  ៥-មានសេចក្តីសុខជាប់ជានិច្ច
  គេនិយាយថា មនុស្សដែលមានសេចក្តីសុខ ក៏មានផ្លូវចិត្តភ្លឺថ្លាដែរនោះ គឺជារឿងពិត។ មនុស្សអាយុច្រើនដែលមានសេចក្តីសុខជាប់ជានិច្ច មានអត្រានៃការស្លាប់ថយចុះ ៣៥% ឬមានអាយុវែងឡើងទៀត ៥ឆ្នាំ។  អ្នកវិភាគស្រាវជ្រាវ បានវាយតម្លៃលើមនុស្សអាយុច្រើន ជាង ៣ ០០០នាក់ ដោយបានធ្វើការសង្កេតអត្រាសេចក្តីសុខរបស់ពួកគេពេញ ១ថ្ងៃ និងទន្ទឹងរង់ចាំមើលលទ្ធផលនៃការវិភាគ ៥ឆ្នាំតមកទៀត។ ទីបំផុតលទ្ធផលនៃការវិភាគស្រាវជ្រាវនោះ បានធ្វើឱ្យពួកគេនឹកស្ងើចក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្តីសុខ អាចធ្វើឱ្យក្រុមមនុស្សចាស់ទាំងនោះ មានអាយុកាន់តែវែងឡើងបានប្រាកដមែន សូម្បីតែអ្នកដែលកំពុងមានជំងឺរ៉ាំរ៉ៃ ក៏នៅអាចប្រគងជីវិតខ្លួនឯង ឱ្យរស់បាន ៥ឆ្នាំទៀតដែរ។

     ៦-ចូលចិត្តចូលរួមក្នុងសង្គម
    នៅឆ្នាំ២០១៨ លទ្ធផលនៃការស្រាវជ្រាវ ១ទៀត ត្រូវបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីមនុស្សចាស់ របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា អ្នកដែលមានអាយុវែងលើស ១០០ឆ្នាំ ភាគច្រើន ច្រើនតែមានទង្វើចូលចិត្តចូលរួមក្នុងសង្គម នឹងមានអត្រាប្រថុយនឹងការកើតរោគសរសៃប្រសាទតិចជាទីបំផុត និងមានភាពស្ថិតស្ថេរនឹងនរខាងអារម្មណ៍ខ្ពស់ ធ្វើឱ្យចេះចាត់ការនឹងសភាវធុញថប់តានតឹងបានល្អ ជាងអ្នកដែលចូលចិត្តតែសម្ងំខ្លួនមិនចូលចិត្តចេញក្រៅ៕
Senior man old sitting and Reading a book at the retirement nursing home with cup of tea in hand
×