នារីឆ្លាតវៃក្នុងរឿងស្នេហា ត្រូវតែស្គាល់បុរសក្នុងច្រើនទស្សនៈផ្សេងៗគ្នា តែ អ្វីដែលត្រូវស្គាល់ឱ្យច្បាស់មុនគេបំផុតនោះគឺ ចិត្តរបស់នារីយើងខ្លួនឯងហ្នឹងតែម្ដង ស្គាល់ពីសក្តានុពល និងគុណតម្លៃរបស់ខ្លួនឯងឱ្យច្បាស់ ដឹងថាគួរលះបង់ចិត្តរបស់ខ្លួនឯងប៉ុនណា? និងសមល្មមនឹងបានទទួលក្តីស្នេហាមកវិញប៉ុនណា?…ថ្ងៃនេះ យើងមានគន្លឹះល្អៗ ដែលនារីៗសម័យថ្មីដូចយើងត្រូវតែស្គាល់ គួរតែដឹង មកជម្រាបជូន…
១-ដឹងថា…ត្រូវស្គាល់ពីគុណតម្លៃរបស់ខ្លួនឯង
នៅពេលមានគូស្នេហ៍ ចេះកែសម្រួលខ្លួន ជាពិសេសលើផ្នែកដែលធ្វើឱ្យគូស្នេហ៍របស់អ្នក មានសេចក្តីសុខ តែគួរស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងផង ព្រោះបើអ្នកផ្លាស់ប្តូរខ្លួនឯងគ្រប់យ៉ាងអស់រលីង ក្លាយជានារីម្នាក់ផ្សេង ដែលគូស្នេហ៍លែងស៊ាំធ្លាប់ជាមួយនោះ គេនឹងអស់ចំណាប់អារម្មណ៍ពីអ្នកបន្តិចម្តងៗមិនខាន។ ដូច្នេះយើងចង់ប្រាប់ថា អ្នកគួរស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងផង ដើម្បីរក្សាភាពជាខ្លួនឯង ដែលគូស្នេហ៍របស់អ្នកធ្លាប់ស្រឡាញ់អ្នក។
២-ដឹងថា…សិចមិនមែនជារឿងងាយ និងចេះតែធ្វើបាននោះទេ
នៅពេលជួបបុរសម្នាក់ដែលអ្នកគិតថា គឺម្នាក់ហ្នឹងហើយ ដែលអ្នកត្រូវការ និងទោះជាអ្នកលង់ស្នេហ៍គេប៉ុនណា ឬមិនថាសម្ព័ន្ធភាពនឹងដំណើរការតទៅមុខទៀតយ៉ាងណាក៏ដោយ តែកុំភ្លេចថា មនុស្សប្លែកមុខ គឺនៅតែជាមនុស្សប្លែកមុខដដែល។ ទោះជាប្រវត្តិផ្ទាល់ខ្លួនរបស់គេ ល្អយ៉ាងណាក៏ដោយ តែអ្វីដែលច្បាស់ប្រាកដនោះគឺ អ្នកគ្មានឱកាសដឹងថា តើគេមានជំងឺឆ្លងខាងផ្លូវភេទ ឬក៏អត់នោះទេ។ ដូច្នេះយើងចង់ប្រាប់ថា មិនចាំបាច់ដល់អ្នកត្រូវតែមានអីៗជាមួយគេនោះឡើយ បើអ្នកនៅមិនទាន់បានត្រៀមខ្លួនរួចជាស្រេចលើគ្រប់ផ្នែកទេនោះ និងសំខាន់បំផុតគឺ យើងត្រូវចេះស្រឡាញ់មនុស្សប្រុស ដោយមិនចាំបាច់មានសិចឱ្យបាន។
៣-ដឹងថា…បុរសដ៏សែនល្អ មិនចាំបាច់ត្រូវតែរូបសង្ហានោះទេ
បើបុរសម្នាក់នោះ ធ្វើឱ្យអ្នកមានសេចក្តីសុខ កក់ក្តៅ សើចសប្បាយ មានចំណង់ចំណូលចិត្តដូចគ្នាច្រើនយ៉ាង និងថែមទាំងឆ្លាតវាងវៃទៀតផង តែ បែរជាមានរូបរាងមិនសង្ហាសោះនោះ សូមនារីៗយើងទាំងឡាយសាកល្បងទៅដើរសង្កេតមើលនៅតាមហាងផ្សារទំនើបចុះថា បុរសៗដែលមកដើរទិញទំនិញជាមួយក្រុមគ្រួសារ ឬលេងជាមួយកូនៗនៅតាមឆ្នេរសមុទ្រ សួរថា តើហ្វាមីលីមែន (Family man) ទាំងនោះ មានរូបសង្ហា ស្អាតដូចតារាបង្ហាញម៉ូដដែរឬទេ? ផ្ទុយទៅវិញ គឺបុរសដែលអ្នកកំពុងពេញចិត្ត និងនៅជាមួយហើយមានសេចក្ដីសុខកក់ក្ដៅហ្នឹងហើយ ដែលស័ក្តិសមធ្វើជាមេគ្រួសារដ៏ល្អបំផុតរបស់អ្នក។
៤-ដឹងថា…ការងារផ្ទះ មិនមែនសម្រាប់តែនារីៗទេ
សម្ព័ន្ធភាពនឹងយូរអង្វែងទៅបាន ត្រូវអាស្រ័យលើមនុស្ស ២នាក់មានតួនាទីរួមគ្នា។ បច្ចុប្បន្នស្រ្តីមិនត្រូវបានកំណត់ឱ្យធ្វើការនៅតែក្នុងផ្ទះទៀតទេ និងដឹងពីវិធីបែងចែកការងារក្នុងផ្ទះ ឱ្យអាចធ្វើបានរួមគ្នាទាំង ២នាក់ដោយមិនខូចអារម្មណ៍ទៀតផង ហើយដឹងថា បុរសដែលចេះធ្វើការងារក្នុងផ្ទះ គឺជាបុរសដែលសិចស៊ី និងគួរឱ្យស្រឡាញ់បំផុត។
៥-ដឹងថា…គូស្នេហ៍មិនមែនជាអ្នកបម្រើទេ
ការពិតទៅ បុរសដែលមានភាពទទួលខុសត្រូវខ្ពស់ គេមិនចូលចិត្តនារីដែលទន់ជ្រាយ និងជាអ្នកចុះញ៉មគេរហូត ឬខ្លាចចិត្តអ្នកដទៃ រហូតដល់មិនចេះបដិសេធអ្នកណានោះឡើយ ដូច្នេះយើងត្រូវចេះបដិសេធ និងឆ្លើយតបទៅវិញខ្លះផង។ ការបដិសេធចំណុចទាមទាររបស់អ្នកដទៃខ្លះ វាមិនមែនជារឿងអាក្រក់នោះទេ តែជាការបង្ហាញពីឆន្ទៈរបស់យើង៕