នេះគឺជាខណៈពេលដ៏សាហាវផ្សៃព្រៃមួយ ដែលបុរសម្នាក់បានដកកាំភ្លើងខ្លី បានប្រហារអតីតមិត្តស្រីរបស់ខ្លួន១គ្រាប់ចំទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ ស្ថិតនៅខាងក្រៅសយនដ្ឋានសកលវិទ្យាល័យរបស់នាង កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសថៃ ។
យោងតាមកាសែត Mirror បានចុះផ្សាយឲ្យដឹងថា ជនសង្ស័យជាអតីតមិត្តប្រុសរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Pukkapong Chittarom មានអាយុ ២៤ឆ្នាំ។ ចំណែកឯ នារីរងគ្រោះជាសង្សារវិញ មានឈ្មោះ Nachareeya Thaprajit អាយុ ២១ឆ្នាំ ជានិស្សិតស្រីឆ្នាំទី៣ ផ្នែកធុរកិច្ច នៃសាកលវិទ្យាល័យ Suan Sunandha Rajabhat University ។ មុនពេលកើតហេតុ Pukkapong Chittarom បានទៅរក Natchareeya Thaprajit ស្ថិតនៅក្បែរផ្ទះរបស់នាង នៅក្នុងទីក្រុងបាងកក ។
អ្នកទាំងពីរត្រូវបានដឹងថា បានស្គាល់គ្នាអស់រយៈពេលប្រហែល ៥ ឆ្នាំ មកហើ ប៉ុន្តែ ពួកគេបានមានបញ្ហាទាស់ទែងគ្នា រហូតឈានដល់ខាងស្រីសុំបែកនាពេលថ្មីៗនេះ ។
ជនសង្ស័យត្រូវបានឃើញក្នុងវីដេអូកាមេរ៉ាឃ្លាំមើល កំពុងរង់ចាំនៅខាងក្រៅសយនដ្ឋានរបស់នាង មុនពេលនាងបង្ហាញខ្លួនជាមួយមិត្តរួមថ្នាក់របស់នាងម្នាក់ នៅវេលាម៉ោង ១១ និង ៣០ នាទី ។
Thaprajit កំពុងធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់នាង នៅសកលវិទ្យាល័យ Suan Sunandha Rajabhat និងបានឈប់នៅពេលនាងបានឃើញអតីតសង្សាររូបនេះស្រែកហៅ ។
ប៉ុន្តែ នាងបដិសេធនិយាយស្តីជាមួយគាត់ ហើយខណៈនាងបន្តដំណើរ ស្រាប់តែអតីតសង្សាររូបនេះផ្ទុះកំហឹងដកកាំភ្លើងបាញ់គំរាម១គ្រាប់ ។ ប៉ុន្តែ ខណៈនាងនៅតែរឹងទទឹងនឹងសំណើររបស់ខ្លួន បុរសនេះក៏សម្រេចបាញ់នាងចំកណ្តាលដើមទ្រូង១គ្រាប់ទៀត បណ្តាលឲ្យដួលស្លាប់ភ្លាមៗតែម្តង ។
បន្ទាប់ពីបាញ់ប្រហារអតីតសង្សាររួច Pukkapong ក៏បានអង្គុយឱបសពរបស់នាង និងយកកាំភ្លើងភ្ជង់មាត់ខ្លួនឯង រួចបាញ់ក្នុងបំណងសម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែ នៅមានជីវិត ។
ក្រោយហេតុការណ៍ដ៏សាហាវបានកើតឡើង ប៉ូលីសក៏បានចុះមកពិនិត្យ និងរកឃើញថានាង Natchareeya បានស្លាប់បាត់បង់ជីវិតទៅហើយ ។ Pukkapong ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសត្រូវគ្រាប់កាំភ្លើងរបស់ខ្លួនទម្លុះថ្ពាល់ ។
មិត្តភក្តិរបស់ Natchareeya ដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះផ្ទាល់ បាននិយាយថា៖ «ពួកគេទាំងពីរបានស្គាល់គ្នាអស់រយៈពេល ៤, ៥ ឆ្នាំ មកហើយ ប៉ុន្តែ ថ្មីៗនេះ ពួកគេកើតមានជម្លោះនឹងគ្នាមួយរហូត Natchareeya សុំបែកជាមួយគាត់» ។
«ខ្ញុំបានឃើញ Pukkapong បាញ់នាងនៅចំពោះមុខខ្ញុំតែងម្តង» ។
«នៅពេលខ្ញុំបានឃើញគាត់បាញ់នាង ខ្ញុំបានរត់ចេញ» ៕ ឧត្តម