ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជន ជ័យលាភីម្នាក់ទៀតហើយ ដែលបានប្រើប្រាស់ កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែឧសភា ឆ្នាំ២០១៨ គឺបានទៅលើលោក ជ័យ តុលា ដែលរស់នៅរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្មវិធីព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័តនេះ បានផ្តល់ចំណេះដឹង ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងព័ត៌មាន នៃការផ្តល់សេវាសាធារណៈ ក៏ដូចជាសកម្មភាព របស់ថ្នាក់ដឹកនាំក្រសួង ដល់ប្រជាពលរដ្ឋផងដែរ។ ជាពិសេស ប្រជាជន អាចប្រើប្រាស់កម្មវិធីនេះ សម្រាប់ទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗ មកកាន់ក្រសួង ហើយមន្ត្រីរាជការរបស់ក្រសួង នឹងធ្វើការឆ្លើយតបបញ្ហា ឬចម្ងល់ទាំងនោះ ឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះបេក្ខជនជ័យលាភី ដែលបានតាមដាន និងគាំទ្រសកម្មភាពនានា របស់ក្រសួងពាណិជ្ជកម្ម តាមរយ:ការចុច Like និងចែករំលែកព័ត៌មាន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់សាធារណជន ធ្វើការទាញយកកម្មវិធីព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឲ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់ លើកទឹកចិត្តគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កម្មវិធីព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយ នៃយុទ្ធសាស្ត្រទំនាក់ទំនង សារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ទៅដល់ដៃសាធារណជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លើសពីនោះទៀត កម្មវិធីនេះ ក៏បម្រើការងារជាស្ពាន សម្រាប់តភ្ជាប់ទំនាក់ទំនង និងព័ត៌មាន រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្មផងដែរ។
កម្មវិធីព័ត៌មាន ក្រសួងពាណិជ្ជកម្ម អាចទាញយកមកប្រើប្រាស់បាន ដោយគ្រាន់តែចូលទៅកាន់កម្មវិធី App Store (IOS) ឬ Play Store (Android) រួចស្វែងរកពាក្យ Ministry of Commerce Cambodia ឬអាចចុចទៅលើ Link ដើម្បីធ្វើការដោនឡូត និងដំឡើងជាការស្រេច៕ ដោយ ៖ បញ្ញាស័ក្តិ