ភ្នំពេញ៖ អង្គការJICA និងធនាគារពិភពលោក បានផ្តល់ការគាំទ្រយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូន និងការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា។ ជាមួយនឹងគម្រោងនេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ស្តីពីការអភិវឌ្ឍផែនការមេ ភស្តុភារកម្មនៅកម្ពុជា ត្រូវបានធ្វើឡើង។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញរបាយការណ៍បឋមមួយ ដែលរៀបចំឡើងដោយអង្គការJICA និងធនាគារពិភពលោក ស្តីពីការអភិវឌ្ឍផែនការមេភស្តុភារកម្ម និងដើម្បីបញ្ជាក់អំពី គោលដៅយុទ្ធសាស្ត្រ និងបញ្ជីឈ្មោះគម្រោងរយៈពេលខ្លី ប្រកបដោយសក្កានុពល ដែលកំណត់ឡើង ដោយក្រុមជំនាញការ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់បណ្តាញផ្លូវថ្នល់ ការធ្វើឱ្យប្រសើរឡើង ផ្លូវដែកពីក្រុងភ្នំពេញ-ក្រុងព្រះសីហនុ ការស្តារផ្លូវដែកភាគខាងជើងភ្នំពេញ- ប៉ោយប៉ែត ការសាងសង់ផ្លូវរថភ្លើង ដឹកអ្នកដំណើរ ពីទីក្រុងទៅកាន់ព្រលានយន្តហោះ ការតភ្ជាប់ផ្លូវរថភ្លើង ពីភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត (AGT) នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានពិភាក្សាផងដែរ អំពីផែនការឆ្នាំ២០១៧ទាក់ទងនឹង នីតិវិធីគ្រប់គ្រងការជួសជុល និងថែទាំ ដើម្បីលើកកម្ពស់គុណភាពផ្លូវថ្នល់ ក៏ដូចជាផែនការតភ្ជាប់ផ្លូវ រថភ្លើងពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ព្រលានយន្តហោះ។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញ ពីសារសំខាន់ នៃការទាញយកសក្កានុពល ពីការប្រើប្រាស់បណ្តាញផ្លូវទឹក ឱ្យបានល្អបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណាយលើការដឹកជញ្ជូន៕ ដោយ៖បញ្ញាស័ក្តិ