បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ថ្មីៗនេះ បានបញ្ចុះសពឪពុករបស់ខ្លួនក្នុងរថយន្ត BMW ថ្មីមួយគ្រឿង ជំនួសឲ្យក្តារមឈូសធម្មតា ដោយសារថា ពេលនៅរស់ឪពុករបស់គាត់តែងស្រមៃ ចង់បានរថយន្ត BMW មួយគ្រឿងជិះ តែគាត់ពុំទាន់ទិញជូនឪពុកទាន់ពេល ។
បានដឹងថា កូនប្រុស “កត្តញូ” រូបនេះមានឈ្មោះថា Azubuike ។ ក្រោយពេលឪពុកស្លាប់ដោយវ័យជរានៅភូមិដាច់ស្រយាលមួយនៅនីហ្សេរីយ៉ា , Azubuike បានប្រញាប់ទៅកាន់ហាងលក់ឡាន ដើម្បីទិញរថយន្តថ្មីស្រឡាងមួយគ្រឿងជូនឪពុក ក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ ទុកដូចជាកាដូនាំឪពុកទៅពិភពថ្មី ។
ទង្វើរបស់កូនប្រុស “កត្តញូ” រូបនេះភ្លាមៗនោះបានទទួលទាំងពាក្យសរសើរ និងរិះគន់ពីមនុស្សជាច្រើន ។ ទន្ទឹមនឹងមានអ្នកសរសើរ Azubuike ថាជាកូនដ៏កត្តញូ ក៏មានអ្នករិះគន់ពីភាពខ្ជះខ្ជាយរបស់គាត់ ដោយចាត់ទុកថា “ប្រសិនអ្នកមានប្រាក់ចូរទិញរបស់ឲ្យឪពុកម្តាយពេលគាត់នៅរស់ ពេលគាត់ស្លាប់បាត់ទៅហើយ ទោះរបស់មានតម្លៃអ្វីក៏គ្មានន័យសម្រាប់គាត់ដែរ” ។
នេះពុំមែនជាលើកដំបូងមានសាកសពមនុស្សត្រូវបានបញ្ចុះក្នុងរថយន្តឡើយ ។ នៅឆ្នាំ ២០១៥ មហាសេដ្ឋីនីហ្សេរីយ៉ាមួយរូបក៏បានបញ្ចុះសពម្តាយរបស់ខ្លួនក្នុងរថយន្ត Hummer ថ្មីស្រឡាងមួយគ្រឿង ។ ហើយកាលពីដើមខែនេះ នៅប្រទេសចិន សពបុរសម្នាក់ក៏ត្រូវបានកូនចៅបញ្ចុះក្នុងរថយន្ត Huyn Dai ចាស់មួយគ្រឿង ដោយសារនេះជាបំណងប្រាថ្នា មុនពេលស្លាប់របស់លោក ៕ លីសា