ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ការសម្រេចឲ្យបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទ B លើកុមារ ដោយសារតែប្រទេសកម្ពុជា បានផ្ដល់វ៉ាក់សាំងថ្លើមប្រភេទ B ដល់កុមារ គ្របដណ្ដប់បាន៩៨ភាគរយ លើសគោលដៅកំណត់របស់អង្គការសុខភាពពិភពលោក ដែលមានត្រឹមតែ ៩៥ភាគរយនេះជាផ្នែកមួយដែលជួយ ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។
ថ្លែងក្នុងសន្និសីទកាសែត ដែលធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះលោកសាស្ដ្រាចារ្យរដ្ឋមន្ត្រីសុខាភិបា បានបញ្ជាក់ទៀតថា ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា បានសម្រេចគោលដៅជាតិ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ ដែលជួយកាត់បន្ថយអត្រាឈឺ និងស្លាប់របស់កុមារ ដែលរួមចំណែកធ្វើឲ្យកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្ដប់សេវាសុខភាពជាសកល និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣ ។
ប្រទេសកម្ពុជា បានសម្រេចគោលដៅជាតិ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច លើការផ្ដល់ថ្នាំបង្ការចំនួន៣ ដែលបានកំណត់ដោយកិច្ចប្រជុំគណៈកម្មាធិការថ្នាក់តំបន់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រួមមាន ការលុបបំបាត់ជំងឺកញ្ជ្រិល ជំងឺតេតាណូស ម្ដាយ និងទារក ដែលសម្រេចបាននៅឆ្នាំ២០១៥ រួមនឹងការសម្រេចគោលដៅ ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ នៅក្នុងឆ្នាំ២០១៨នេះ។
លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា នៅឆ្នាំ២០១៧កន្លងមកនេះ ក្រសួងបានផ្ដល់ថ្នាំបង្ការថ្លើមប្រភេបេ ក្រោមកុមារអាយុ១ឆ្នាំប្រមាណ ៣៤៨.៨៦០នាក់ និងកុមារក្រោម៥ឆ្នាំ មានចំនួន ១.៧២៥.៦១០នាក់ ។ លោកស្រី បានលើកឡើងថា ឆ្នាំ២០១៨នេះ នឹងផ្ដល់វ៉ាក់សាំងប្រភេទបេនេះ ដល់កុមារគ្របដណ្ដប់១០០ភាគរយតែម្ដងតាមរយៈការស្វែងរកកុមារ ដែលនៅក្នុងតំបន់ងាយរងគ្រោះ និងដើរចាក់បង្គ្រប់លើកុមារ ដែលមិនបានទទួលទៅតាមកម្មវិធីរបស់ក្រសួង។
លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកិច្ចខិតខំប្រឹងប្រែង អស់រយៈពេលមួយទសវត្សរ៍ ដើម្បីសម្រេចបាននូវគោលដៅ ប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ(B) នេះ។ ការសម្រេចបានគោលដៅ ប្រយុទ្ធនឹងជំងឺនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា និងបង្ហាញថា ការផ្ដល់ថ្នាំបង្ការ ជាវិធានការបង្ការ ដ៏មានប្រសិទ្ធភាពបំផុតហើយការរក្សាបាន នូវអត្រាគ្របដណ្ដប់ នៃការផ្ដល់ថ្នាំបង្ការ ឲ្យនៅខ្ពស់ អាចកាត់បន្ថយអត្រាជំងឺបាន។ជំហ៊ានបន្ទាប់របស់យើង គឺត្រូវពង្រឹងផ្ដល់ថ្នាំបង្ការជាប្រចាំ ធានាឲ្យមានវ៉ាក់សាំង នៅគ្រប់កម្រិត រក្សានិងបង្កើនអត្រាគ្របដណ្ដប់វ៉ាក់សាំងការងារ ជំងឺរលាកថ្លើមប្រភេទបេ ដូសពេលកើត នឹងត្រូវលុបបំបាត់ ជំងឺរលាកថ្លើមគ្រប់ប្រភេទ A, B, C, D, E នៅឆ្នាំ២០៣០ខាងមុខ ។
ព្រមជាមួយគ្នានោះ លោកស្រី Natascha Paddison នាយិការរង អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានថ្លែងថា ជំងឺរលាកថ្លើមប្រភេទ B អាចការពារបានតាមរយៈការផ្ដល់វ៉ាក់សាំង ទាន់ពេលវេលា ដោយចាប់ផ្ដើមពីការផ្ដល់វ៉ាក់សាំង ទាន់ពេលវេលា ដោយចាប់ផ្ដើមពីការផ្ដល់វ៉ាក់សាំង រយៈពេល២៤ម៉ោង ក្រោយកើត។ កម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ រលាកថ្លើមប្រភេទBហើយយើងនឹងបន្ដធ្វើការយ៉ាងជិតសិ្នទ្ធជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកក្នុងការគាំទ្រ ដល់កម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការ ធានាវ៉ាក់សាំង ត្រូវបានផ្ដល់ដោយកុមារទាំងអស់ ហើយកុមារទាំងអស់ ត្រូវបានផ្ដល់ឱកាសរស់រានមានជីវិត រួចផុតពីជំងឺ ដែលអាចការងារបាន ដោយការផ្ដល់វ៉ាក់សាំង ៕ ដោយ ៖ បញ្ញាស័ក្តិ